ខេត្តព្រះវិហារ៖ ពលរដ្ឋភៀសសឹករាប់ពាន់នាក់ ដែលបានរត់គេចចេញពីសង្គ្រាមឈ្លានពីសំណាក់ទាហានថៃ ហើយបានមកស្នាក់នៅមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ន «វត្តពោធិ៍៥ពាន់ដើម» នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ ប៉ុន្តែ បច្ចុប្បន្ននេះវត្តពោធិ៍ ៥ពាន់ដើម ដែលធ្លាប់ជាទីស្នាក់នៅបណ្តោះអាសន្ន របស់ពលរដ្ឋភៀសសឹកជាច្រើនគ្រួសារ ខណៈនេះកំពុងប្រែខ្លួនទៅជាទីតាំងកាត់បន្ថយភាពអ៊ូរអរ និងការចាកចេញដ៏មានក្តីសង្ឃឹមបំផុត។
សកម្មភាពរៀបចំ និងការដឹកជញ្ជូនសម្ភារៈ បានចាប់ផ្តើមយ៉ាងគគ្រឹកគគ្រេង ខណៈដែលគ្រួសាររាប់រយនាក់ បានសម្រេចចិត្តវិលត្រឡប់ទៅភូមិឋាន និងលំនៅឋានរបស់ខ្លួនភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព ជាប្រវត្តិសាស្ត្រ រវាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលថៃ ត្រូវបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យទី២៦តុលា២០២៥ កន្លងទៅ។
ពលរដ្ឋភៀសសឹក លោកស្រី ម៉េត ធី រស់នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត បានរៀបរាប់ថា លោកស្រីមានអារម្មណ៍សប្បាយចិត្ត នៅពេលដែលឮមានសន្តិភាព ព្រោះគាត់បានចាកឆ្ងាយផ្ទះសម្តែងយូរដែរហើយ បើគិតដល់ថ្ងៃនេះមានរយៈពេល ៤ខែ ៣ថ្ងៃហើយ។
លោកស្រី យក់ សុម៉ារីនី រស់នៅភូមិអានសេះ ស្រុកជាំក្សាន្ត បានសម្តែងការរីករាយចិត្ត ព្រោះត្បិតបានជួបជុំកូន ព្រោះពួកគេបានរត់ភៀសខ្លួនទៅរស់នៅក្នុងខេត្តកំពង់ធំ។
លោកស្រី ហ៊ុល វ៉ុន រស់នៅភូមិអានសេះ ឃុំអានសេះ ស្រុកជាំក្សាន្ត បានថ្លែង ដោយភ្ជាប់ជាមួយក្តីសង្ឃឹមថា ពេលមកដល់ផ្ទះវិញ សូមឲ្យមានសន្តិភាព សូមកុំឲ្យកើតមានសង្គ្រាម ដើម្បីបានជួបជុំគ្រួសារ។
លោកស្រី ថឹង ឡៃសៀន រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត បានបញ្ជាក់ទាំងអួលដើម ក ថា មិនត្រឹមតែលោកស្រីទេ សូម្បីតែកូនលោកស្រី ក៏ចង់វិលត្រឡប់ទៅផ្ទះវិញដែរ។
ក្រុមគ្រួសារភៀសសឹកបានសម្តែងការតាំងចិត្ត និងគោលដៅស្រដៀងគ្នា ក្នុងការរៀបចំដីស្រែចំការ និងចាប់ផ្តើមមុខរបរឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារ ដូចជាការដាំស្រូវ ការប្រកបមុខរបរចិញ្ចឹមមាន់ទា ការលក់ដូរនៅក្នុងភូមិ និងការបញ្ជូនកូនៗទៅសាលារៀនជាដើម។
ការចាកចេញរបស់ពលរដ្ឋភៀសសឹកពីមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥ពាន់ដើម ក៏ហាក់បានបង្កើត និងបន្សល់នូវអនុស្សាវរីយ៍ផ្អែមល្ហែម និងភាពអាឡោះអាល័យយ៉ាងពន់ពេក រវាងអាជ្ញាធរ និងជនភៀសសឹក ក្រោមការខិតខំប្រឹងប្រែងមើលការខុសត្រូវ ពីសំណាក់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ នៃរដ្ឋបាលស្រុកគូលែន និងរដ្ឋបាលខេត្តព្រះវិហារ។
អភិបាលរងខេត្តព្រះវិហារ លោក សុខសាន្ត តារា បានបញ្ជាក់ថា នៅក្នុងមណ្ឌលសុវត្ថិភាព នៅសល់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅ សរុបជាង ១ពាន់គ្រួសារ ប៉ុន្តែ នៅថ្ងៃ២៨តុលា២០២៥ ដំណើរវិលត្រឡប់បានប្រព្រឹត្តទៅយ៉ាងគំហុក ដែលមានពលរដ្ឋ ៣៥១គ្រួសារ បានចាកចេញទៅលំនៅឋានវិញ។
លោក សុខសាន្ត តារា បានបន្តថា ការវិលត្រឡប់នេះ គឺ កើតចេញពីការគិតគូដ៏ល្អិតល្អន់របស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលបានចង្អុរបង្ហាញដល់ក្រុមការងារ ឲ្យត្រៀមលក្ខណៈសម្របសម្រួលយ៉ាងឆាប់រហ័ស និងចាត់វិធានការឲ្យអនុវត្ត រួមមាន៖ ការផ្តល់មធ្យោបាយសម្រាប់គ្រួសារ ដែលគ្មានលទ្ធភាពក្នុងការវិលត្រឡប់ទៅផ្ទះវិញ ផ្តល់ជំនួយជាស្បៀង និងសម្ភារៈចាំបាច់មួយចំនួនទៀត ក្នុងគោលបំណងលើកទឹកចិត្ត និងជួយសម្រាលបន្ទុកនៅពេលពួកគាត់ទៅដល់ផ្ទះវិញ ។
លោក សុខសាន្ត តារា បានបញ្ជាក់ទៀតថា ឯកឧត្តមអភិបាលខេត្ត មានការលើកទឹកចិត្ត ខ្លាចក្រែងបងប្អូនយើងមានបញ្ហាខ្វះខាតពេលវិលត្រឡប់ទៅវិញ ពិសេសសំខាន់ជាងគេ គឺការហូបចុក អញ្ចឹងឯកឧត្តម បានចាត់ឲ្យក្រុមការងារចែកជូនជាអង្ករ និងសម្ភារៈផ្សេងៗមួយចំនួនទៀត។ លោកថា ពលរដ្ឋភៀសសឹកបានរត់គេចចេញពីសង្គ្រាម ៥ថ្ងៃ(២៤-២៨កក្កដា២០២៥) និងបានមកស្នាក់នៅមណ្ឌលសុវត្តិភាព«វត្តពោធិ៍ ៥ពាន់ដើម»នេះ មានរយៈពេលជាង ៤ខែ បើគិតចាប់តាំងពីថ្ងៃទី៨មិថុនា២០២៥ រហូតមកដល់ថ្ងៃទី២៩តុលា២០២៥ ដោយក្រុមការងារបានបម្រើបងប្អូនតាំងពីមានចំនួន ២ម៉ឺននាក់ រហូតមកដល់បច្ចុប្បន្ន ហើយបងប្អូនភៀសសឹក ក៏ចាប់ផ្តើមចាកចេញទៅកាន់លំឋានរៀងៗខ្លួនវិញជាបន្តបន្ទាប់ ដោយបានបន្សល់ទុកនូវអនុស្សាវរីយ៍រាប់រយជំពូក មិនអាចបំភ្លេចបានឡើយ និងជូនពរបងប្អូនទាំងអស់ ទទួលបានសេចក្តីសុខចម្រើនជារៀងរហូត។
ការវិលត្រឡប់ដ៏គួរឲ្យរំភើបនេះ គឺជាសញ្ញានៃជោគជ័យលើផ្នែកការទូត និងការស្តារទំនុកចិត្តរបស់ប្រជាពលរដ្ឋលើរាជរដ្ឋាភិបាល សម្រាប់ពលរដ្ឋភៀសសឹក «សន្តិភាព» មិនត្រឹមតែជាការបញ្ចប់ជម្លោះនោះទេ ប៉ុន្តែ ជាឱកាសក្នុងការកសាងជីវិតថ្មី នាំកូនៗចូលសាលារៀន និងចាប់ផ្តើមបង្កបង្កើនផល ធ្វើស្រែចំការម្តងទៀត ដោយមានក្តីសង្ឃឹមយ៉ាងមុតមាំថា «ជីវិតនៅតំបន់ព្រំដែន នឹងក្លាយជាជីវិត ប្រកបដោយវិបុលភាពជារៀងរហូត»៕ដោយ៖ឡុង សំបូរ







































