អាជ្ញាធរមានសមត្ថកិច្ចខេត្តស្ទឹងត្រែង បំបែកសំណុំរឿងចោរប្លន់លើស្ត្រីជនជាតិវៀតណាមម្នាក់ ប្រើប្រាស់អស់រយៈពេល ១២ម៉ោង ទើបឈានទៅកំណត់មុខសញ្ញា និងចាប់ខ្លួនជនសង្ស័យ ៥នាក់យកមកផ្តន្ទាទោស

0

ខេត្តស្ទឹងត្រែង៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុត ដល់ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បើកប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យចោរប្លន់មួយក្រុមនោះឲ្យខាងតែបាន បន្ទាប់ពីបានទទួលដំណឹងអំពីករណីប្លន់មានស្ថានទម្ងន់ទោស កាលពីម៉ោងប្រមាណជា ១ និង ៤២នាទីរំលងអាធ្រាត្រ ថ្ងៃទី៨វិច្ឆិកា២០២៥ កន្លងទៅនេះ។

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី៩វិច្ឆិកានេះថា ក្រោយពីទទួលបានព័ត៌មាន ស្ដីពីករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១ និង ៤២នាទីរំលងអាធ្រាត្រ នៅចំណុចលើផ្លូវជាតិលេខ២២ ទល់មុខច្រកចូលអាហារដ្ឋានទឹករាំ ស្ថិតក្នុងភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង  ខ្ញុំបានបញ្ជាផ្ទាល់ទៅកាន់ស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឱ្យបើកប្រតិបត្តិការបង្ក្រាបក្រុមនេះ ខាងតែបាន។

លោកអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ទៀតថា ជាលទ្ធផល កម្លាំងជំនាញដឹកនាំដោយឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត បានប្រើប្រាស់រយៈពេល ១២ម៉ោង ក្នុងការស្រាវជ្រាវ ឈានទៅបង្ក្រាបបានទាំងស្រុង ព្រមទាំងពន្លាតបន្ថែម បាន១ករណីទៀត ក្រោមការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ កំពុងស្ថិតក្រោមការសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ខ្ញុំសូមថ្លែងនូវការកោតសរសើរ ចំពោះស្នងការ ស្នងការរង អធិការក្រុង និងកម្លាំងប្រតិបត្តិការទាំងអស់ ដែលបានអនុវត្តបទបញ្ជា ប្រកបដោយការទទួលខុសត្រូវ ការខិតខំប្រឹងប្រែងរបស់បងប្អូន គឺជាសេចក្តីសុខរបស់ប្រជាជន សូមបន្តស្មារតីនេះឱ្យខ្លាំងក្លាបន្ថែមទៀត ដើម្បីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របស់ខេត្តយើង។

យោងរបាយការណ៍របស់ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្ហាញឲ្យដឹងនៅរសៀលថ្ងៃនេះ ដោយបានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើនោះ ស្ត្រីឈ្មោះ ផាម ធីង្វៀង បានជិះម៉ូតូចេញពីផ្ទះនៅភូមិភ្នំធាតុ សង្កាត់/ក្រុងស្ទឹងត្រែង ទៅផ្សារអូរឬស្សី ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ដើម្បីទៅលក់ត្រីងៀត លុះមកដល់រង្វង់មូលព្រះបាទជ័វវរ្ម័ន ក៏ស្រាប់តែឃើញក្មេងស្ទាវ ១ក្រុមមានគ្នា ៣នាក់ ជិះម៉ូតូ ១គ្រឿង ឃើញដូច្នេះ ស្ត្រីផាម ធីង្វៀង ក៏បានបន្តដំណើរ រហូតមកដល់ផ្លូវបំបែក សាលាបឋមសិក្សាស្ទឹងត្រែងក្រុង ក៏ស្រាប់តែក្មេងស្ទាវទាំង៣ នាក់ បានជិះម៉ូតូតាមពីក្រោយយ៉ាងលឿន ហើយពួកវាបានធ្លាក់ម៉ូតូគាត់ បណ្តាលឲ្យដួលផ្កាប់មុខលើថ្នល់ ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ខណៈនោះក្រុមក្មេងស្ទាវ ក៏បានស្រវាយកកាបូបលុយពណ៌ប្រផេះ ក្នុងកាបូបមានលុយខ្មែរ ៤លានរៀល ខ្សែដៃផ្លាកទីន ១ខ្សែ មានតម្លៃជាង ២លានរៀល ជញ្ជៀនផ្លាកទីន ១វង់ តម្លៃ ៨៥ម៉ឺនរៀល សោរទូដែក សោរផ្ទះ ១ចង្កោម សំបុត្រទិញមាស ទូរស័ព្ទអាហ្វូន ១៣ប្រូមាច ១គ្រឿង រួចពួកវាក៏ជិះម៉ូតូទៅទិសខាងកើតបាត់។ សកម្មភាពលួចមានស្ថានទម្ងន់ទោស (ប្លន់) ដែលបង្កដោយក្រុមស្ទាវ ៥នាក់ ម៉ូតូ ២គ្រឿង ១គ្រឿងម៉ាងហុងដាឌ្រីម​ ពណ៌ខ្មៅ ស៊េរី២០២៦ ពាក់ស្លាកលេខ 1D-7480 ជារបស់ឈ្មោះ និន ចរណៃ និង ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1I-4499 របស់ឈ្មោះ សំ កុសល ម៉ូតូនេះបានខ្ចីពីឈ្មោះ ស៊ុន ថាណា ហៅ មករា ដោយមិនប្រាប់ថាយកទៅណានោះទេ។

ដោយឡែក អ្នកដែលធាក់ស្ត្រីរងគ្រោះធ្លាក់ពីលើម៉ូតូដួលផ្កាប់មុខ គឺ ឈ្មោះ សំ កុសល ក្រោយពេលធ្វើសកម្មភាពរួច ពួកគេបាននាំគ្នាទៅពួនសំងំនៅក្នុង KV ក្បែរវត្តហាងខូបាន ចំពោះលុយដែលឆក់បាន ឈ្មោះ សំ កុសល ជាអ្នកទុកដាក់។

របាយការណ៍សមត្ថកិច្ច ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ក្រោយទទួលបានបទបញ្ជាពី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង និងទទួលបានពាក្យបណ្តឹងពីឈ្មោះ ផាម ធីង្វៀង នោះភ្លាម ជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ការរិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការណ៍ជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បើកការស៊ើបអង្កេត បានកំណត់មុខសញ្ញាជនសង្ស័យ និងឃាត់ខ្លួនជនសង្ស័យ ៥នាក់ គឺ ១-ឈ្មោះ និន ចរណៃ ភេទប្រុស អាយុ ១៥ឆ្នាំ ,២- ឈ្មោះ សំ កុសល ភេទប្រុស អាយុ ១៦ឆ្នាំ ,៣-ឈ្មោះ គង់គា វិច្ឆិកា ភេទប្រុស អាយុ ១៥ឆ្នាំ ,៤-ឈ្មោះ ហាក់ សុធារិទ្ធ ភេទប្រុស អាយុ ១៥ឆ្នាំ និង ៥-ឈ្មោះ នាង សុខសេរី ភេទប្រុស អាយុ ១៤ឆ្នាំ និងដកហូតម៉ូតឌ្រីមសង់ ៣គ្រឿង ដែលជិះធ្វើសកម្មភាពប្លន់ ។

ខណៈនេះជនសង្ស័យក្នុងអំពើប្លន់ទាំង ៥នាក់ រួមទាំងវត្ថុតាងទាំងអស់ ដែលសមត្ថកិច្ចដកហូតបាន កំពុងស្ថិតក្រោមការរក្សាទុក សាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង ចាត់ការតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនក្រុមចោរប្លន់ទាំង ៥នាក់នោះ កម្លាំងនគរបាលខេត្ត បានបំបែកសំណុំរឿង ១ករណីផ្សេងទៀត ដោយឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន ៧នាក់ ដកហូតម៉ូតូ២គ្រឿង និងថ្នាំញៀនមួយចំនួន បញ្ជូនទៅតុលាការខេត្ត ផងដែរ៕ ដោយ៖ឡុង សំបូរ