អ្នកចាត់ការក្លិប Queens Park Rangers លោក Harry Redknapp (ហារី រ៉េដណេប) បាននិយាយឲ្យដឹងថា លោកកំពុងព្យាយាមនាំយកខ្សែបម្រើកណ្តាលរបស់ក្លិប West Ham គឺកីឡាករ Ravel Morrison មកកាន់ទឹកដី Loftus Road ជាលក្ខណៈខ្ចីជើង ។ សេចក្តីរាយការណ៍មួយបានលើកឡើងថា QPR ជាក្លិបមួយក្នុងចំណោមក្លិបចំនួន ៣ ក្នុងក្របខណ្ឌ Championship ដែលមានចំណាប់អារម្មណ៍លើកីឡាករវ័យ ២១ ឆ្នាំរូបនេះ ។
Morrison បានបង្ហាញពីទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម West Ham មុនរដូវកាលបុណ្យណូអែលប៉ុន្តែរូបគេមិនបានចូលលេងក្នុងក្របខណ្ឌ Premier League ឡើយចាប់តាំងពីខែធ្នូមកជាហេតុធ្វើឲ្យលោក Redknapp មានក្តីសង្ឃឹមថា West Ham នឹងយល់ព្រមឲ្យ Morrison ផ្លាស់ទៅលេង QPR ជាលក្ខណៈខ្ចីជើងបណ្តោះអាសន្ន ។ គួរបញ្ជាក់ថា Morrison ស៊ុតបញ្ចូលទីបានចំនួន ៥ គ្រាប់ក្នុងការប្រកួត ២១ លើកចាប់តាំងពីចាប់ផ្តើមរដូវកាលនេះមក ៕