ខេត្តសៀមរាប៖ទោះបីអាជ្ញាធរអប្សរាទទួលលុយជាង២០លានដុល្លា ក្នុងមួយឆ្នាំពីថវិកាជាតិ ដើម្បីការថែទាំប្រាសាទរួមទាំងប្រាក់ជំនួយពីបរទេសដ៏ច្រើននោះក៏ដោយ ស្ពានតាអោងពុំត្រូវបានថែទាំទេ ដោយទុកឲ្យរថយន្តដឹកឈើធំៗបរកាត់តាមចិត្ត។ពាក់ព័ន្ធនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋានបែបនេះ អាជ្ញាធរជាតិអប្សរាសូមធ្វើការបំភ្លឺថា ៖ស្ពានតាអោងមានទីតាំងនៅក្នុងភូមិកំបោអរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប (មិនមែននៅក្នុងស្រុកកំពង់ក្តីដូចការលើកឡើងនោះទេ)។ ស្ពាននេះ ជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណចំនួន ២៣លើកំណាត់ផ្លូវបេង (ផ្លូវបុរាណពីអង្គរទៅប្រាសាទព្រះខ័នកំពង់ស្វាយ) មានបណ្ដោយប្រវែង ៧៧ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវចំនួន១៥។ រន្ធត្រដេវនីមួយៗមានទទឹងប្រវែង ២ម៉ែត្រ និងកម្ពស់ ៦ម៉ែត្រ។ ស្ពាននេះ ធ្វើអំពីថ្មបាយក្រៀមលម្អដោយបង្កាន់ដៃនាគក្បាល៩ និងមានព្រះពុទ្ធសមាធិនៅចំក្បាលធ្វើអំពីថ្មភក់ ស្ថិតក្នុងរចនាបទបាយ័ន សតវត្សទី១២-១៣។
កន្លងមក ការអភិរក្សថែទាំរបស់អាជ្ញាធរជាតិអប្សរា មិនមែនត្រឹមតែប្រាង្គប្រាសាទក្នុងឧទ្យានអង្គរ ដែលជាបេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេ ប្រាសាទ និងស្ថានីយបុរាណផ្សេងៗ ក្រៅពីឧទ្យានអង្គរដែលស្ថិតនៅក្នុងខេត្តសៀមរាប ក៏មាននាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ថែទាំជាប្រចាំដែរ។ ចំពោះករណីស្ពានតាអោងនេះ តាំងពីឆ្នាំ២០០៨មក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមធ្វើការអភិរក្សថែទាំលើកតម្លៃ ដោយបានសម្អាតរុក្ខជាតិ ចាក់ដីបំពេញទីដែលហូរច្រោះ និងសម្អាតសម្រាស់ដែលកកស្ទះចេញពីរន្ធត្រដេវ ហើយបានធ្វើបង្គោលបេតុងការពារស្ពានបុរាណនេះ ដើម្បីការពាររថយន្តធុនធ្ងន់បើកបរពីលើដែលបង្កឲ្យមានរំញ័រខ្លាំង ដោយទុកចន្លោះ ២,២០ម៉ែត្រ ដែលរថយន្តចំណុះ៣តោនអាចធ្វើដំណើរទៅមកបានធម្មតា ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាជនក្នុងតំបន់នោះទៀតផង។ ថ្មីៗនេះ នាយកដ្ឋានជំនាញក៏បានរៀបចំស្លាកសញ្ញា និងបង្គោលរបារបន្ថែមទៀត ក្នុងន័យទប់ស្កាត់ឲ្យបាននូវយានយន្តលើសទម្ងន់បរកាត់ស្ពានបុរាណនេះ។ ម្យ៉ាងទៀត អាជ្ញាធរជាតិអប្សរាក៏កំពុងសិក្សាពិនិត្យលទ្ធភាពធ្វើស្ពានវាងថ្មីសម្រាប់ប្រើប្រាស់ ដោយទុកស្ពានតាអោងនេះ សម្រាប់អភិរក្សជាមត៌កបេតិកភណ្ឌជាតិ និងជាសមិទ្ធផលទេសចរណ៍ ដូចដែលធ្លាប់បានធ្វើយ៉ាងជោគជ័យនៅស្ពានកំពង់ក្តី និងស្ពានបុរាណមួយចំនួនតាមផ្លូវជាតិលេខ៦ពីកំពង់ក្តីមកក្រុងសៀមរាបដែរ។ដូច្នេះ ការលើកឡើងរបស់ឯកឧត្តម សុន ឆ័យ គឺជាព័ត៌មានមិនពិត ផ្ទុយពីអ្វីដែលអាជ្ញាធរជាតិអប្សរាកំពុងអនុវត្តជាក់ស្តែង ដោយហេតុថា ស្ពានតាអោងនេះអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ថែទាំជាប្រចាំ និងបានដាក់បង្គោលរបាររារាំងមិនឲ្យរថយន្តធំដែលមានទម្ងន់លើសពី៣តោនឆ្លងកាត់ ព្រមទាំងដាក់ស្លាកព័ត៌មានបង្ហាញអំពីប្រវត្តិសាស្ត្រ ផ្ទាំងជូនដំណឹងការធ្វើចរាចរណ៍ទៀតផង៕