ខេត្តសៀមរាប ៖ សាលាបឋមសិក្សាវត្តរាជបូណ៌ ដែលជាសាលារៀនគំរូដ៏មានកេរ្តិ៍ឈ្មោះក្នុងខេត្តសៀមរាប បានប្រកាសពីការត្រៀមលក្ខណៈដ៏ហ្មត់ចត់បំផុត ដើម្បីទទួលស្វាគមន៍ការចាប់ផ្តើមនៃ ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ដែលបានបើកបវេសនកាលផ្លូវការនៅថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិការ ឆ្នាំ២០២៥ សម្រាប់ឆ្នាំសិក្សាថ្មីនេះ គឺជាទំព័រថ្មីមួយដែលសាលាបានប្តេជ្ញាពង្រឹងគុណភាពអប់រំ និងវិន័យសីលធម៌ ស្របតាមបាវចនារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានទីតាំងស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ពិធីបើកបវេសកាលឆ្នាំសិក្សាថ្មី ដោយអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ស៊ិន ណម សមាជិកក្រុមបក្រឹក្សាខេត្ត លោកស្រី ម៉ាត់ អាហ្សីម៉ាស អភិបាលរងក្រុងសៀមរាប រួមទាំងប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ឋ រួមទាំងលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សចូលរួមប្រមាណជាង៥០០នាក់ ដែលត្រូវបានរៀបចំធ្វើឡើង នៅក្នុងបរិវេណ សាលាបឋមសិក្សាវត្តរាជបូណ៍។
លោក អន គុណរ័ត្ន នាយកគ្រប់គ្រងសាលាបឋមសិក្សាវត្តរាជបូណ៍ បានឲ្យដឹងថា លោកគ្រូ អ្នកគ្រូ សរុបមានចំនួន ១២៨នាក់ មានសិស្សសរុប៥៦៦១នាក់ សម្រាប់ឆ្នាំសិក្សាថ្មីកើនឡើង៥៨០៧ មាន ចំនួន១១៦ថ្នាក់ ពិសេសសម្រាប់ថ្នាក់ទី១ និងថ្នាក់មត្តេយ្យ ត្រូវបានប្រើស្មាតធីវី និងអិលស៊ីឌី ព្រចិចទ័រសម្រាប់សិស្សផងដែរ ក្នុងឆ្នាំ២០២៥ សិស្ស និទ្ទេសអេ មាន៦១នាក់ សិស្សនិទ្ទេសបី១២៤០នាក់ សិស្សនិទ្ទេសស៊ី១៧១០នាក់ ។
លោក អន គុណរ័ត្ន បន្តថាសាលាបានការត្រៀមលក្ខណៈ និងគុណភាពអប់រំ ដើម្បីធានាបាននូវដំណើរការសិក្សាប្រកបដោយប្រសិទ្ធភាព តាំងពីថ្ងៃដំបូង គណៈគ្រប់គ្រងសាលា និងក្រុមប្រឹក្សាគ្រូបង្រៀន បានអនុវត្តផែនការសំខាន់ៗ កិច្ចប្រជុំពង្រឹងគុណភាពគ្រូបង្រៀនដើម្បីពិនិត្យ និងកែលម្អកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន និងត្រៀមរៀបចំឯកសារបង្រៀនថ្មីៗ ផ្តោតលើការអនុវត្តកម្មវិធីសិក្សាតាមបែប “សតវត្សរ៍ទី២១”ពង្រឹងអនាម័យ និងសោភ័ណភាព: សាលាបានរៀបចំសាងសង់អាគារថ្មី និងជួសជុល សម្អាតបរិវេណទាំងមូល ដូចជាបន្ទប់រៀន ទីធ្លាលេងកីឡា និងសួនច្បារ ព្រមទាំងដាក់ធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាស «សាលាស្អាត បរិស្ថានល្អ» បច្ចេកវិទ្យាអប់រំ:
បន្តប្រើប្រាស់ឧបករណ៍ និងធនធានឌីជីថលបន្ថែមទៀត ក្នុងការបង្រៀនមុខវិជ្ជាសំខាន់ៗ ដើម្បីឱ្យសិស្សានុសិស្សមានភាពទូលំទូលាយក្នុងការស្រាវជ្រាវ និងសិក្សា។នឹងបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវចក្ខុវិស័យសំខាន់ៗ លើកកម្ពស់ វិន័យ និងសីលធម៌ របស់សិស្សឱ្យកាន់តែល្អប្រសើរ។បន្តជំរុញ វប្បធម៌អាន តាមរយៈការប្រើប្រាស់បណ្ណាល័យសាលាឱ្យបានសកម្ម ដើម្បីអភិវឌ្ឍន៍ជំនាញទន់របស់សិស្សជាមួយនឹងការគាំទ្រពីមាតាបិតា និងអាណាព្យាបាល ឆ្នាំសិក្សាថ្មីនេះនឹងទទួលបានជោគជ័យ និងក្លាយជាឆ្នាំដែលកូនៗសិស្សានុសិស្សទាំងអស់ទទួលបានចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ។
លោកជំទាវបណ្ឌិត គឹម សេដ្ឋានី មានប្រសាសន៍ថា សាលាបឋមសិក្សាវត្តរាជបូណ៌ មិនត្រឹមតែមានឈ្មោះល្បីល្បាញក្នុងខេត្តសៀមរាបនោះទេ តែជាសាលាគំរូល្បីទាំងក្នុងនិងក្រៅប្រទេសទៀតផង និងសូមអគុណលោក អន គុណរ័ត្ន នាយកគ្រប់គ្រងសាលា រួមទាំងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែង សាបព្រួសចំណេះវិជ្ជាដល់កូនសិស្សានុសិស្ស ឲ្យមានចំណេះដឹង មានវិន័យ សីលធម៌ សណ្តាប់ធ្នាប់ល្អ សារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦
បានបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ និងបានសម្តែងនូវមនោសញ្ចេតនារីករាយ និងចូលរួមអបអរសាទរចំពោះលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ទូទាំងប្រទេស ចំពោះការចាប់ផ្តើមឆ្នាំសិក្សាថ្មី គោលការណ៍ស្នូលនៃការអប់រំ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តផ្តោតសំខាន់លើវិស័យអប់រំ ដោយធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយ៖ * ប្រសិទ្ធភាពខ្ពស់ * អភិបាលកិច្ចល្អ * គណនេយ្យភាព ចំពោះប្រជាជន និងសហគមន៍។ការអប់រំត្រូវតម្រង់ឆ្ពោះទៅរកការកែលម្អលទ្ធផលសិក្សារបស់សិស្ស ប្រកបដោយ វិន័យ សីលធម៌ គុណធម៌ និងឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងវិធានការគន្លឹះសំខាន់ៗ រាជរដ្ឋាភិបាលនឹងបន្តអនុវត្តវិធានការគន្លឹះដើម្បីពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា៖
* ការពង្រឹងអភិបាលកិច្ចសាលារៀន និងការអនុវត្តស្តង់ដាសាលារៀនគំរូ។ * ការពិនិត្យកែសម្រួលកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ និងឥរិយាបថរបស់សិស្ស។ * ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន។ * ការជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។លោកជំទាវបណ្ឌិត គឹម សេដ្ឋានី បន្តថា សម្តេចដាក់ចេញនូវការងារ១២ ចំណុចដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលក្នុងនោះមានចំណុចសំខាន់ៗដូចជា៖
* បន្តអនុវត្តស្តង់ដាសាលារៀនគំរូ និងបង្កើនប្រសិទ្ធភាពកម្មវិធីនៅតាមសាលាបឋមសិក្សាគោលដៅដែលមានស្រាប់។ * ចុះស្រង់ស្ថិតិកុមារដែលវិលត្រឡប់ពីប្រទេសថៃ និងជំរុញឱ្យពួកគេចូលរៀនឡើងវិញ ដោយផ្តល់ការសម្របសម្រួល និងមិនទាមទារឯកសារតម្រូវដូចជាសំបុត្រកំណើត ដើម្បីឱ្យពួកគេងាយស្រួលចុះឈ្មោះ។ * ចំពោះសាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាម (តាមតំបន់ព្រំដែន) ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ពិនិត្យទីតាំង និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះជាមុន មុននឹងសាងសង់ ឬជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាព។ * សាកល្បងអនុវត្តគន្លងអប់រំថ្មី ចាប់ពីថ្នាក់ទី១០ (គន្លងវិទ្យាសាស្ត្រ គន្លងវិទ្យាសាស្ត្រសង្គម និងគន្លងវិជ្ជាជីវៈ) នៅតាមវិទ្យាល័យដែលមានសក្តានុពល។
ដោយ ប៊ុន រដ្ឋា






































