កំពង់ធំ÷ អភិបាលស្រុកស្ទោងជំរុញគ្រប់ភាគីពាក់ព័ន្ធសហការដើម្បីភ្ជាប់បណ្ដាញទឹកស្អាតជូនពលរដ្ឋបាន ប្រើប្រាស់គ្រប់ខ្នងផ្ទះ លោក សាយ គឹមឡម បានជំរុញដូច្នេះនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខាសាលាថ្នាក់ស្រុកប្រចាំឆ្នាំ២០២៦ ក្រោមកិច្ចសហការជាមួយអង្គការទស្សនពិភពលោកប្រចាំស្រុកស្ទោង
នៅអគាររដ្ឋបាលស្រុកស្ទោង កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកបានសង្កត់ធ្ងន់ថា អង្គការទស្សនៈពិភពលោកគឺជាដៃគូអភិវឌ្ឍដ៏មានសក្តានុពលបំផុតមួយក្នុងចំណោមដៃគូជាច្រើនទៀតក្នុងការលើកកម្ពស់ និងអភិវឌ្ឍមូលដ្ឋានជាច្រើនវិស័យដូចជាអប់រំ សុខភាព អនាម័យ កសិកម្ម ទឹកស្អាត។ ពិតជាបានរួមចំណែកយ៉ាងធំធេងបំផុតក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងស្រុកស្ទោង ឱ្យកាន់តែប្រសើរឡើងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះលោកបានលើកទឹកចិត្តដល់អាជ្ញាធរឃុំគ្រប់ឃុំត្រូវ បង្កើនកិច្ចសហប្រតិបត្តិការឱ្យល្អឡើងថែមទៀតជាមួយអង្គការទស្សនៈពិភពលោកដៃគូអភិវឌ្ឍនានា ក៏ដូចជារដ្ឋាករទឹកស្វ័យស្ទោងតាំងក្រសាំង ក្នុងការតភ្ជាប់បណ្ដាញទឹកស្អាត ជូនពលរដ្ឋបានប្រើប្រាស់ ជាពិសេសពលរដ្ឋដែលមានប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រឱ្យអស់ពីលទ្ធភាព។
ជាចុងបញ្ចប់លោក សាយ គឹមឡម បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកស្រី ចាន់ សុផល និងសហការី តំណាងអង្គការទស្សនៈពិភពលោក ពិសេសប្រជាជន និងថ្នាក់ដឹកនាំនៃប្រទេសម៉ាឡេស៊ី ដែលជាអ្នកឧបត្ថម្ភគាំទ្រនូវមូលនិធិ យ៉ាងច្រើនសន្ធឹកសន្ធាប់លើសពីការគណនា និងតែងតែឧបត្ថម្ភគាំទ្រនូវគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់ដល់រដ្ឋបាលស្រុកស្ទោងសម្រាប់ធ្វើកិច្ចការមនុស្សធម៌ ជាមួយប្រជាពលរដ្ឋដែលងាយរងហានិភ័យ និងជួបឧបទ្ទវហេតុផ្សេងៗ។
សូមបញ្ជាក់ថា ក្នុងអង្គសិក្ខាសាលានេះក៏មានការប្រគល់ ទទួលនូវ÷ គ្រឿងឧបភោគបរិភោគ មួយជំនួនធំផងដែរ ជារួមមាន មី១០០កេស ទឹកស៊ីអ៊ីវ ១០០យួរ ប្រេងឆា១០០ដប និងត្រីខ១០០យួរផងដែរ៕




































