កំពង់ធំៈ ក្រោមការយកចិត្តទុកដាក់របស់លោក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំពោះមន្ត្រី ជននិវត្តន៍ជន និងមន្ត្រីជនពិការ ដែលជាអតីតយោធិន ធ្លាប់បំរើការនៅអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានឯកឧត្តម នាំយកអំណោយចែកជូន និងសួរសុខទុក្ខនៅព្រឹកថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០១៥ ស្ថិតនៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
គ្រួសារអតីតយោធិន ចំនួន២គ្រួសារ ទី១ ឈ្មោះ ឡុង សៀង អាយុ ៦៧ឆ្នាំ អតីតជាកងកម្លាំងផ្នែកសឹករង ក្រុងស្ទឹងសែន មានប្រពន្ឋឈ្មោះ អោម នឹម មានកូន៥នាក់ ប្រុស១ ស្រី៤ មុខរបរបច្ចុប្បន្នធ្វើស្រែ ទីឈ្មោះ សត មួត អាយុ ៥៩ឆ្នាំ ជាជនពិការដៃ និងជើង ជាអតីតផ្នែកសឹករងក្រុងស្ទឹងសែន ពិការផ្ទុះមីននៅចំនុច ភូមិវល្លិយាវ ប្រពន្ឋឈ្មោះ ស៊ុប ផាន មានកូន៥នាក់ ប្រុស២ ស្រី៣ មុខរបរធ្វើស្រែ ទាំង២គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៣គ.ក ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មីមួយកេស ថវិកា១០ម៉ឺនរៀល ។
លោក សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា សម្ភារៈទាំងនេះ គឺជាទឹកចិត្តរបស់កងកម្លាំងចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងនាមជាអតីតធ្លាប់រួមរស់ជាមួយគ្នា ធ្លាប់ឆ្លងកាត់ក្នុងភ្លើងសង្គ្រាមដ៏ជូរចត់កន្លងមក សម្រាប់ជូនដល់គ្រួសារជនពិការដោយសារតែបុព្វហេតុ ការពារជាតិមាតុភូមិ ការពារទឹកដី និងយកសន្តិភាពជូនជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស លោក សោម ស៊ុន បានបញ្ជាក់ថា ទោះជាអំណោយនេះមិនច្រើនក្តី តែជាការលើកទឹកចិត្តដល់បងប្អូនដែលបាន ចូលនិវត្តជន ឬពិការភាព ដើម្បីផ្តល់នូវភាពកកក្តៅ កុំឲ្យបងប្អូនយល់ថារស់នៅដោយឯកការ ហើយក៏សូម បញ្ជាក់ផងដែរថា គ្រប់អតីយុទ្ធជនទាំងអស់ពុំត្រូវបានបោះបង់ចោលនោះទេ ដោយឡែកគឺមានការយកចិត្ត ទុកដាក់ពីលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងលោក ជា ម៉ន មេបញ្ជាការយោភូមិភាគទី៤ បាន ណែនាំនិងចង្អុលបង្ហាញឲ្យ មានការយកចិត្តទុកដាក់ខ្ពស់ដល់អតីតយុទ្ធជន ចុះសួរសុខទុក្ខជាប្រចាំដើម្បីផ្សាភ្ជាប់ចំណងមិត្តភាពរវាងកម្លាំង ថ្នាក់ដឹកនាំនិងអតីតយុទ្ធជន។
ដោយ ប៊ុន រដ្ឋា







































