បាតុកម្ម​ប្រឆាំង Charlie Hebdo កាន់តែ​រីក​រាលដាល នៅ​ប្រទេស​អ៊ីស្លាម​

0


​បី​ថ្ងៃក្រោយ​ចេញផ្សាយ​ជាថ្មី ទស្សនា​វ​ដ្តី Charlie Hebdo បាតុកម្ម​ប្រឆាំង​ទស្សនា​វ​ដ្តី​បារាំង​បានកើត​មាន​ជា​បន្តបន្ទាប់ នៅ​ប្រទេស​កាន់សាសនា​អ៊ីស្លាម ចាប់ផ្តើម​ដំបូង​ពី​ប៉ា​គី​ស្ថាន រហូតដល់​នី​ហ្សេ​។ ទំព័រមុខ​ដែលមាន​រូប​ព្យា​ការី មូ​ហា​ម៉េ​ដ ឈរ​សម្រក់​ទឹកភ្នែក និង​មាន​កាន់​ក្រដាស​សរសេរថា “​ខ្ញុំ​ជា​Charlie” បាន​បង្ក​ឲ្យ​មាន​កំហឹង​ពុះកញ្ជ្រោល នៅក្នុង​ចំណោម​បាតុករ​កាន់សាសនា​អ៊ីស្លាម​។ កាលពី​ថ្ងៃ​សៅរ៍ ថ្ងៃទី​ពីរ​នៃ​បាតុកម្មហិង្សា វិហារ​គ្រឹ​ស្ត​សាសនា​បី​កន្លែង​ត្រូវ​បាតុករ​ដុតបំផ្លាញ​។ ឈាង បុប្ផា​រាយការណ៍​ព័ត៌មាន​នេះ​។​download (13)

​អស់ពី​បាតុកម្ម​គាំទ្រ សឹង​ជាស​កល កាលពី​សប្តាហ៍​មុន ទស្សនា​វ​ដ្តី​បារាំង Charlie Hebdo នៅ​ចុង​សប្តាហ៍​នេះ បាន​ទាក់ទាញ​បាតុកម្ម​ប្រឆាំង និង​រលក​រិះគន់ មិន​ថា ពី​សំណាក់​រដ្ឋាភិបាល ឬ​ក្រុម​អ្នក​កាន់សាសនា​អ៊ីស្លាម នៅ​អេ​ហ្ស៊ី​ប សេ​ណេ​ហ្កា​ល់ ទុយ​នី​ស៊ី ម៉ា​រ៉ុ​ក​។ អាល់​ហ្សេ​រី ដែលជា​ប្រទេស​និយាយ​ភាសា​បារាំង បាន​ហាមឃាត់​មិន​ឲ្យ​មាន​ចរាចរណ៍​លក់ ទស្សនា​វ​ដ្តី Charlie Hebdo ដែល​នៅលើ​ទំព័រមុខ គេ​ឃើញ មាន​រូប​មូ​ហា​ម៉េ​ដ ឈរ​សម្រក់​ទឹកភ្នែក​។​download (12)

​នៅ​ប៉ា​គី​ស្ថាន បន្ទាប់ពី​ចប់​ពិធី​សូត្រធម៌ កាលពី​ថ្ងៃ​សុក្រ បាតុកម្មហិង្សា​ប្រឆាំង Charlie Hebdo បាន​បណ្តាល​ឲ្យ​អ្នក​ថតរូប​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ម្នាក់ រងរបួស​ធ្ងន់​។ បាតុកម្មហិង្សា​ដូចគ្នានេះ បាន​ផ្ទុះឡើង​នៅ​ប្រទេស​នី​ហ្សេ​។ ការប្រឈមមុខ​រវាង​បាតុករ និង​ប៉ូលិស​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៤​នាក់ ក្នុងនោះ​ម្នាក់​ជា​ប៉ូលិស​នី​ហ្សេ និង​របួស ៤៥​នាក់​។​
​បាតុកម្មហិង្សា​បានកើត​ជាថ្មី នៅ​ថ្ងៃ​សៅរ៍ នៅ​រដ្ឋធានី​របស់​នី​ហ្សេ ដោយ​បាតុករ ដែលមាន​កាន់​កាំបិត ពូថៅ ព្រួញ បាន​ចូល​ដុតបំផ្លាញ​វិហារ​គ្រឹ​ស្ត​សាសនា​ចំនួន​៣ បន្ទាប់ពី​បាន​ដុត​ឆេះ វិទ្យាស្ថាន​ភាសា​បារាំង និង​ក្រុមហ៊ុន​ដែលជា​ប្រយោជន៍​របស់​បារាំង កាលពី​ថ្ងៃ​សុក្រ​។ ស្ថានទូត​បារាំង នៅ​ថ្ងៃ​សៅរ៍​បាន​ណែនាំ​ឲ្យ​ប្រជាជន​របស់ខ្លួន នៅ​ប្រទេស​នី​ហ្សេ ប្រយ័ត្នប្រយែង ស្ថិតនៅ​ក្នុងផ្ទះ​។​download (11)

​នៅក្នុង​ប្រតិកម្ម​របស់លោក ទៅនឹង​បាតុកម្មហិង្សា​ប្រឆាំងនឹង Charlie Hebdo លោក​ប្រធានាធិបតី​បារាំង François Hollande បានបញ្ជាក់​ជាថ្មី បារាំង​នៅ​ការពារ​សិទ្ធិសេរីភាព​បញ្ចេញមតិ​។​

​ទំព័រមុខ​របស់ Charlie Hebdo ដ៏​ចម្រូងចម្រាស​បានធ្វើ​ឲ្យ​មានប្រតិកម្ម​ថ្កោលទោស​ផងដែរ ពី​លោក​ប្រធានាធិបតី​អា​ហ្វ​ហ្កា​នី​ស្ថាន​។ Ashraf Ghani ដែល​បាន​ចូលរួម​ផ្ទាល់​ថ្កោលទោស​អំពើ​ភេរវកម្ម​ប្រឆាំងនឹង Charlie Hebdo បាន​វាយតម្លៃថា ទំព័រមុខ​របស់ Charlie Hebdo ដែលមាន​រូប​មូ​ហា​ម៉េ​ដ ស្រក់​ទឹកភ្នែក និង​កាន់​ក្រដាស​សរសេរថា ខ្ញុំ​ជា​ឆា​លី នោះ គឺជា​ការជេរប្រមាថ​ដ​ល់​សាសនា​ដទៃ និង​គ្មាន​ការទទួលខុសត្រូវ​។ សម្រាប់​ប្រធានាធិបតី​អា​ហ្វ​ហ្កា​នី​ស្ថាន សេរីភាព​បញ្ចេញមតិ គួរ​ត្រូវ​ប្រើ​ក្នុងន័យ​ស្ថាបនា គឺ​ដើម្បី​ជំរុញ​ការរស់នៅ រួមគ្នា ដោយ​សន្តិភាព រវាង​អ្នក​កាន់សាសនា​ផ្សេងគ្នា​។​download (10)

​តាំងពី​ថ្ងៃ​សុក្រ បាតុកម្ម​ប្រឆាំង Charlie Hebdo ដែលមាន​មនុស្ស​ចូលរួម ពី​១​ពាន់ ទៅ ៣​ពាន់​នាក់ ត្រូវគេ​សង្កេតឃើញ​មាន​ផងដែរ ទាំង​ហិង្សា និង​សន្តិភាព នៅមុខ​ស្ថានទូត​បារាំង​ ​នៅក្នុង​ប្រទេស​ហ្សកដានី អាល់​ហ្សេ​រី ម៉ាលី និង​កាតារ​។ ភាគច្រើន បាតុករ​ដុត​ទង់ជាតិ​បារាំង ដើម្បី​ប្រឆាំងនឹង Charlie Hebdo ចំណែក​នៅ​ស៊ូដង់​ខាងជើង បាតុករ​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​បណ្តេញ​មន្ត្រី​ទូត​បារាំង​ចេញពី​ស៊ូដង់​៕