សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ​នឹង​ត្រូវបាន​ជួសជុល​កែលម្អ​ឡើងវិញ​

0

​សៀមរាប​៖ ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ ដែល​ស្តីពី​ការងារ​ជួសជុល និង​កែលម្អ​ឡើងវិញ​នូវ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ ត្រូវបាន​រៀបចំឡើង​នៅ​ទីស្នាក់ការ អាជ្ញាធរ​ជាតិ​អប្សរា នា​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ ។Image1​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះដែរ​ធ្វើឡើង​ដោយមាន​៤​ភាគី​ចូលរួម​គឺ អាជ្ញាធរ​ជាតិ​អប្សរា មូលនិធិ​ក្លឹប​១%​នៃ​ក្រុមហ៊ុន​អ៊ី​អុង សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា និង​ក្រុមហ៊ុន​សា​តូ​កម្ពុជា​។​
​តាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ អាជ្ញាធរ​ជាតិ​អប្សរា ជា​អ្នក​សម្រួល​ការងារ​ជួសជុល ដឹកជញ្ជូន​ចម្លាក់​ទុកដាក់​ក្នុង​ទី​សុវត្ថិភាព និង​រៀបចំ​ឡើងវិញ​ក្រោយ​ជួសជុល​ជុល​រួច ចំណែក ការចំណាយ​ទៅលើ​ការជួសជុល​ជា​បន្ទុក​របស់​មូលនិធិ​ក្លឹប​១%​នៃ​ក្រុមហ៊ុន​អ៊ី​អុង​។​
​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​ក្លឹប​អ៊ីង​អុង​១% លោក ហា​យ៉ា​ស៊ី ណា​អុ​គី បញ្ជាក់​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ថា មូលនិធិ​ក្លឹប​អ៊ី​អុង​នឹង​រៀបចំ​ការងារ​សិក្សា​លម្អិត ជាមួយ​ក្រុមហ៊ុន​សា​តូ​កម្ពុជា ដែលជា​ក្រុមហ៊ុន​សាងសង់ ហើយនឹង​កំណត់​ចំណុច​អាទិភាព​ដែល​ត្រូវ​ជួសជុល​កែលម្អ ព្រមទាំង​តម្លៃ​ជួសជុល​នៅមុន​ខែមីនា ឆ្នាំ​២០១៦​នេះ​។ ចំណែក​ការងារ​ជួសជុល​អាច​នឹង​ចាប់​ផ្តើមឡើង​នៅ​អំឡុង​ខែតុលា​ឆ្នាំ​២០១៦​ខាងមុខ ដោយ​ចំណាយពេល​៣​ខែ​។​
​ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​សម្តែង​ថ្លែងអំណរគុណ និង​អបអរសាទរ​ចំពោះ​មូលនិធិ​ក្លឹប​អ៊ី​អុង​១% ដែល​តែង​យកចិត្តទុកដាក់​ដល់​ការងារ​អភិរក្ស​បេ​តិក​ណ្ឌ​វប្បធម៌ ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។ ឯកឧត្តម​បញ្ជាក់ទៀតថា មិន​ត្រឹមតែ​សារមន្ទីរ​ប៉ុណ្ណោះ​ទេ នៅ​ឆ្នាំ​២០០៣​កន្លងមក មូលនិធិ​នេះ​ក៏បាន​ចូលរួម​ដាំ​សួន​ដើមឈើ​អនុស្សាវរីយ៍​មួយកន្លែង នៅក្បែរ​សួន​គ្រឿងទេស​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ​។ តទៅ​ខាងមុខ អាជ្ញាធរ​ជាតិ​អប្សរា​ក៏មាន​បំណង​ឲ្យ​មូលនិធិ​នេះ​ចូលរួមចំណែក ក្នុង​ការងារ​សង្គម​មួយចំនួន​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដូចជា​ការលើកតម្កើង​ជីវភាព​ប្រជាជន​ក្នុង​រមណីយដ្ឋាន​អង្គរ តាមរយៈ​ក្រុមការងារ​សហគមន៍រ​បស់​អាជ្ញាធរ​ជាតិ​អប្សរា​ជាដើម​។​
​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ​កសាងឡើង​នៅ​ឆ្នាំ​២០០៧ ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា ដោយ “​មូលនិធិ​នៃ​ក្លឹប​១%” របស់​ក្រុមហ៊ុន​អ៊ី​អុង ដើម្បី​ដាក់តាំង និង​តម្កល់​វត្ថុ​បុរាណ ដែល​បាន​រកឃើញ​ក្នុងពេល​សិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា កាលពី​ឆ្នាំ​២០០០ និង​២០០១​នៅ​ប្រាសាទបន្ទាយក្តី​៕1225150952a Image2 1225150857
​វេហាស៍​