ខេត្តស្ទឹងត្រែង៖ អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបន្ថែមទៀត ក្នុងការថែរក្សាឱ្យបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈគ្រប់ពេលវេលា ជូនប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ហើយអនុវត្តឱ្យបានម៉ឺងម៉ាត់នូវសេចក្តីជូនដំណឹង ស្តីពីការអនុវត្តនិយាមក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams )។
ការជំរុញរបស់ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានធ្វើឡើងក្នុងគ្រាដែល លោកបានអញ្ជើញក្នុងការដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តស្ទឹងត្រែង ដែលមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកម្លាំងទាំង៣ និងរដ្ឋបាលក្រុង/ស្រុកទាំង៦ នៃខេត្តស្ទឹងត្រែង ផងដែរ។
លោកអភិបាលខេត្តស្ទឹងត្រែង បានបន្តជំរុញសមត្ថកិច្ចពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយលិខិតលេខ ០១៩/០៧២៥ លស/លគបឆប ស្តីពីការរៀបចំនីតិវិធីគ្រប់គ្រង និងវត្ថុតាងពាក់ព័ន្ធការបង្ក្រាបបទល្មើសឆបោកប្រព័ន្ធបច្ចេកវិទ្យា ( online scams ) បម្រើអោយនីតិវិធី នៃការបណ្តេញជនល្មើសចេញពីព្រះរាជាណាចក្រកម្ពុជា ត្រូវផ្សព្វផ្សាយនូវបទបញ្ជា របស់ រាជរដ្ឋាភិបាល លេខ០២ បប បទបញ្ជា ស្តីពីការដាក់ចេញ នូវវិធានាការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ កាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមី សម្រាប់ជក់ និងស៊ីស្សា។
ស្របពេលជាមួយគ្នានោះ លោក សរ សុពុត្រា ក៏បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងពិធីសំពះព្រះខែ អកអំបុក បណ្តែតប្រទីប និងពិធីសម្រក់ទៀន ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបន្តជំរុញ ឱ្យអាជ្ញាធរមានសមត្ថកិច្ចខិតខំយកចិត្តទុកដាក់បង្រ្កាបក្មេងទំនើង គ្រឿងញៀន និងបានវាយតម្លៃខ្ពស់ សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងខេត្ត គ្មានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ ដោយថែរក្សាបាននូវស្ថិរភាពរឹងមាំល្អប្រសើរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បាននិងកំពុងបន្តបង្រ្កាបដូចភ្លៀងរលឹម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលបានរួមចំណែកយ៉ាងមានប្រសិទ្ធភាព ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស និងធានាបានសន្តិសុខ សុវត្ថិភាពនៅគ្រប់មូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋ៕ដោយ៖ឡុង សំបូរ





































