សៀមរាប៖ ក្នុងរយៈពេលនៃរដូវប្រាំងកន្លងមកនេះ ប្រជាពលរដ្ឋដែលចូលចិត្តដើរកំសាន្តតាមជាយក្រុងសៀមរាប រួមទាំងភ្ញៀវទេសចរជាតិអន្តរជាតិផងដែរ ដែលនិយមកំសាន្តនៅតាមបណ្តាមូលដ្ឋានសហគមន៍ទេសចរណ៍ជនបទ ពួកគេបានជួបប្រទះហ្វូងសត្វស្លាបទឹក ជាពិសេសពពួកសត្វកុក និង សត្វដង្គៀលខ្យង ចុះរកចំណីនៅជិតៗភូមិស្ថានអ្នកស្រុក ដូចជានៅស្រុកពួក ប៉ែកខាងលិចក្រុងសៀមរាប នៅក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ប៉ែកខាងត្បូងក្រុងសៀមរាបជាដើម ដែលភូមិសាស្ត្រទាំងនោះ នៅជាប់នឹងដែនភូមិសាស្ត្រនៃបឹងទន្លេសាប ។
វត្តមានសត្វស្លាបទឹកទាំងនោះ វាគឺជាចម្ងល់ដែលអ្នកបានឃើញទាំងនោះ ចង់ដឹងថា ពួកវាមកពីតំបន់និងមានទីជម្រកនៅឯណា ? ។ លោក ស៊ឹម ឈីនឈាវពិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ទទួលបន្ទុករដ្ឋបាលការពារ និង អភិរក្សធនធានធម្មជាតិ បានឲ្យដឹងថា ហ្វូងសត្វស្លាបទាំងនោះ គឺមកពីតំបន់បឹងពារាំង ដែលជាតំបន់អភិរក្សត្រីមេពូជ ក្នុងដែនបឹងទន្លេសាប ចំណុចត្រីកោណ ៣សង្កាត់ ( ជ្រាវ សៀមរាប និងចុងឃ្នៀស ) ក្នុងទំហំប្រមាណជា៤០០ហិចតា ។ លោកបានបញ្ជាក់ថា អស់រយៈពេលជិត១ឆ្នាំកន្លងមកហើយ ដែលមន្ទីរបរិស្ថានខេត្តសៀមរាប ក្រោមមានកិច្ចសហការពីសំណាក់អង្គការជាដៃគូ មន្ទីរពាក់ព័ន្ធ នឹងការចូលរួមយ៉ាងពេញទំហឹងពីសំណាក់អាជ្ញាធរដែនដី សហគមន៍ និងប្រជាការពារផងដែរ រួមគ្នាស្វាគមន៍និងការពារវត្តមានគ្រួសារសត្វស្លាបទឹក ដែលពីមុន ក្នុងតំបន់នេះ មន្ត្រីជំនាញបំពេញប្រតិបត្តិការលើភារកិច្ចការពារដែនអភិរក្សត្រីមេពូជ និង ទប់ស្កាត់ការបំផ្លិចបំផ្លាញព្រៃលិចទឹក ព្រៃត្រីពងកូន ។
លោក ស៊ឹម ឈីនឈាវពិសិដ្ឋ បានបន្តឲ្យដឹងថា ហ្វូងសត្វដង្គៀលខ្យង និង ហ្វូងសត្វកុកទាំងនោះ វាចុះរកចំណីជិតភូមិអ្នកស្រុក វាមិនផ្អើលនឹងមនុស្សទេ ព្រោះអ្នកស្រុកផ្តល់ភាពស្និតស្នាល និងផ្តល់ក្តីស្រឡាញ់ឲ្យពួកវា បងប្អូនយើងយល់ដឹងខ្ពស់ និងចូលរួមអភិរក្សសត្វទាំងនោះផងដែរ ។
លោកបានបញ្ជាក់បន្ថែមទៀតថា ដោយសារតែពេលនេះ បឹងពារាំងនៅមានទឹកជ្រៅ ដែលមិនអាចឲ្យសត្វស្លាបទាំងនោះរកចំណីបាន ទើបពួកគេទៅរកចំណីតាមវាលស្រែជិតភូមិអ្នកស្រុក ក៏ប៉ុន្តែនៅពេលព្រលប់ ពួកគេត្រូវវិលត្រឡប់ទៅកាន់ទីជម្រករបស់ពួកគេវិញនៅបឹងពារាំង ហើយលោកបានបញ្ជាក់បន្ថែមថា ពពួកសត្វស្លាបទឹកដែលតាំងទីជម្រកនៅបឹងពារាំង មានជាច្រើនប្រភេទទៀត ប្រហែលជាអាចនឹងជិត១ម៉ឺនក្បាល សត្វកុកច្រើនជាងគេ ប្រហែលរាប់ពាន់ក្បាល ដង្គៀលខ្យងជិត១ពាន់ក្បាលនក្រៅពីនេះនៅមានសត្វគ្រៀលក្រហម សត្វទុង សត្វទោម ក្រសារ រនៀល ប្រវឹក ទាទឹកជាដើម ។ នៅក្នុងអំឡុងចាប់ពីពាក់កណ្តាលខែមិនាខាងមុខ សត្វស្លាបទឹកទាំងនោះ នឹងរួមរស់ជាមួយគ្នា រកចំណីនិងស្នាក់អាស្រ័យនៅបឹងពារាំងនេះ ទាំងយប់ទាំងថ្ងៃ ជាអចិន្ត្រៃយ៍ រហូតដល់រដូវស្សា ទឹកតម្លើង នៅក្នុងតំបន់បឹងទន្លេសាប ។
មន្ត្រីបរិស្ថានរូបនោះបាននិយាយថា ៖ វត្តមានថ្មី របស់គ្រួសារសត្វស្លាបទឹកនៅតំបន់បឹងពារាំង បានបំពេញឲ្យតំបន់នោះ នឹងក្លាយជាតំបន់អេកូទេសចរណ៍ថ្មីមួយទៀត សម្រាប់ខេត្តសៀមរាប នាពេលអនាគត ៕