ប្រជាពលរដ្ឋប្រមាណ ១ពាន់ ៤៥២គ្រួសារ នឹងទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ពីអាជ្ញាធរ និងមន្ត្រីជំនាញសូរិយោដី នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ យោងតាមការបិទផ្សាយជាសាធារណៈរបស់ គណៈកម្មការគ្រប់គ្រងដីធ្លីខេត្ត នូវឯកសារនៃការវិនិច្ឆ័យក្បាលដីចំនួន ១ពាន់ ៤៥២ អាចស្មើនឹង ១ពាន់ ៤៥២គ្រួសារនៃចំនួនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សម្រាប់មកធ្វើការពិនិត្យ ផ្តៀងផ្ទាត់ ងាយស្រួលដល់មន្ត្រីជំនាញសម្រង់ និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយអាជ្ញាធរនឹងចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ ជូនប្រជាពលរដ្ឋសម្រាប់សម្គាល់ជាអចលនៈវត្ថុផ្ទាល់ខ្លួន និងយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ដោយគ្មានការព្រួយបារម្ភ ។

ការបិទផ្សាយក្បាលដីដែលមានចំនួន ១ពាន់ ៤៥២ក្បាលដីនេះ បានធ្វើឡើងក្រោមការរៀបចំរបស់ គណៈកម្មការគ្រប់គ្រងដីធ្លីខេត្តស្ទឹងត្រែង នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ។

គណៈកម្មការថ្នាក់ខេត្ត ដែលបានចូលរួមក្នុងពេលបិទប្រកាស ឯកសារវិនិច្ឆ័យក្បាលដីនាពេលនោះ រួមមាន៖ ​លោក ដែង កក្កដា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ,លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ ,លោក ធឹង ម៉េង ប្រធានភូមិបាលស្រុកបុរីអូរស្វាយសែនជ័យ ,លោកមេឃុំ ,មេភូមិ និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីនៅក្នុងមូលដ្ឋាននោះ ផងដែរ ។

​  មន្ត្រីជំនាញបានបង្ហាញឲ្យឃើញថា ​ឯកសារនៃការវិនិច្ឆ័យក្បាលដី ដែលត្រូវចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលបានបិទផ្សាយជាសាធារណៈនៅក្នុងពេលនោះ មានចំនួន ១ពាន់ ៤៥២ក្បាលដី ស្ថិតនៅក្នុងភូមិចំនួន ៣ នៃឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ គឺ ភូមិកណ្ដាលមានចំនួន ៤១៦ក្បាលដី ភូមិក្រោមចំនួន ៤៧០ក្បាលដី និងភូមិក្រឡាពាសចំនួន ៥៦៦ក្បាលដី។

ការបិទផ្សាយជាសាធារណៈនេះ គឺជាដំណាក់កាលចុងក្រោយ នៃនីតិវិធី នៅក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងមានគោលបំណង ​ផ្តល់ឱកាសដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ពិនិត្យ និងផ្ទៀងផ្ទាត់ ទិន្នន័យ (ឈ្មោះ ទំហំដី ព្រំប្រទល់) របស់ខ្លួន ឲ្យបានត្រឹមត្រូវជាមុនសិន។ ប្រសិនបើការពិនិត្យ ផ្ទៀងផ្ទាត់ ទិន្នន័យទាំងនោះ រកឃើញថា មានភាពមិនត្រឹមត្រូវ ឬ ខុសឆ្គង អាជ្ញាធរ និងមន្ត្រីជំនាញ នឹង​អនុញ្ញាតឲ្យម្ចាស់ក្បាលដី ប្តឹងតវ៉ា ឬជំទាស់ ទៅនឹងទិន្នន័យ ឬ ការកំណត់ព្រំប្រទល់ទាំងនោះឡើងវិញ។

អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានក្បាលដីក្នុងភូមិទាំង៣ ខាងលើ សូមអញ្ជើញមកពិនិត្យ និងសហការជាមួយក្រុមការងារ ដែលនៅប្រចាំការឲ្យបានគ្រប់ៗគ្នា ដើម្បីធានាបាន នូវភាពសុក្រឹត្យ ត្រឹមត្រូវ និងតម្លាភាព នៃឯកសារទាំងអស់ មុនពេលបោះពុម្ពជាប័ណ្ណកម្មសិទ្ធិ ប្រើប្រាស់ស្របច្បាប់៕ដោយ៖ឡុង សំបូរ