ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ផ្ទះមនុស្សធម៌កាកបាទក្រហមកម្ពុជា ទី៩៧ ត្រូវបានសាងសង់ឡើងជូនគ្រួសារក្រីក្រចំនួនមួយគ្រួសារ

0

សៀមរាប៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ផ្ទះមនុស្សធម៌កាកបាទក្រហមកម្ពុជា ទី៩៧ ត្រូវបានសាងសង់ឡើងជូនគ្រួសារក្រីក្រចំនួនមួយគ្រួសារ ដែលមានសមាជិកប្រាំបីនាក់ រួមទាំងស្វាមីម្នាក់ដែលមានជំងឺវិបល្លាសស្មារតី។

នាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ បានអញ្ជើ្ជញជាអធិបតីភាព ក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌ទី ៩៧ របស់សាខា កក្រក ខេត្តសៀមរាប ជូនឈ្មោះ ជុន មឿយ ភេទស្រី អាយុ ៤៦ឆ្នាំ មានមុខរបរ ស៊ីឈ្នួលដាំនិងដកដំឡុង បេះគ្រាប់ចន្ទី (ដីស្រែគ្មាន) និងប្ដីឈ្មោះ សុខ លី (មានជំងឺវិបល្លាសស្មារតី) មានសមាជិកគ្រួសារ ៨នាក់ (ស្រី ៥នាក់) រស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករឭកដ៏ខ្ពង់ខ្ពស់ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូរចំពោះសុខទុក្ខរបស់បង-ប្អូនប្រជាពលរដ្ឋគ្រប់រូបប្រកបដោយភាពកក់ក្ដៅ និងស្និទ្ធស្នាល ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយស្របតាមទិសស្លោកថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ មិនតែប៉ុណ្ណោះ លោកជំទាវអនុប្រធាន បានក្រើនរំឭកបង-ប្អូនប្រជាពលរដ្ឋសូមថែរក្សាសុខភាព អនាម័យ ដោយប្រកាន់ខ្ជាប់នូវ “ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត” ដើម្បីបង្ការការឆ្លងមេរោគផ្សេងៗ។ លោកជំទាវ បន្តថា បើស្រឡាញ់ខ្លួន ត្រូវស្ងួនចំណី ពោលគឺទទួលទានអាហារណាដែលល្អសម្រាប់សុខភាព និងសូមកាត់បន្ថយការទទួលទានអាហារដែលមានសារជាតិប្រៃ ខ្លាញ់ និងស្ករ ពីច្រើនមកតិច។

សូមបញ្ជាក់ជូនថា ផ្ទះចាស់របស់ឈ្មោះ ជុន មឿយ ជាផ្ទះឈើសង់ផុតពីដី ទំហំ៤គុណ៤.៥ម៉ែត្រ ដំបូលនិងជញ្ជាំងស័ង្កសីចាស់ៗពុកធ្លុះធ្លាយ ក្រាលក្ដារចាស់ សសរឈើពុកទ្រេតចង់រលំ (ពេលមានភ្លៀងខ្លាំងនាំកូនៗសុំផ្ទះអ្នកជិតខាងជ្រក)។ ផ្ទះថ្មីត្រូវបានសាងសង់ ក្រោមការឧបត្ថម្ភរបស់ លោក ឡុង ចាន់រិទ្ធ និងលោកស្រី លឿម ស៊ីណា ដែលមានទឹកប្រាក់សរុបចំនួន ៣,៨០០ដុល្លារ និងមានទំហំ៦គុណ៦ម៉ែត្រ មានបន្ទប់គេង២ បន្ទប់ទឹក១ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងឥដ្ឋ១០ បាតក្រាលការ៉ូមានកម្ពស់ផុតពីដី០.៥ម៉ែត្រ និងចាក់សាបជុំវិញទទឹង០.៥ម៉ែត្រ។ ផ្ទះត្រូវបានសាងសង់ក្នុងដីផ្ទាល់ខ្លួនរបស់ឈ្មោះ ជុន មឿយ ទំហំ២០គុណ១០០ម៉ែត្រ។ អំណោយសង្កត់ផ្ទះសម្រាប់ម្ចាស់ផ្ទះ មាន៖ អង្ករ ៦០គីឡូក្រាម, មី ២កេស, ត្រីខ ២យួរ, ទឹកត្រី ២យួរ, អំបិល ២ឡូក្រាម, កន្ទេល២, ឃីត ២កញ្ចប់ (ក្នុងនោះ មុង៤, ភួយ៤, ខ្នើយ២, សារុង២, ក្រមា២), សម្ភារផ្ទះបាយ (ក្នុងនោះ ឆ្នាំង២, ឡាំងទឹកជ័រ ១គូ, ធុងធំ៤៥លីត្រ ១) និងថវិកា ៤០ម៉ឺនរៀល។

ជាមួយគ្នានេះដែរ ក្នុងពិធីប្រគល់ផ្ទះទី ៩៧ នេះក៏មានការចែកអំណោយមនុស្សធម៌សម្រាប់គ្រួសារងាយរងគ្រោះក្នុងស្រុកស្វាយលើចំនួន ៨០គ្រួសារ ដែលក្នុង១គ្រួសារទទួលបាន៖ អង្ករ ៣០គ.ក្រ, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, អំបិល ១គ.ក្រ, ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកា ៤ម៉ឺនរៀល។ បន្ថែមពីលើនេះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខាក៏បានប្រគល់ឈើច្រត់ ៣ដើម និងរទេះរុញ ៣គ្រឿង សម្រាប់ចាស់ជរា និងជនមានពិការភាពផងដែរ៕