ផ្ទះចល័តចំនួន៣០ខ្នង នឹងត្រូវសាងសង់ជូនគ្រួសារដែលរងផលប៉ះពាល់ខ្លាំងដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ

0

ឧត្តរមានជ័យ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ខ្ញុំបាទបានចូលរួមចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី ការសង់ផ្ទះជូនដល់គ្រួសាររងផលប៉ះពាល់ពីជម្លោះព្រំដែន ក្រោមគម្រោង “ផ្ទះថ្មី ក្ដីសង្ឃឹមថ្មី” រវាងរដ្ឋបាលខេត្តឧត្ដរមានជ័យ នឹង ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា)។

ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជាប់ព្រំដែនដែលរងនូវផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ ដើម្បីរក្សា សុវត្ថិភាព ហើយលំនៅឋានមួយចំនួនត្រូវបានបំផ្លិចបំផ្លាញ និងរងការខូចខាតស្ទើរតែទាំងស្រុង។

ក្រុមហ៊ុន ហ៊ុននីគែន (ខេមបូឌា) ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាជាង៣០ឆ្នាំ នឹងរដ្ឋបាលខេត្តឧត្ដរមានជ័យ សូមសម្តែងនូវស្មារតីសាមគ្គីភាព និងឆន្ទៈខ្ពស់ ក្នុងការចូលរួមចំណែកជួយដល់គ្រួសារដែលរងផលប៉ះពាល់ ដោយផ្តល់ជូននូវគេហដ្ឋានថ្មីក្រោមគម្រោង «ផ្ទះថ្មី ក្តីសង្ឃឹមថ្មី» ដោយមានការធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីស្តារឡើងវិញនូវសុវត្ថិភាព ភាពកក់ក្តៅ និងក្តីសង្ឃឹមថ្មី ជូនដល់ប្រជាពលរដ្ឋ៕ដោយ៖ភ្នំដងរ៉ែក