ភ្នំពេញ ៖ ឆ្លងចរន្តអគ្គីសនីបណ្តាលឱ្យឆេះនិងបែកផ្កាភ្លើងព្រោងព្រៀតនៅខាងលិចផ្សារអូរឬស្សី នាំឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងកណ្តាលយប់ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ឱ្យរលត់ភ្លាមៗ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ
បានកើតឡើងកាលពីវេលាម៉ោង១១ នឹង៣៥នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ ខាងលិចនឹងផ្សារអូរឬស្សី តាមបណ្តោយផ្លូវលេខ១៤១ ស្ថិតក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា ។
ប្រភពពត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពី កន្លែងកើតហេតុ ដែលជាកន្លែងលក់គ្រឿងសំអាង ហើយមួយសន្ទុះក្រោយមកគេក៏បានឃើញមានភ្លើងឆេះឡើង មិនមានបែកផ្កាភ្លើងព្រោងព្រៀត បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតនោះ នាំគ្នាជួយម្នាក់មួយដៃមួយដៃជើង យកបំពង់ពន្លត់អគ្គីភ័យជាច្រើនបំណង់មកបាញ់ ប៉ុន្តែភ្លើងមិនបានរលត់ភ្លាមៗនោះទេ ។
ភ្លាមៗនោះផងដែរសមត្ថកិច្ចក៏បានចុះ មកដល់កន្លែងកើតហេតុភ្លាមៗ និងបានទំនាក់ទំនងទៅខាងអគ្គីសនីឱ្យបិទបារ៉ែតកាបិនភ្លើង ទើបយកបំពង់ពន្លត់ អគ្គីភ័យបាញ់ឱ្យរលត់ជាស្ថាពរ មិនបង្កជាភ្លើងឆាប់ឆេះទៀតនោះទេ ។
នៅក្នុងហេតុការណ៍នេះគេក៏ឃើញវត្តមានរថយន្តពន្លត់អគ្គីភ័យបានមកអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុផងដែរ ប៉ុន្តែមិនបានប្រើប្រាស់ឬបាញ់នោះទេ ដោយសារតែភ្លើងមានសភាពតូចតាច ហើយមួយសន្ទុះក្រោយមកត្រូវបានប្រជាពលរដ្ឋបាញ់ឱ្យរលត់ទៅហើយ ៕







































