ក្រសួងកសិកម្មគ្រោងរៀបចំពិព័រណ៌ផលិតផលកសិកម្មដ៍ធំមិនធ្លាប់មាន

0

ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទ គ្រោងរៀបចំពិពណ៌កសិកម្មកម្ពុជា (CAFE25) ជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំ២០២៥ និងមិនធ្លាប់មានពីមុនមក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលពិពណ៌កោះពេជ្រ។

ព្រឹត្តិការណ៍ CAFE25 មានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា។ ក្នុងព្រឹត្តិការនេះនឹងមានរៀបចំស្ដង់ប្រមាណជា ៤០០ នឹងដាក់បង្ហាញនូវកសិផលយុទ្ធសាស្ត្រ ៩មុខ ដូចជាអង្ករ ស្វាយចន្ទី ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ និងស្វាយ ដោយបង្ហាញនូវផលិតផលសម្រេចជាច្រើនប្រភេទចេញពីកសិផលទាំងនេះ។

ពិពណ៌នេះ នឹងរៀបចំសួនឧទ្យាកសិកម្ម ពិពណ៌ផលិតផលកសិកម្ម ក៍ដូចជាសម្ភារបរិក្ខារកសិកម្មជាច្រើនផ្សេងទៀត ដូចជាត្រាក់ទ័រ ដ្រូនកសិកម្ម និងមានពិពណ៌សត្វពាហនះ ផ្សេងទៀតនៅទីតាំងកម្មវិធីផ្ទាល់ផងដែរ។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា វេទិកា និងពិព័រណ៍នេះ ផ្ដល់ឱកាសឱ្យអ្នកចូលរួមអាចជួបផ្ទាល់ជាមួយតួអង្គពាក់ព័ន្ធក្នុងខ្សែចង្វាក់តម្លៃផងដែរ។ ពិធីនេះ គ្រោងនឹងអញ្ជើញកសិករប្រមាណជាង ៨០០០នាក់ ដើម្បីមកចូលរួមដោយផ្ទាល់ ឱ្យពួកគាត់បានមើលឃើញពីសមិទ្ធផលដែលកើតចេញពីកសិផលស្រស់ ទៅជាផលិតផលពាក់កណ្ដាលសម្រេច និងផលិតផលសម្រេច៕