ក្រុងព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ឈ្មោះ WEI XINER ភេទប្រុស អាយុ៥៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ G ៤០៨៩៣១២៩ ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ពីករណីប្រព្រឹត្តរំ
លោភលើទំនុកចិត្ត ។ លោកឧត្តមសេនីយត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឪ្យដឹងថា ដោយមានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ អៀង ផេង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ក្រុងភ្នំពេញ រាជធានី ភ្នំពេញ ពីករណីរំលោភលើទំនុកចិត្តបង្កដោយឈ្មោះ WEI XINER ភេទប្រុស អាយុ៥៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ G ៤០៨៩៣១២៩ មានទីលំនៅបច្ចុប្បន្នផ្លូវសូឡា សង្កាត់មានជ័យ ខណ្ឌមានជ័យ ក្រុងភ្នំពេញ បានយករថយន្តម៉ាក LUXSE RX 300 ពណ៌ខ្មៅ ស្លាកលេខ ២ G ៥៥០៨ ភ្នំពេញ លេខតួ MCU 150009101 និងម៉ាស៊ីន 1MZ 0558594 យកមកលក់ ហើយសុំជួលវិញ រួចគេចខ្លួនរហូត។ លោកឧត្តមសេនីយត្រី ហេង ប៊ុនទី បានបន្តថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥វេលាម៉ោង ១៧និង០០នាទី កំលាំងជំនាញដឹកនាំដោយលោក
ធុល វ៉ារី អនុប្រធានមន្ទីរពត៌មាន និង សន្តិសុខកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះទៅដល់សណ្ឋាគារនិងកាស៊ីណូកំពង់សោមស៊ីតធី ស្ថិតនៅក្រុងព្រះសីហនុ បានប្រទះឃើញរថយន្តម៉ាក LUXSE RX 300 ពណ៌ខ្មៅ ស្លាកលេខ ២ G ៥៥០៨ និងអ្នកទទួលបញ្ចាំរថយន្តឈ្មោះ CUI HENG JIAN ភេទប្រុស អាយុ៤១ឆ្នាំ ។ តាមចម្លើយរបស់ជនជាតិចិនឈ្មោះ CUI HENG JIAN ថា ជនជាតិចិនឈ្មោះ WEI XINER បានយករថយន្តម៉ាក LUXSE RX 300 ពណ៌ខ្មៅ មកបញ្ចាំក្នុងតម្លៃចំនួន ៤៥០០ដុល្លា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ដោយមានលិខិតស្នាមខ្ចី តែគ្នានលិខិតស្នាមបញ្ជាក់ពីភិនភាគរថយន្តរួចគេចខ្លួនបាត់ ។ ដោយឡែកតាមចម្លើយឈ្មោះ អៀង ផេង ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ បានឪ្យដឹងថា ជនជាតិចិនឈ្មោះ WEI XINER បានយករថយន្តម៉ាក LUXSE RX 300 មកលក់ឪ្យខ្លួនក្នុងតំលៃ ៧០០០ដុល្លាកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ រួចនៅថ្ងៃខែឆ្នាំដដែល ឈ្មោះ WEI XINER បានសុំជួលរថយន្តនេះទៅវិញក្នុងតំលៃ ៥០០ដុល្លា ហើយប្រាក់ឈ្នួលដែលត្រូវបង់ បានតែ២ខែ រួចគេចខ្លួនបាត់ ។ បច្ចុប្បន្នជនជាតិចិនឈ្មោះ WEI XINER ភេទប្រុស អាយុ ៥៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ G ៤០៨៩៣១២៩ បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕






































