សៀមរាប៖ អ្នកជំនាញមកពីសកលវិទ្យាល័យអាស៊ី សូហ្វីយ៉ា(Asia Sofia)នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីបើកការដ្ឋានជួសជុលស្ពានហាល ប៉ែកខាងលិចរបស់ប្រាសាទអង្គរវត្ត ដំណាក់កាលទី២ ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ ត្រូវចាប់ផ្តើមបើកការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។
ពិធីចុះហត្ថលេខា និងបើកការដ្ឋាននៅព្រឹកមិញនេះបានប្រារព្ធឡើងជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Kumamaru Yuji អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដោយមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាប តំណាងស្ថានទូតនៃប្រទេសមួយចំនួនទៀត ព្រមទាំងប្រជាពលរដ្ឋ សិស្ស និស្សិតយ៉ាងច្រើនកុះករផងដែរ។
ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា រហូតមកដល់ពេលនេះមានប្រទេសចំនួន២៣ ដែលកំពុងជួយលើការងារអភិរក្សជួសជុលប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរដោយឡែកប្រទេសជប៉ុនមានស្ថាប័នចំនួន៣ ដែលកំពុងអនុវត្តការងារស្រាវជ្រាវ និងជួសជុលក្នុងតំបន់អង្គរសព្វថ្ងៃគឺ ស្ថាប័ន JASA កំពុងជួសជុលប្រាសាទបាយ័ន សាកលវិទ្យាល័យណារ៉ា កំពុងជួសជុលប្រាសាទតុបខាងលិច និងសាកលវិទ្យាល័យសូហ្វីយ៉ា កំពុងរៀបគម្រោងជួសជុលស្ពានហាលមុខអង្គរវត្តនាពេលនេះ។ នេះគឺជាជំហានទី២ហើយដែលអាជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ក្នុងការជួសជុលស្ពានហាលមុខប្រាសាទអង្គរវត្ត បន្ទាប់ពីស្ពានហាលនេះត្រូវបានជួសជុលប្រវែង១០០ម៉ែត្រក្នុងដំណាក់កាលទី១ នៅឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០៧។
លោកសាស្ត្រាចារ្យ Toshiaki Koso ប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានអប់រំសូហ្វីយ៉ា បានលើកឡើងថា វាជាមោទនភាពណាស់ដែលប្រទេសជប៉ុនបានមកសហការជាមួយកម្ពុជា ក្នុងការជួសជុលនិងស្តារឡើងវិញនូវបណ្តាប្រាង្គប្រាសាទ ដែលជាបេតិកភណ្ឌពិភពលោកដ៏អច្ឆរិយៈនេះ។ ប្រាសាទខ្មែរត្រូវតែជួសជុលឡើងវិញដោយដៃកូនខ្មែរ និងដើម្បីខ្មែរ ក្នុងន័យនេះ កិច្ចសហការលើការងារជួសជុលស្ពានហាលនេះ គឺដឹកនាំអនុវត្តផ្ទាល់ដោយអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា។ លោកសាស្ត្រាចារ្យបន្ថែមថា តាមរយៈកិច្ចសហការនេះមិនត្រឹមតែបានរឹតចំណងមិត្តភាពកាន់តែជិតស្និទ្ធរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាលសូហ្វីយ៉ាទេ តែរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនតែម្តង។
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បញ្ជាក់ថា ស្ពានហាលនេះគឺជាផ្លូវចេញចូលដ៏សំខាន់នៃប្រាសាទអង្គរវត្ត ដែលជាប្រាសាទមួយប្រកបដោយអត្ថន័យយ៉ាងជ្រាជ្រៅសម្រាប់ប្រជាជាតិខ្មែរ ព្រោះជានិមិត្តរូបជាតិ ជាស្នាដៃស្ថាបត្យកម្ម និងវិស្វកម្មដ៏កំពូលរបស់បុព្វបុរសខ្មែរនាសម័យនោះ។ ជាងនេះទៅទៀត គេជឿថា ស្ពានហាលនេះ គឺជាស្ពានដែលអតីតព្រះមហាក្សត្រខ្មែរព្រះបាទសុរិយវ្ម័នទី២ ធ្លាប់បានយាងចេញចូលប្រាសាទ កាលពីប្រមាណ១ពាន់ឆ្នាំមុន ដើម្បីបំពេញកិច្ចសាសនា និងពិធីផ្សេងៗ។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់លើការងារអភិរក្ស និងអភិវឌ្ឍន៍ជាមួយអាជ្ញាធរជាតិអប្សរាក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ ឯកឧត្តមបញ្ជាក់ថា ការបើកការដ្ឋាននា ពេលនេះជាការបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវស្មារតីសហប្រតិបត្តិការ និងសាមគ្គីភាពជាអន្តរជាតិយ៉ាងរឹងមាំ ក្នុងបុព្វហេតុការពារ ថែរក្សា និងអភិរក្សបេតិកភណ្ឌមនុស្សជាតិ ស្របតាមទិសដៅពាក្យស្លោកថា “បេតិកភណ្ឌដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីបេតិកភណ្ឌ”។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានថ្លែងអំណរគុណដល់បណ្តាប្រទេសដទៃទៀត ដែលបានខិតខំប្រឹងប្រែងចូលរួមលើកិច្ចការអភិរក្សថែរក្សាបេតិកភណ្ឌអង្គរតាំងពីដើមរៀងមក ហើយនឹងអំពាវឲ្យមានការចូលរួមជាបន្តទៀត។ “ដោយហេតុថា ការថែរក្សាការពារ និងការអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ គឺជាកិច្ចការគ្មានទីបញ្ចប់ ប្រកបដោយវិសាលភាពធំធេង ដែលត្រូវការនូវធនធានមនុស្សប្រកបដោយចំណេះដឹង និងជំនាញពិតប្រាកដ និងថវិកាសមស្រប។ ជាងនេះទៅទៀត វាទាមទារនូវការចូលរួមជាប្រចាំពីសំណាក់ដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់”។
ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត មានប្រវែង១៩០ម ទទឹង១១,៦០ម និងកម្ពស់៤ម សាងពីថ្មបាយក្រៀមក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគយ៉ាងល្អឯក គឺជាច្រកចូលដ៏សំខាន់របស់ប្រាសាទអង្គរវត្ត។ ក្នុងអំឡុងទសវត្សទី៦០ សាលាបារាំងចុងបូព៌ាដែលមានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការអភិរក្សតំបន់អង្គរសម័យនោះ បានជួសជុលស្ពាននេះមួយចំហៀងខាងត្បូងរួចរាល់ជាស្ថាពរ។ ចំណែកចំហៀងខាងជើងមានប្រវែង១៩០ម ទទឹង៥,៥មទៀត គឺមិនទាន់បានជួសជុលទេ។ ទើបតែនៅឆ្នាំ១៩៩៦ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន ដែលដឹកនាំដោយលោកសាស្ដ្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា បានបន្តកិច្ចការជួសជុលលើចំណែកដែលនៅសេសសល់បានមួយកំណាត់ប្រវែង៩០មទៀត ដែលចំណាយពេលអស់១២ឆ្នាំ ដោយថវិកាជំនួយរបស់រដ្ឋាភិបាលជប៉ុន និងថវិកាជាតិតាមរយៈអាជ្ញាធរជាតិអប្សរា៕ វេហាស៍