ខេត្តសៀមរាប៖ អ្នកភូមិព្រះដាក់ត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ នៅក្នុងខេត្តសៀមរាបជាលើកទី៣ ដើម្បីបង្ហាញវត្តមានដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ នូវប្រភេទយក្សចំនួន៣រួមមានៈទី១/កន្ត្រងប្រហុកយក្ស,ទី២/មួកយក្ស,និងទី៣/អន្រុតយក្ស ដែល
មានទំហំធំមិនធ្លាប់មានពីមុនមកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ពលរដ្ឋក្នុងភូមិព្រះដាក់បាននាំគ្នាចូលរួមធ្វើ កន្ត្រងប្រហុកយក្ស,មួកយក្ស,អន្រុតយក្ស មានមនុស្សសរុបចំនួន៩នាក់ក្នុងនោះមានស្រី២នាក់ ធ្វើឡើងពីឫស្សីនិងស្លឹកត្នោតដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។យក្សធំៗទាំង៣ មិនធ្លាប់មានពីមុនមកនេះ ធ្វើឡើងដើម្បីបង្ហាញពីស្នាដៃរបស់ប្រជាពលរដ្ឋខ្មែរជាពិសេសស្នាដៃអ្នកភូមិអង្គរ គឺភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបដើម្បីចង់បានជាភូមិគំរូទៅថ្ងៃអនាគត។ អ្នកភូមិព្រះដាក់បានសម្រេចចិត្តផលិតនូវសមិទ្ធិផលដ៏ធំ ដែលខាងអាជ្ញាធរអប្សារាជាអ្នករៀបចំឡើង ដែលពួកគាត់មិនធ្លាប់ធ្វើពីមុនមកនោះ។ ពីមុនមកពួកគាត់ររកស៊ីលក់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ មានដូចជាៈ កន្ត្រងប្រហុក,មួក,អន្រុតជាដើម ទើបតែនៅក្នុងឆ្នាំនេះខាងអាជ្ញាធរអប្សរាបានឲ្យពួកគាត់ចូលរួមធ្វើទៅជារបស់ធំៗ។
ពលរដ្ឋនៅក្នុងឃុំព្រះដាក់បានបន្តឲ្យដឹងថា ពួកគាត់បានប្រើរយៈពេលប្រមាណ១សប្តាហ៍ទៅ២សប្តាហ៍ ទើបបានជោគជ័យយក្សចំនួន១ ។
សូមរំលឹកថា ប្រសិនបើបងប្អូនភ្ញៀវទេសចរជាតិនិងអន្តរជាតិទាំងអស់ ចង់ឃើញយក្ស ទាំងបីខាងលើនេះ អាចចូលទៅទស្សនាបាននៅបរិវេណប្រាសាទបាយ័ន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៣ឆ្នាំ២០១៥នេះ៕








































