ភ្នំពេញៈ កិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលឡាវត្រូវបានធ្វើឡើងរយៈពេល៤ថ្ងៃដើម្បីពិនិត្យអំពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចធនាគារនៅក្នុងប្រទេសទាំងពីរ។
ពិធីបើកកិច្ចប្រជុំជាផ្លូវការត្រូវបានធ្វើឡើងកាលពីដើមសប្តាហ៏កន្លងមកក្រោមវត្តមានរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជានិងលោក សំផៅ ផាស៊ីត (Somphao PHA YSITH)ទេសាភិបាលធនាគារកណ្តាលឡាវនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីតត្រា។មន្ត្រីធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយនឹងធនាគារកណ្តាលឡាវដែលកិច្ចប្រជុំនេះប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃ។ កិច្ចប្រជុំធ្វើនៅទីក្រុងភ្នំពេញ ប៉ុន្តែដំណើរទស្សនកិច្ចគឺបានរៀបចំនៅទីក្រុងព្រះសីហនុដើម្បីពិនិត្យនូវការវិវត្តន៍រីកចម្រើន។
មន្ត្រីបានបន្តថា កិច្ចប្រជុំនេះគឺដើម្បីពិនិត្យទៅលើខ្លឹមសារសំខាន់បី៣ ពិនិត្យអំពីការរីកចម្រើនសេដ្ឋកិច្ចធនាគារនៅប្រទេសកម្ពុជានិងឡាវ .ពិនិត្យអំពីទំនាក់ទំនងនិងការរីកចម្រើនលើវឌ្ឍនភាពវិស័យធនាគារនៃប្រទេសទាំងពីរ ដែលវិស័យធនាគារបានដើរតួនាទីស្នូលក្នុងការសម្របសម្រួលនិងប្រតិបត្តិការពាណិជ្ជកម្ម ការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរកម្ពុជា.ឡាវ ។ បន្ថែមពីលើនេះកិច្ចប្រជុំនិងពិភាក្សាអំពីវឌ្ឍនភាពនៃការផ្លាស់ប្តូរជំនួយបច្ចេកទេសនិងការផ្លាស់ប្តូរមន្ត្រីបច្ចេកទេសរបស់ប្រទេសទាំងពីរផងដែរ។
នាឪកាសនោះលោក ជា ចាន់តូ បានមានប្រសាសន៍ថា វត្តមានរបស់ទេសាភិបាលនិងគណៈប្រតិភូធនាគារកណ្តាលឡាវនាពេលនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពង្រឹងកិច្ចសហប្រតិបតិ្តការទ្វេភាគីរបស់យើងលើវិស័យធនាគារ ការបណ្តុះបណ្តាលធនធានមនុស្សនិងការផ្លាស់ប្តូរព័ត៌មានរវាងធនាគារកណ្តាលទាំងពីរសំដៅរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារឲ្យបានរីកចម្រើនរឹងមាំ។
លោកទេសាភិបាលបានជម្រាបជូនគណៈប្រតិភូដោយសង្ខេបពីការរីកចម្រើននៃវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជានាពេលកន្លងមកនេះថា បន្ទាប់ពីវិបត្តិឆ្នាំ២០០៩សេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័សដោយមានអត្រាកំណើនជាមធ្យមប្រមាណ៧ភាគរយចាប់ពីឆ្នាំ២០១០ដល់ឆ្នាំ២០១៤ ហើយក្នុងឆ្នាំ២០១៥នេះសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងកើនឡើងក្នុងអត្រា៦,៩ភាគរយដែលបន្តគាំទ្រជាចម្បងដោយការរីកចម្រើននៃវិស័យកាត់ដេរ ទេសចរណ៍និងសំណង់។
លោកបានបន្ថែមទៀតថា ទន្ទឹមនេះស្ថានភាពម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាពល្អប្រសើរដោយអត្រាអតិផរណាស្ថិតក្នុងកម្រិតទាបប្រមាណ១ភាគរយប៉ុណ្ណោះក្នុងរយៈពេល១១ខែឆ្នាំ២០១៥នេះ។ អត្រាប្តូរប្រាក់ត្រូវបានបន្តរក្សាឲ្យមានលំនឹងទោះបីជាតម្លៃប្រាក់ដុល្លារបានប្រែប្រួលគួរឲ្យកត់សម្គាល់ធៀបនឹងរូបិយវត្ថុក្នុងតំបន់ក៏ដោយ។
លោកបានបញ្ជាក់ថា ដើម្បីបន្តរក្សាកំណើនសេដ្ឋកិច្ចឲ្យបានរឹងមាំក្នុងរយៈពេលមធ្យមនិងរយៈពេលវែងរាជរដ្ឋាភិបាលកម្ពុជាបានបន្តអនុវត្តកម្មវិធីកំណែទម្រង់នានាសំដៅពង្រឹងនិងធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចជាពិសេសបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មនាពេលថ្មីៗនេះ៕