ដើមឈើ​តាម​ប្រាសាទ​ក្នុង​តំបន់​អង្គរ​ត្រូវបាន​ធ្វើបញ្ជី​សារពើ​ភណ្ឌ​

0

សៀមរាប៖រមណីយដ្ឋានអង្គរមានទំហំ៤០១គីឡូម៉ែត្រក្រឡា ដែលគ្របដណ្តប់ទៅដោយព្រៃឈើ៥.៧៣៧ហិកតា និងដីមិនមានគម្របព្រៃឈើ៣៤.៣៧៨ហិចតា ព្រមទាំងមានប្រាសាទចំនួន៩១។ តាមប្រាសាទនីមួយៗមានដើមឈើដុះចម្រុះលាយឡំគ្នាជាច្រើន នៅក្នុងphoto_2016-04-25_16-03-50បរិវេណប្រាសាទទាំងអស់នោះ។ ទន្ទឹមនឹងផ្តល់ប្រយោជន៍ដល់មនុស្ស និងប្រាសាទ ព្រៃឈើក៏អាចបង្កគ្រោះថ្នាក់មួយចំនួនផងដែរ ដូចជា ការដួលរលំ ឬបាក់មែកប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ ឬមនុស្សដែលឆ្លងកាត់ជាដើម។

ដើម្បីគ្រប់គ្រងបញ្ហាទាំងនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជា្ញធរជាតិអប្សរា បានបង្កើតក្រុមការងារពីរក្រុមសំខាន់ៗគឺ ក្រុមអង្កេតហានិភ័យដើមឈើ និងក្រុមចុះបញ្ជីសារពើភ័ណ្ឌដើមឈើ។ ក្រុមតាមដានហានិភ័យដើមឈើ ជាក្រុមដែលត្រួតពិនិត្យជាប្រចាំរាល់ដើមឈើធំៗ ដែលដុះតាមប្រាសាទ និងតាមដងផ្លូវដែលមានមនុស្សឆ្លងកាត់ ធ្វើយ៉ាងណាបញ្ជៀសឲ្យបាននូវហានិភ័យផ្សេងៗ ដែលអាចមានពីការបាក់រលំដើមឈើ ឬមែកឈើធ្វើឲ្យប៉ះពាល់ដល់ប្រាសាទ និងមនុស្ស។ ក្រុមនេះត្រូវកាត់ក្រីមែក ឬកាប់ដកហូតទាំងស្រុងនូវដើមឈើដែលពិនិត្យឃើញថា អាចនឹងបង្កហានិភ័យដល់ប្រាសាទ ឬមនុស្ស។

ចំណែកក្រុមចុះបញ្ជីសារពើភ័ណ្ឌដើមឈើ ជាក្រុមដែលចុះធ្វើស្ថិតិ ស្រង់ទិន្នន័យ និងបង្ហាញអំពីស្ថានភាពដើមឈើដែលមាននៅតាមប្រាសាទ។ បុគ្គលិកបច្ចេកទេសដែលកំពុងអនុវត្តការងារនេះ លោក ឡី គឹមស៊ី លើកឡើងថា ក្រុមការងារចុះបញ្ជីសារពើភ័ណ្ឌដើមឈើតាមប្រាសាទនានាក្នុងតំបន់អង្គរ ចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០១១មកម្ល៉េះ។ តាមលោក គឹមស៊ី គោលបំណងសំខាន់នៃការចុះបញ្ជីសារពើភណ្ឌនេះ គឺ ដើម្បីក្តាប់ទិន្នន័យដើមឈើ ប្រភេទឈើក្នុងបរិវេណប្រាសាទ និងដើម្បីក្តាប់ទិន្នន័យដើមឈើមានហានិភ័យក្នុងបរិវេណប្រាសាទអោយបានច្បាស់លាស់។ “ដើមឈើនៅក្នុងបរិវេណប្រាសាទមានច្រើនប្រភេទ ដែលចាំបាច់ត្រូវធ្វើសារពើភ័ណ្ឌដើមឈើ ដោយស្រង់យកចំនួនដើមឈើ ប្រភេទឈើ និងដើមឈើមានហានិភ័យ ព្រមទាំងបំពាក់ស្លាកលេខរៀងដើមឈើ ដើម្បីអភិរក្សឈើកម្រ ឈើប្រណិត និងប្រមូលពូជឈើដែលបាត់បង់មកដាំបំពេញបន្ថែម ព្រមទាំងមានវិធានការចំពោះដើមឈើណាដែលហានិភ័យខ្ពស់ប៉ះពាល់ដល់ប្រាសាទ និងភ្ញៀវទេសចរ”។

លោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦នេះ ក្រុមការងាររបស់លោកជ្រើសរើសតំបន់ឧទ្យានកណ្តាលមកអនុវត្ត ដែលធ្វើឡើងនៅលើទីតាំងប្រាសាទចំនួន៩ ប្រាសាទបក្សីចាំក្រុង បន្ទាយប្រិយ បន្ទាយសំរ៉ែ ចៅសាយទេវតា ធម្មនន្ទ បាតជុំ ក្រវ៉ាន់ បាលិលេយ្យ ព្រះវិហារ៧ល្វែង និងប្រាសាទភិមានអាកាស។ លោកគឹម ស៊ី រៀបរាប់ថា អាទិភាពនៃការងារចុះបញ្ជីនេះ គឺធ្វើឡើងទៅលើប្រាសាទដែលមានដើមឈើដែលអាចបង្កគ្រោះថ្នាក់ច្រើន និងជាដើមដែលមានអង្កត់ផ្តឹតចាប់ពីទំហំអង្កត់ផ្ចិតចាប់ពី១០សង់ទីម៉ែត្រឡើង ដោយមិនធ្វើទៅលើប្រាសាទដែលមានឈើច្រើនមានលក្ខណៈជាព្រៃនោះទេ។ ក្រុមការងាររបស់លោកមានគ្នា៤នាក់ ចុះស្រង់ស្ថិតិតាមទីតាំង៣ថ្ងៃ និងបញ្ចូលទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័រ២ថ្ងៃក្នុងមួយសប្តាហ៍៕photo_2016-04-25_16-03-45 photo_2016-04-25_16-03-40