ខេត្តសៀមរាប៖ លោកយាយ ប្រាក់ ប៉ុក ដែលមានអាយុជិត៨០ឆ្នាំ រស់ក្នុងសភាពក្រីក្រមានទីលំនៅក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប បានស្រែកសុំសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយដល់រូបគាត់ បន្ទាប់ពីរូបគាត់ទទួលរងនូវអំពើអយុត្តិធម៌ដោយសារតែ
ប្រពន្ធនាយទាហានម្នាក់ ប្តឹងរំលោភយកដីគាត់ទាំងកម្រោល។
លោកយាយប្រាក់ ប៉ុក បានរៀបរាប់កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះថា ក្រោយពីរបបខ្មែរក្រហមដួលរលំ ក្នុងឆ្នាំ១៩៧៩ រូបគាត់និងក្រុមគ្រួសារបានមករានព្រៃ ដើម្បីធ្វើស្រែបាន ប្រមាណជាបីហិកតានៅក្នុងភូមិគោកដូង ឃុំទឹកវិល ស្រុកពួក បច្ចុប្បន្នជាក្រុងសៀមរាប និងមានការទទួលស្គាល់ពីអាជ្ញាធរកាលពីជំនាន់នោះផងដែរ។ លោកយាយបន្តថា លុះដល់ឆ្នាំ២០០៥ ស្រាប់តែមានឈ្មោះ អ៊ុក សាឡន ដែលជាប្រពន្ធនាយទាហានម្នាក់ដែលបម្រើការនៅខេត្តឧត្តរមានជ័យ បានមកដាក់ពាក្យប្តឹងទៅតុលាការខេត្តសៀមរាប ទាមទារយកដីទំហំ២៤០០ម៉ែត្រការេមកគ្រប់គ្រង ដោយសំអាងថា ដីនេះគេបានទិញកាលពីឆ្នាំ១៩៩៣ និងមានប្លង់ត្រឹមត្រូវ។
បន្ទាប់ពីមានការប្តឹងប្តល់នោះ តុលាការគ្រប់ជាន់ថ្នាក់តាំងពីតុលាការខេត្តសៀមរាប រហូតដល់តុលាការកំពូល បានសម្រេចឲ្យលោកយាយចាញ់ក្តីទាំងអយុត្តិធម៌។ ព្រោះថា យោងតាមប្លង់ដីដែល អ៊ុក សាឡន ប្តឹងទាមទារនោះមិនមានទីតាំងដីនៅក្នុងភូមិគោកដូងទេ គឺនៅក្នុងទឹកដីភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាបឯណោះទេ។
លោកយាយ ប្រាក់ ប៉ុក បន្តថា ដោយសាររងនូវអំពើអយុត្តិធម៌ពីសំណាក់តុលាការគ្រប់ជាន់ថ្នាក់នេះ លោកយាយបានដាក់ពាក្យសុំការអន្តរាគមន៍ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដើម្បីរកយុត្តិធម៌ដល់ រូបគាត់ ហើយនៅឆ្នាំ២០០៧ នោះទាំងក្រសួងយុត្តិធម៌ និងមហាអយ្យការអមតុលាការកំពូល បានចេញលិខិតមកតុលាការខេត្តសៀមរាបដើម្បីផ្អាកការអនុវត្តសាលដីការបស់តុលាការកំពូលសិន។
នៅខែមិថុនា ឆ្នាំ២០០៨ ក្រសួងមហាផ្ទៃ ក៏បានចេញ សជណ មួយ ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃមិនជំទាស់នឹងការអនុវត្តសាលដីការបស់តុលាការកំពូលទេ ប៉ុន្តែសុំឲ្យតុលាការអនុវត្តតាមសាលដីការបស់ខ្លួនចំពោះទីតាំងដី ដែលមានក្នុងប័ណ្ណសំគាល់កម្មសិទ្ធិកាន់កាប់ប្រើប្រាស់ដែលដើមបណ្តឹងអ៊ុក សាឡន ដាក់ប្តឹង ដែលដីនោះមានទីតាំងនៅក្នុងភូមិខ្វៀន សង្កាត់លេខ៣ (បច្ចុប្បន្នជាសង្កាត់គោកចក ក្រុងសៀមរាប) ប៉ុន្តែមិនត្រូវអនុវត្តសាលដីការនេះនៅលើទីតាំងដីនៅភូមិគោកដូង ឃុំទឹកវិល ស្រុកពួក (បច្ចុប្បន្នកាត់ចូលមកក្រុងសៀមរាប) ដែលកាន់កាប់ និងគ្រប់គ្រងដោយលោកយាយប្រាក់ ប៉ុក នោះទេ។ ការដែលក្រសួងមហាផ្ទៃចេញសជណនេះ គឺបន្ទាប់ពីក្រសួងបានចាត់តាំងឯកឧត្តមនុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារអធិការកិច្ចក្រសួងចុះទៅស្រាវជ្រាវពិនិត្យជាក់ស្តែងនៅទីតាំងដីទំនាស់ ឃើញថា ដីដែលលោកយាយប្រាក់ប៉ុក កំពុងគ្រប់គ្រង និងទីតាំងដីក្នុងប័ណ្ណ កម្មសិទ្ធិដែលតុលាការកាត់ឲ្យលោកស្រីអ៊ុក សាឡន នោះនៅឆ្ងាយដាច់ស្រឡះពីគ្នា សូម្បីតែភូមិ ឃុំ និងស្រុកក៏ខុសគ្នាដែរ។
បន្ទាប់ពីមានការអន្តរាគមន៍នេះ ឃើញថា រឿងរ៉ាវបានស្ងប់ស្ងាត់រហូត។ លុះមកដល់ឆ្នាំ២០១៥ ស្រាប់តែស្ត្រី អ៊ុក សាឡន លើកគ្នាមកវាយទ្វាររបង រុះរើផ្ទះរបស់គាត់ ព្រមទាំងបានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយប្តឹងលោកយាយប្រាក់ ប៉ុក ពីបទលួចលក់អចលនវត្ថុអ្នកដទៃបន្ថែមទៀត។
ចំពោះទង្វើរបស់ស្ត្រីអ៊ុក សាឡន នេះ ត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរភូមិគោកដូង រិះគន់ថា ជាការចង់បានឥតខ្មាស់របស់លោកស្រីអ៊ុក សាឡន ។
មេភូមិគោកដូង លោកធុយ ហ៊ត់ បានថ្លែងថា ដីដែលលោកយាយប្រាក់ ប៉ុក ពិតជាដីរបស់ គាត់តាំងដើមមក ជាដីដែលក្រុមសាមគ្គីចែកឲ្យគាត់ពិតប្រាកដ។ លោកមេភូមិក៏បានសំណូមពរឲ្យស្ថាប័នអនុវត្តច្បាប់ផ្តល់យុត្តិធម៌ជូនលោកយាយផង។
ចំពោះការចោទប្រកាន់ខាងលើនេះ មិនអាចទាក់ទងការបំភ្លឺពីលោកស្រី អ៊ុក សាឡន បានទេ៕

វេហាស៍




































