ក្នុងអណ្តាតភ្លើងដ៏សន្ធោសន្ធៅ ក្នុងហេតុការណ៍ អគ្គិភ័យឆាបឆេះលំនៅឋាន របស់ប្រជាពលរដ្ឋ ចំនួន៣ខ្នងនៅព្រឹកមិញនេះ សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅ
ចំណុចផ្លូវ៩២ ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជាជំហានដំបូង សមត្ថកិច្ចបានអះអាងថា អគ្គិភ័យនេះអាចបណ្តាលមកពីទុស្សេខ្សែភ្លើង ផ្តើមចេញពីផ្ទះសង់អំពីឈើលើ ថ្មក្រោម របស់ជនរងគ្រោះ និងរាលដាលឆាបឆេះបន្តទៅលំនៅឋាន ចំនួន២ទៀត ។ ដោយសារស្ថានភាពភ្លើងមានលក្ខណៈសន្ធោសន្ធៅខ្លាំង ការជួយអន្តរាគមន៍ មិនអាចទប់សភាពការណ៍បាន ក៏បណ្តាលឲ្យមនុស្ស៤នាក់បានស្លាប់ ទាំងគ្រួសារ ។
សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់រួមមានឈ្មោះ គឹម ចាន់រ័ត្ន អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ជាប្តី , ឈ្មោះ សែន សុផល អាយ៣៦ឆ្នាំ មុខរបរជាគ្រូបង្រៀន ជាប្រពន្ធ , ឈ្មោះ គឹម ណារី ភេទស្រី អាយុ១០ឆ្នាំ និងឈ្មោះ គឹម សួស្តី ភេទស្រី អាយុ៨ឆ្នាំ ត្រូវជាកូន ។ កូនស្រីទាំង២ បានស្លាប់នៅជាន់ឡៅតឿ ចំណែកឪពុកម្តាយ បានស្លាប់នៅខាងក្រោម ។
មកទល់នឹងពេលនេះ បន្ទាប់ពីអគ្គិភ័យដែលមានមនុស្ស៤នាក់បានស្លាប់ សមត្ថកិច្ចមិនទាន់ប៉ាន់ប្រមាណបានថា ទ្រព្យសម្បត្តិជនរងគ្រោះ ខូចខាតមានចំនួនប៉ុន្មាននោះឡើយ ៕






































