ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំអញ្ចើញជាអធិបតីក្នុងពិធីសំណេះសំណាលសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក និងស្រុកបារាយណ៍

0

កំពង់ធំ៖ ឯកឧត្តម ងួន រាសី សមាជិកអចិន្រៃ្តយ៍យុវជនគណបក្សថ្នាក់កណ្តាល ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ចើញជាអធិបតីក្នុងពិធីសំណេះសំណាលសមាជិកយុវជនគណបក្សប្រជាជនកម្ពុជានៅស្រុកតាំគោក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានយុវជនគណបក្សប្រជាជនកម្ពុជាសរុបចូលរួម៤២៨នាក់ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។

ក្មុងឱកាសជួបជុំសំណេះសំណាល សួរសុខទុក្ខសមាជិកយុវជនគណបក្សប្រជាជនកម្ពុជានាពេលនេះ ឯកឧត្តម ងួន រាសី បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សខេត្តផងដែរ។

ឯកឧត្តមបន្តថា ការជួបជុំក្នុងវេលានេះគឺដោយសារសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានមេដឹកនាំដ៏ឈ្លាសវៃមិនធ្លាប់មានក្នុងរយៈពេលជាច្រើនសតវត្សរ៍ក្រោយសម័យអង្គរដ៏រុងរឿង ក្នុងការគ្រប់គ្រងប្រទេសប្រកបដោយវឌ្ឍនភាពរីកចម្រើនគ្រប់វិស័យ។ ដូចយើងទាំងអស់គ្នាបានដឹង និងបានមើលឃើញជាក់ស្ដែងស្រាប់ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។

ឯកឧត្តម បានលើកឡើងពីលទ្ធផល នៃការអភិវឌ្ឍ ដែលជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា បានកសាងស្ពានឆ្លងនៅតាមទីជនបទ ផ្លូវក្រាលគ្រួសក្រហម ផ្លូវក្រាលកៅស៊ូ ផ្លូវចាក់បេតុងជាច្រើនខ្សែខ្វាត់ខ្វែង អគារសិក្សាគ្រប់កន្លែង មណ្ឌលសុខភាពគ្រប់ឃុំ មន្ទីរពេទ្យបង្អែក និងធារាសាស្ត្រ ប្រព័ន្ធប្រឡាយទឹក និងគ្រប់វិស័យកំពុងដើរតួយ៉ាងសំខាន់ក្នុងការជួយផ្តល់ឱកាសការងារ ប្រាក់ចំណូលរួមចំណែក លើកកម្ពស់សេដ្ឋកិច្ចប្រជាជនក្នុងខេត្ត និងសេដ្ឋកិច្ចជាតិរបស់យើង។

ជាចុងក្រោយ ឯកឧត្តម ងួន រាសី សមាជិកអចិន្រៃ្តយ៍យុវជនគណបក្សថ្នាក់កណ្តាល ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់យុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានរឹងមាំ និងផ្សព្វផ្សាយបន្ថែមទៀតពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាឱ្យបានទូលំទូលាយនៅក្នុងមូលដ្ឋាន។ ប្រសិនបើមានក្រុមអគតិមួយចំនួនបង្កចលាចលនៅក្នុងមូលដ្ឋានបស់ខ្លួន ត្រូវតែរាយការណ៍ជាបន្ទាន់ដល់ប្រធានក្រុមការងារ ដើម្បីចុះទប់ស្កាត់ឱ្យបានទាន់ពេលវេលា៕