ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី ក្រោមការដឹកនាំរបស់ លោក ញ៉ែម សំអឿន បានរៀបចំពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល០៣ថ្ងៃ «០៤-០៦វិច្ឆិកា២០២៥»ដោយទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ៥ម៉ឺន ៧ពាន់ ៦១៥នាក់ ដែលចំនួននេះបើធៀបនឹងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ កន្លងទៅ មានភ្ញៀវទេសចរ ២ម៉ឺន ១ពាន់ ០៦៧នាក់ សម្រាប់ឆ្នាំ២០២៥ មានការកើនឡើង១៩.៦០ភាគរយ។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ បានបញ្ជាក់ នៅល្ងាចថ្ងៃទី៦វិច្ឆិកា២០២៥ ថា ក្នុងចំនួន ៥ម៉ឺន ៧ពាន់ ៦១៥នាក់ នេះ មានប្រជាពលរដ្ឋដើរកម្សាន្ត ក្នុងក្រុងបានលុង ៣ម៉ឺន ២ពាន់ ៤១៨នាក់ ភ្ញៀវទេសចរជាតិ ២ម៉ឺន ៤ពាន់ ៣២៧នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៨៧០នាក់ ភ្ញៀវទេសចរសរុបចំនួន ២ម៉ឺន ៥ពាន់ ១៩៧នាក់។
លោក ង៉ែត ពិទូ បានបញ្ជាក់ទៀតថា ចំពោះស្ថានភាពទេសចរណ៍ក្នុងខេត្តរតនគិរី ចំនួនប្រជាពលរដ្ឋកើនឡើង ២៧.៧២ភាគរយ ភ្ញៀវទេសចរជាតិ កើនឡើង១៦.៨៨ភាគរយ ភ្ញៀវទេសចរអន្តរជាតិ កើនឡើង២៤២.៥២ភាគរយ។ ដូច្នេះ ភ្ញៀវទេសចរសរុបកើនឡើង១៩.៦០ភាគរយ បើប្រៀបធៀបទៅនឹងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤ មានភ្ញៀវទេសចរ សរុបចំនួន ២ម៉ឺន ១ពាន់ ០៦៧ នាក់ ។
លោក ង៉ែត ពិទូ បានបញ្ជាក់ អំពីព្រឹត្តិការណ៍ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយះពេល៣ថ្ងៃ មានព្រឹត្តិការណ៍សំខាន់ៗជាច្រើនរួមមាន៖ ១.ព្រឹត្តិការណ៍រៀបចំដោយក្រុមហ៊ុន Family Travel Cambodia សហការ ជាមួយក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្ត បានរៀបចំព្រឹត្តិការណ៍ Family Travel Cambodia ក្នុងនោះមានក្បួនរថយន្ត ភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរជាតិ បានធ្វើដំណើរកំសាន្តទៅតាមតំបន់ រមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្ត ,២.ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ សប្បាយរីករាយ និងសាទរ ចំពោះរដ្ឋបាលខេត្ត ដែលបានរៀបចំពិធីអកអំបុក បង្ហោះគោម បាញ់កាំជ្រួច ការប្រគុំតន្ត្រី និងការតាំងពិព័រណ៍ផលិតផលទេសចរណ៍ក្នុងស្រុក នៅបរិវេណមាត់បឹងកន្សែង ,៣.រដ្ឋបាលខេត្តបានរៀបចំអោយមាន នូវប្រទីបតាមអង្គភាព នៅរមណីយដ្ឋានបឹងកន្សែង ,៤.រដ្ឋបាលខេត្តបានរៀបចំអនាម័យសោភ័ណភាពទីក្រុង និងបំពាក់ភ្លើងអគ្គិសនីតាមដងផ្លូវសាធារណៈ និងជុំវិញមាត់បឹងកន្សែង ,៥.ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីទីរួមខេត្ត ទៅតាមតំបន់រមណីយដ្ឋាន មានលក្ខណ:ងាយស្រួលក្នុងការធ្វើដំណើរ ,៦.សេវាកម្មស្នាក់នៅ និងភោជនីយដ្ឋាន ពុំមានការតម្លើងថ្លៃ សម្រាប់ភ្ញៀវទេសចរ ,៧.សន្តិសុខ និងសណ្តាប់ធ្នាប់មានភាពល្អប្រសើរ និង ៨.សេវាកម្មស្នាក់នៅ និងភោជនីយដ្ឋាន បានអនុវត្តតាមសារាចរ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត ស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត។
រដ្ឋបាលខេត្តរតនគិរី បានបង្ហាញថា នៅតាមវត្តអារ៉ាមនានាក្នុងខេត្ត បានរៀបចំពិធីអកអំបុក សំពះព្រះខែ និងមានការបង្ហោះគោមជាដើម ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
រដ្ឋបាលខេត្តរតនគិរី ក្រោមការដឹកនាំរបស់ លោក ញ៉ែម សំអឿន លោកអភិបាលខេត្ត បានកសាងហេដ្ឋានរចនាសម្ព័ន្ធជាច្រើនរួមមាន៖ ផ្លូវបេតុងជុំវិញបឹងកន្សែង សួនច្បារ រូបសំណាក់សត្វក្តាន់ រូបសំណាក់សត្វអកញីឈ្មោល រូបសំណាក់គ្រួសារដំរី ខ្សែរត វិមានឯករាជ្យ និងបានរៀបចំសោភ័ណ្ឌភាពទីក្រុង ដោយបំពាក់អំពូល LED តាមដងផ្លូវ និងជុំវិញមាត់បឹងកន្សែង នៅបរិវេណមាត់បឹងកន្សែង សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្តក្នុងខេត្ត ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំ២០២៥ នេះផងដែរ៕ដោយ៖ឡុង សំបូរ






































