អាជ្ញាធរខេត្តស្ទឹងត្រែង ប្រកាសផ្អាកការប្រណាំងទូក តែបានអំពាវនាវប្រជាពលរដ្ឋ ចូលរួមឲ្យបានច្រើនកុះករ ក្នុងពិធីសំពះព្រះខែ អកអំបុក បណ្តែតប្រទីប និងពិធីសម្រក់ទៀនផ្សងប្រផ្នូលទឹកភ្លៀង

0

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានសម្រេចផ្អាកការប្រណាំងទូក សម្រាប់ឆ្នាំ២០២៥។ ប៉ុន្តែ រដ្ឋបាលខេត្ត នឹងបន្តប្រារព្ធពិធីសំពះព្រះខែ អកអំបុក បណ្តែតប្រទីប និងពិធីសម្រក់ទៀនផ្សងប្រផ្នូលទឹកភ្លៀង ប្រចាំឆ្នាំថ្មី ២០២៦ ហើយបានអំពាវនាវប្រជាពលរដ្ឋចូលរួមឲ្យបានច្រើនកុះករ ដើម្បីគាំទ្រ និងថែងរក្សាប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូរផង់ ដែលដូនតាខ្មែរយើងបានបន្សល់ទុកឲ្យ តាំងពីយូរយាណាស់មកហើយ។

យោងតាមសេចក្តីសម្រេចលេខ៤៨៣/២៥ សជណ របស់រដ្ឋបាលខេត្តស្ទឹងត្រែង បានបង្ហាញថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រងស្ថានការណ៍ចំពោះមុខ នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយជូនពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃ ដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ រដ្ឋបាលខេត្តស្ទឹងត្រែង បានសម្រេចផ្អាការប្រារព្ធពិធីប្រណាំងទូកឆ្នាំ២០២៥។

ប៉ុន្តែ ទន្ទឹមនឹងនេះក្នុងគោលបំណង រួមថែរក្សាបាននូវប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ដូនតាយើង រដ្ឋបាលខេត្តនឹងចាត់តាំងឲ្យមានការរៀបចំប្រារព្ធពិធី «សំពះព្រះខែ អកអំបុក បណ្តែតប្រទីប និងពិធីសម្រក់ទៀនផ្សងប្រផ្នូលទឹកភ្លៀង ប្រចាំឆ្នាំថ្មី២០២៦» ដែលមានការចូលរួមពីរដ្ឋបាលក្រុង-ស្រុកទាំង៦ នៃខេត្តស្ទឹងត្រែង នៅលើសួនសុវណ្ណភូមិ ប្របនឹងមាត់ទន្លេសេកុងស្ទឹងត្រែង នាវេលាម៉ោង ៧យប់ ថ្ងៃពុធ ១៥កើត «ពេញបូណ៌មី» ខែកក្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ នៅក្នុងរាត្រី ១៥កើតនោះផងទៀត រដ្ឋបាលខេត្ត ក៏នឹងរៀបចំពិធីបណ្តែតប្រទីបទៅតាមបវេណី នៅតាមដងទន្លេសេកុង ក្នុងពេលព្រមជាមួយគ្នានោះ ផងដែរ។

រដ្ឋបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់ឯឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែងទាំងអស់ មេត្តាចូលរួមអបអរសាទរ កម្សាន្ត សប្បាយ ក្នុងពិធីនេះឲ្យមានភាពមហោឡារិក និងប្រកបដោយភាពអធិកអធម តាមកាលបរិច្ឆេទ ពេលវេលា និងទីកន្លែងខាងលើ ដោយមេត្រីភាព។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានណាត់ជួបជុំជាមួយប្រជាពលរដ្ឋ ក្រោមពន្លឺដួងព្រះខែ នារាត្រី ១៥កើត «ពេញបូណ៌មី» នៅលើសួន«សុវណ្ណភូមិ» ប្របនឹងមាត់ទន្លេសេកុងស្ទឹងត្រែង តាមកាលកំណត់ ប្រកបដោយស្នាមញញឹម គ្រាដែលរដ្ឋបាលខេត្ត បានរៀបចំតុបតែងទីតាំងសម្រាប់កម្សាន្ត រំលេចក្បូក្បាច់រចនាយ៉ាងល្អប្រណីត និងគួរជាទីទាក់ទាញក្រៃលែង។ រដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់ លោក សរ សុពុត្រា បាននិងកំពុងបោះជំហានអភិវឌ្ឍន៍ ធ្វើឲ្យមានការរីកដុះដាលលើគ្រប់វិស័យ ប្រកបដោយទំនុកចិត្តខ្ពស់ ពីប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ក៏ដូចមជ្ឈដ្ឋានទូទៅ ផងដែរ៕ដោយ៖ឡុង សំបូរ