ខ្សែការពាររបស់ក្លិបហង្សក្រហម Liverpool កីឡាករ Martin Skrtel (ម៉ាទីន ស្គើថេល) បានប្រាប់ឲ្យដឹងថា គាត់ចង់បន្តលេងនៅទឹកដី Anfield (អេនហ្វៀល) ច្រើនឆ្នាំទៀត ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានលេងឲ្យក្លិបហង្សក្រហមអស់រយៈពេល ៦ ឆ្នាំមកហើយចាប់តាំងពីរូបគេផ្លាស់មកពីក្លិប Zenit St Petersburg (ហ្សេនីត សេន ភីតធើស្ប៊ឺក) នៅឆ្នាំ ២០០៨ ។
Skrtel និយាយប្រាប់គេហទំព័ររបស់ក្លិបថា “ខ្ញុំមិនធ្លាប់គិតថា ខ្ញុំអាចលេងនៅទីនេះបានរហូតដល់ ៦ ឆ្នាំនោះទេដូច្នេះខ្ញុំរីករាយហើយមានមោទនភាពណាស់ដែលបានលេងឲ្យ Liverpool បានរយៈពេលវែងបែបនេះហើយខ្ញុំសង្ឃឹមថានឹងអាចបន្តលេងនៅទីនេះបានរយៈពេលយូរឆ្នាំទៅមុខទៀត” ។ គួរបញ្ជាក់ថា Skrtel ត្រូវបានគេរំពឹងទុកថា នឹងចូលលេងជាជម្រើសដំបូងក្នុងជំនួបជាមួយក្លិបកាំភ្លើងធំ Arsenal នៅទឹកដី Anfield នៅរាត្រីថ្ងៃសៅរ៍នេះ ៕