ខេត្តកំពង់ឆ្នាំង៖ ធុងហ្គាសរទេះលក់គុយទាវ និងមីឆាមួយគ្រឿងបានផ្ទុះធ្លាយឆាបឆេះ ធ្វើអោយមានការភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅមុខមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ក្បែរសួនច្បារវិមានឯករាជ្យ ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង នៅក្នុងហេតុការណ៍នេះអ្នកលក់ គុយទាវ និងមីឆាខាងលើបានរងរបួសស្រាល។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ អ្នករុញរទេះលក់គុយទាវ និងមីឆា ពេលយប់ ខាងលើនេះមានឈ្មោះ ទូច សំភាស់ អាយុ២៦ឆ្នាំ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ មុនពេលកើតហេតុគាត់បានយកធុងហ្គាស ដែលអស់ហ្គាស់ទៅដូរដាក់ធុងហ្គាស់ថ្មី ស្រាប់តែនៅពេលដែលគាត់បិទហ្គាស់ក្រោយពីឆាមីលក់អោយគេមក ធ្វើអោយដាច់កវ៉ានបិទបើកហ្គាស់ បិទមិនកើត និងបានផ្ទុះលេចហ្គាស់មកក្រៅ ឆាបឆេះផ្ទុះចេញអណ្តាតភ្លើងឆេះសន្ធោសន្ធៅឡើង ឆេះរលាកដៃគាត់ទៀត ។ ក្នុងហេតុការណ៍បែបនេះ ទាំងគាត់ ទាំងភ្ញៀវដែលកំពុងអង្គុយ ហូបគុយទាវ និងមីឆា បានរត់ចេញពីកន្លែងកើតហេតុគ្រប់ៗគ្នាគេចពីគ្រោះថ្នាក់។
សមត្ថកិច្ចបានអោយដឹងទៀតថា៖ ក្នុងហេតុការណ៍នេះ អណ្តាតភ្លើងបានឆេះឡើងឆាបដល់ខ្យែកាបភ្លើងខាងលើ ខណៈនោះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តដែលនៅជិតទីនោះបានមកជួយអន្តរាគមបាញ់ទឹកពន្លត់។ តែនៅពេលភ្លើងរលត់ហើយក្តី តែហ្គាស់នៅតែបន្តចេញពី ធុងគ្មាន
អ្នកណាហ៊ានចូលនោះទេ រហូតដល់ខ្យល់ហ្គាស់ចេញពីធុង ។ ដោយឡែកសម្ភារៈលក់ដូរខាងលើបានឆេះខូចទាំងស្រុង ដែលតាមការសន្និដ្ឋាន អស់ទឹកប្រាក់ជាង១០ម៉ឺនរៀល៕







































