ពិធី​បើក​វគ្គ បណ្តុះបណ្តាល​ស្តីពី​កត្តា​ហានិភ័យ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង និង​មិន​ពាក់មួក​សុវត្ថិភាព​រយះ​ពេល​១​ថ្ងៃ​

(រូបភាព វីដេអូ ) ​សៀមរាប​៖​អស់លោក​លោកស្រី​ជា​នគរបាល​តាម​បណ្តា​ការិយាល័យ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​សរុប​ចំនួន​៦០​នាក់​បាន​ចូលរួម​នៅក្នុង វគ្គ​បណ្តុះបណ្តាល​ស្តីពី​កត្តា​ហានិភ័យ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង និង​មិន​ពាក់មួក​សុវត្ថិភាព​រយះ​ពេល​១​ថ្ងៃ នៅក្នុង​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែ​មីនា ឆ្នាំ​២០១៤​នេះ​។​ក្រោម​អធិបតី លោក​ឧត្តមសេនីត្រី ទី ឡុង

អនុប្រធាននាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​វរសេនីយ៍ឯក តេង ច័ន្ទ​ណាត ស្នងការរង​ទទួលបន្ទុក​នគរបាល​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​និង​គ្រូ​បង្គោល​ដែល​អញ្ជើញ​មក​ពី​នាយកដ្ឋាន​សណ្តាប់​ធ្នាប់​បាន​ចូលរួម​ផង​ដែរ ។

លោក​ឧត្តមសេនីត្រី ទី ឡុង អនុប្រធាននាយកដ្ឋាន​សណ្តាប់ធ្នាប់ បាន​មានប្រសាសន៍ថា​៖​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ជាប្រចាំ​ក៏ដូចជា​ដោយ​យោង​ទៅតាម​ចំណា​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រដ្ឋាន​នគរ​បាល​ជាតិ នាយកដ្ឋាន​សណ្តាប់ធ្នាប់​បាន​សហការ​ជាមួយនឹង អង្គការ​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សកល ហៅ​កាត់​ថា (GRSP)  បាន រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង​ដោយ​មាន​ក្រុម​គ្រូ​បង្គោល​នៃ​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ជា​អ្នកសម្របសម្រួល ផង​នោះ​ដោយ​ផ្តោត​សំខាន់​ទៅលើ​កត្តា​ហានិភ័យ​ចំនួន​០២ គឺ ហានិភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង និង​ហានិភ័យ​នៃ​ការបើកបរ​មិន​ពាក់​មួកសុវត្ថិភាព​។

លោក​ឧត្តមសេនីត្រី ទី ឡុង បាន​បន្ត​ប្រសាសន៍​ទៀតថា សិក្ខាកាម​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ថ្ងៃនេះ គឺកំណត់​យកតែ​នគរបាល​តាម​បណ្តា​ការិយាល័យ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ចំនួន​៦០​នាក់​ដែល​មិនមែន​ជា​នគរបាល​ជំនាញ​ចរាចរណ៍ ព្រោះថា​នគរបាល​ចរាច​រណ៍​ធ្លាប់​ទទួល​ការបណ្តុះបណ្តាល​តាមរយៈ​នាយកដ្ឋាន​ច្រើន​លើក​រួចមកហើយ​។​
​ដោយ​ផ្អែក​តាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តា​ប់​ធ្នាប់​ឆ្នាំ​២០១៣ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៤៣២២ ករណី​, បណ្តាលឲ្យ​ស្លាប់​១៩០១​នាក់ (​ក្នុងនោះ​នគរបាល​ចំនួន​២២​នាក់​), របួសធ្ងន់ ៤២០៥​នាក់ និង​របួសស្រាល ៣០០៣​នាក់ (​ក្នុង​នោះ​មិន​ពាក់​មួកសុវត្ថិភាព​ពេល​មាន​គ្រោះ​ថ្នាក់​មាន​ចំនួន ២២៩៦​នាក់​)​។

គ្រោះថ្នាក់​ទាំងនេះ​បង្កដោយ​មូលហេតុ​ធំៗ​ចំនួន​០៣  ១\ បើកបរ​ល្មើស​ល្បឿន​កំណត់ ៤៦%, ២\ មិន​គោរព​សិទ្ធ​អាទិភាព ១៤% និង​ទី ៣\ ស្រវឹង ១៣% ។​
​លោក​ឧត្តមសេនីត្រី ទី ឡុង អនុប្រធាននាយកដ្ឋាន​សណ្តាប់ធ្នាប់​បានបញ្ជាក់​ថា​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ សិក្ខាកាម​ទាំងអស់​នឹង​បាន​ពង្រីក​ចំណេះដឹង​ថែម​មួយ​កម្រិត​ទៀត​ស្តីពី​កត្តា​ហានិភ័យ​ទាំងពីរ​ខាងលើ នឹង​អនុវត្ត​វិធានការណ៍​សុវត្ថិភាព​ចរាចរណ៍​ដើម្បី​ធ្វើជា​គំរូ ល្អ​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​ការ​ពាក់មួក​សុវត្ថិភាព​រាល់​ពេល​ធ្វើដំណើរ​តាម​ម៉ូតូ និង​មិន​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង​។

ក្រៅពីនោះ​ភ្នាក់ងារ​នគរបាលជាតិ​ដែល​បាន​ចូលរួម​រៀនសូត្រ​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ហើយ​ត្រូវ​យកទៅ​ធ្វើការ ផ្សព្វផ្សាយ​ចំណេះដឹង​នេះ​បន្ត​ទៀត​ដល់​មន្ត្រីនគរបាល​ផ្សេង​ទៀត​នៅក្នុង​អង្គភាព ដើម្បី​រួមគ្នា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​អាត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ឲ្យ​កាន់តែ​មាន​កម្រិត​ទាប​ស្រប​តាម​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​សម្តេច​បាន​ដាក់ចេញ​នូវ​ពាក្យស្លោក​ថា ថ្ងៃនេះ ថ្ងៃស្អែក​កុំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​៕​  ដោយ ខេង ខេមរា  

1 2