ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ឃន ចាន់ថៃ អភិបាលស្រុក ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកបារាយណ៍ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរ
ដែនដី ទៅប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជនពិការដោយសារសង្គ្រាម ដែលគាត់មានដី តែមានជម្រករស់នៅមិនសមរម្យ នៅភូមិថ្នល់ថ្មី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
លោក យិន សារី អាយុ ៥៣ ឆ្នាំ មានឋានន្តរសក្ដិនាយឯក បានរៀបរាប់ថា៖ គាត់ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩០ នៅអង្គភាពស៊ើបការណ៍ យោធាខេត្តកំពង់ធំ ។ នៅឆ្នាំ ១៩៩២ បានការពារខ្សែរថយន្តដឹកសម្ភារៈ ពីខេត្តកំពង់ធំ ទៅកាន់ខេត្តព្រះវិហារ ហេីយត្រូវខ្មាំងពួនស្ទាក់វាយសង្រ្គប់នៅចំណុចភ្នំដែក ស្រុករវៀង បណ្ដាលឱ្យរងរបួសពេញខ្លួនដោយអំបែងគ្រាប់ ។ លោក យិន សារី មានភរិយា និងមានកូននៅក្នុងបន្ទុកចំនួន ៥នាក់ រស់នៅក្នុងផ្ទះតូចចង្អៀត ហេីយមានជីវភាពលំបាកខ្វះខាត ព្រមទាំងមានជំងឺប្រចាំកាយដោយរបួសសេីរេីផងដែរ ។
លោក ឃន ចាន់ថៃ អភិបាលស្រុក ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកបាយរាយណ៍ ខេត្តកំពង់ធំ បានសូមគោរពថ្លៃអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្ដល់ផ្ទះមួយខ្នងថ្មីទៀតជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងមានជីវភាពលំបាកខ្វះខាត និងមានជម្រករស់នៅមិនសមរម្យនៅស្រុកបារាយណ៍ នាពេលនេះ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទុកជាចំណងដៃ ដល់ក្រុមគ្រួសារអតីតយុទ្ធជនពិការដោយសារសង្គ្រាម បានរស់មរម្យជារៀងរហូតតទៅ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក ឃន ចាន់ថៃ ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ សំលៀកបំពាក់ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ មួយចំនួនទៀត ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារលោក យិន សារី សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនេះផងដែរ ៕






































