ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានសហការជាមួយនិងនគរបាលក្រុងសេរីសោភ័ណបានបើកប្រតិបត្តិការចុះបង្ក្រាបនិងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យពួនសម្ងំចែកចាយ និងជក់គ្រឿងញៀនចំនួន៨នាក់ពេលពួកគេកំពុងតែធ្វើសកម្មភាពខុសច្បាប់និងប្រើប្រាស់ផងដែរ ។ការចុះបង្ក្រាបនេះបានធ្វើឡើង កាលពីល្ងាចថ្ងៃទី២៦ខែមេសា ឆ្នាំ២០១៥ ត្រង់ចំណុចផ្លូវចេញទៅរមណីដ្ឋាន សួនស្នេហ៍ជនបទ ស្ថិតក្នុងភូមិអូរអំបិលសង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន ដែលដឹកនាំបង្ក្រាបផ្ទាល់បានថ្លែងថា ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត ដើម្បីទប់ស្កាត់ រាល់បទល្មើសជាក់ស្តែងជាពិសេសគ្រឿងញៀនតែម្តងត្រូវខំប្រឹងប្រែងការពារដល់សុវត្ថិភាពជូនពលរដ្ឋគ្រប់រូប ព្រោះតែគ្រឿងញៀនទាំងអស់នេះបានវង្វក់ស្មារតីដល់យុវជន យុវតីជាច្រើននាក់បាត់បង់អានាគតផងដែរ។
ប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតបានថ្នាំញៀនមេតំហ្វតាមីនទឹកកកចំនួន៣ថង់តូចប្រដាប់ប្រដាប្រើប្រាស់មួយចំនួនម៉ូតូចំនួន៥គ្រឿងសំរាប់ធ្វើសកម្មភាពទិញជក់ ដែកកេះចំនួន៣ដើម ថ់ងតូចៗសំរាប់ច្រក១ដុំដាវសាំម៉ូរៃ១ដើម ទូរស័ព្ទ៣គ្រឿង បំពង់បឺត៣ និងកាបូបដាក់លុយ១។លោកវរសេនីយ៍ទោ ធិនស៊ិនដេតបានបន្តថាការឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៨នាក់ធ្វើឡើងក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋបានឃើញសកម្មភាពរបស់ពួកគេកំពុងតែធ្វើសកម្មភាពលក់ចែកចាយ ប្រើប្រាស់ថ្នាំញៀននៅចំណុចខាងលើនេះ។បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងសាកសួរ នាំជនសង្ស័យទាំងអស់បន្ត និងបានសាងសំណំរឿង រួមទាំងវត្ថុតាង ទាំងអស់ទៅកាន់សាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់។សេចក្តីរាយការណ៍ចុងក្រោយ ពីសមត្ថកិច្ច បានបង្ហាញថា ក្នុងចំណោមជនសង្ស័យទាំង៨នាក់ មានចំនួន៣នាក់ពុំមាន សារធាតុនោះទេ ក្រោយពេលធ្វើតេស្តរួច៕






































