ពិធីដាក់ឱ្យដំណើរការនាវា អប់រំ PLP action Lab និងចែកសម្ភារសិក្សា នៅតំបន់ទន្លេសាប

0

សៀមរាបះកាលពីរសៀលថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៥ អង្គការ Aide et action បានរៀបចំពិធីដាក់ឱ្យដំណើរការនាវាអប់រំ បំពាក់បន្ទប់កុំព្យូទ័រ ឬPLP action Lab និងចែកសម្ភារសិក្សាដល់សិស្សានុសិស្ស នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយឧបត្ថម្ភដល់សិស្សានុសិស្សដែលកំពុងខ្វះមធ្យោបាយធ្វើដំណើរទៅសាលារៀន និងផ្ដល់ជូននូវកុំព្យូទ័រ សម្រាប់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សដែលសិក្សានៅសាលាបឋមសិក្សាកំពង់ប្រហុក។
បើតាមលោក វូន សម្ផស្ស បានឱ្យដឹងថា នាវាអប់រំនេះគឺជាការប្រសិទ្ធនាមឱ្យទូក ពីព្រោះថាមធ្យោបាយធ្វើដំណើរនៅស្រុកទន្លេនេះសំខាន់បំផុតគឺទូក។ សម្រាប់ការផ្ដល់ជូននាវាអប់រំ ឬទូកនេះផងដែរ គឺដើម្បីឱ្យសិស្សានុសិស្សធ្វើដំណើរទៅរៀនបានទៀងទាត់រៀងរាល់ថ្ងៃ ជាពិសេសកុមារដែលមានឪពុកម្ដាយជាអ្នកនេសាទ។ លោក សម្ផស្ស បានបញ្ជាក់ថា នេះគឺជាស្ពានចម្លងដ៏សំខាន់បំផុតសម្រាប់កុមារនៅសហគមទន្លេសាបនេះ ដើម្បីទទួលបានការអប់រំគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាព។ ក្រៅពីទូក ឬនាវាអប់រំ អង្គការ អេដ អេ អាកស្យុង ក៏បានបំពាក់នូវបន្ទប់កុំព្យូទ័រផងដែរ សម្រាប់ឱ្យគ្រូ និងសិស្សអាចរៀន និងប្រើប្រាស់នូវមាតិកាអប់រំជាច្រើន។
ចំពោះលោក តាត ចាន់រិទ្ធ ជានាយកសាលានៅសាលាបឋមសិក្សាកំពង់ប្រហុក បានថ្លែងបែបនេះថា នាវាអប់រំ និងPLP action Lab ពិតជាមានប្រយោជន៍ច្រើនដល់កុមារ ដែលអាចឱ្យកុមារសិក្សាពីមេរៀនជាច្រើនតាមប្រព័ន្ធអនឡាញ និងធ្វើឱ្យកាត់បន្ថយការអាក់ខាននៃការមករៀនរបស់កុមារដោយការគ្មានមធ្យោបាយធ្វើដំណើរមកសាលារៀន។ លោក ចាន់រិទ្ធ បានបន្ថែមថា មិនត្រឹមតែមានប្រយោជន៍សម្រាប់កុមារប៉ុណ្ណោះទេ នាវាអប់រំនេះក៏អាចជួយសម្រាលបន្ទុកក្នុងគ្រួសារផងដែរ ព្រោះថាក្នុងគ្រួសារនីមួយៗមានទូកតែមួយប៉ុណ្ណោះសម្រាប់ប្រកបរបរនេសាទ ហើយត្រូវបែងចែកពេលវេលាជូនកូនមកសាលារៀន។ ពេលខ្លះ អាណាព្យាបាលរបស់សិស្សមកពីនេសាទវិញហួសម៉ោងជូនកូនទៅសាលារៀន ទើបធ្វើឱ្យកុមារមិនបានទៅរៀនទៀងទាត់ ហើយអាចឈានដល់ការបោះបង់ការសិក្សាទៀតផង។
រីឯអាណាព្យាបាលរបស់កុមារវិញក៏មានសេចក្ដីសោមនស្សរីករាយ ចំពោះការផ្ដល់ជូននាវាអប់រំរបស់អង្គការ ពីព្រោះនាវាអប់រំនេះ ជួយកាត់បន្ថយចំណាយក្នុងគ្រួសារបានច្រើន ដោយមិនចាំបាច់ខាតពេលវេលាជូនកូនទៅសាលារៀន ហើយមានពេលក្នុងការទៅប្រកបរបរនេសាទដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែម។ នេះបើតាមលោក ម៉ៃ ឡូ ដែលជាអាណាព្យាបាលរបស់សិស្សនៅក្នុងភូមិកំពង់ប្រហុក។ លោក ឡូ បានបន្តដោយសេចក្ដីសប្បាយចិត្ដថា លោកនឹងបន្តជំរុញកូនឱ្យទៅរៀនបានដិតដល់ ដើម្បីឱ្យកូនមានចំណេះតទៅមុខ និងមានអនាគតភ្លឺស្វាង ពីព្រោះបើគ្មានចំណេះទេ នឹងក្រមួយជីវិត។
ការផ្ដល់ជូននាវាអប់រំ និងបន្ទប់កុំព្យូទ័រ ឬPLP action Lab របស់អង្គការ អេដ អេ អាកស្យុងនេះឃើញថា កុមារនៅទីនោះសប្បាយចិត្ដខ្លាំង ពីព្រោះថាបានមធ្យោបាយធ្វើដំណើរទៅរៀនដើម្បីបង្កើនចំណេះ និងពិសេសនោះគឺបានរៀនកុំព្យូទ័របន្ថែម។ កុមារា រ៉ុង រដ្ឋា ប្រាប់សារព័ត៌មានថ្មីៗថា កុមារាមានអារម្មណ៍ថាសប្បាយចិត្ដនៅពេលសាលាមានបន្ទប់កុំព្យូទ័រសម្រាប់ឱ្យសិក្សា និងជាពិសេសនៅពេលទទួលបានទូកពីអង្គការ ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅរៀន។
ជាមួយគ្នានេះដែរ កុមារី វី សុភី ក៏បានបន្ថែមថា កុមារពិតជារំភើបណាស់ ចំពោះការផ្ដល់នាវាអប់រំនេះ ពីព្រោះបានជូនប្អូនទៅរៀនផង និងទៅរៀនខ្លួនឯងផង។ កុមារីមួយរូបនេះថ្លែងថា កាលពីមិនទាន់បានទទួលនាវាអប់រំនេះ កុមារីទៅសាលាដោយការជិះទូកជាមួយអ្នកក្នុងភូមិរបស់ខ្លួន។ ចំពោះគោលបំណងថ្ងៃអនាគតរបស់កុមារទាំងពីរនេះ គឺខិតខំប្រឹងប្រែងរៀនសូត្រ ហើយធ្វើជាគ្រូបង្រៀនដើម្បីបង្រៀនក្មេងៗជំនាន់ក្រោយនៅឃុំកោះជីវាំង ខេត្ដបាត់ដំបងនេះ ឱ្យមានចំណេះដឹង និងអនាគតភ្លឺស្វាងទៅថ្ងៃខាងមុខ។

ដោយ គឿនវេត