ខេត្តព្រះវិហារ៖ កំណាត់ផ្លូវជាតិលេខ៩២ គឺជាកំណាត់ផ្លូវ ១ខ្សែ ដ៏មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផលនានា ពីទីជនបទដាច់ស្រយាល ទៅកាន់ទីប្រជុំជនផ្សារក្នុងស្រុក ហើយផ្លូវ ១ខ្សែនេះ ក៏ជាដង្ហើមសេដ្ឋកិច្ចបម្រើសាធារណជនលើគ្រប់វិស័យ បូករួមទាំងវិស័យទេសចរណ៍នៅក្នុងតំបន់ ផងដែរ។
ក្រោយការជន់លិច និងរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅក្នុងរដូវវស្សាកន្លងមកនេះ និងដោយសារការមើលឃើញពីភាពចាំបាច់ និងការលំបាកក្នុងការធ្វើចរាចរណ៍របស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងនោះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានចាត់ក្រុមមន្ត្រីជំនាញ នាំយកគ្រឿងចក្រចុះជួសជុល និងកែលំអរកំណាត់ផ្លូវ ១ខ្សែនេះឲ្យល្អប្រសើរឡើងវិញ សម្រាប់សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលនានា របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ បានងាយស្រួល និងឆាប់រហ័ស។
នៅប៉ុន្មានថ្ងៃមកនេះ ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ត្រូវគេឃើញ បានបន្តសកម្មភាពជួសជុលកំណាត់ផ្លូវជាតិលេខ ៩២ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកឆែប ដោយធ្វើការកៀរសម្រួល ថែមដីល្បាយថ្ម និងកិនបង្ហាប់តាមបច្ចេកទេស ត្រង់ចន្លោះគ.ម ៥៥+០០០ ដល់ គ.ម ៧១+០០០ ដែលជាផ្នែកមួយនៃផែនការថែទាំផ្លូវជាប្រចាំ ដើម្បីធានាថា ផ្លូវនៅតែមានគុណភាពល្អ និងអាចប្រើប្រាស់បានយូរអង្វែង។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានចាត់ទុកកំណាត់ផ្លូវជាតិលេខ៩២ គឺជាផ្លូវដែលមានសារៈសំខាន់ខ្លាំងណាស់ ដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ និងមានភាពងាយស្រួលធ្វើដំណើរទៅកាន់ រម្មណីយដ្ឋានតំបន់ទេសចរណ៍បានយ៉ាងឆាប់រហ័ស ។ កំណាត់ផ្លូវជាតិលេខ៩២ គឺជាសរសៃឈាម និងបានផ្សារភ្ជាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ដ៏មានសារប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់៕ដោយ៖ឡុង សំបូរ






































