សៀមរាប៖ បារាយណ៍ខាងជើង(ជ័យតដាក) មានបណ្តោយប្រវែង៣៦០០ម៉ែត្រ និងទទឹងប្រវែង៩៣០ម៉ែត្រ ដែលនៅពីដើមដំបូងអាចផ្ទុកទឹកបាន៥លានម៉ែត្រគូប ហើយទឹកនៅក្នុងបារាយណ៍នេះមានតួនាទីសំខាន់ណាស់ក្នុងប្រព័ន្ធជំនឿរបស់ដូនតាខ្មែរ។ ដូនតាខ្មែរ រក្សាទឹកទុកក្នុងបារាយណ៍នេះសម្រាប់ប្រើប្រាស់នៅក្នុងក្រុងអង្គរធំ ក្រុងជ័យស្រី (ប្រាសាទព្រះខ័ន) និងមន្ទីរពេទ្យនាគព័ន្ធ។ បារាយណ៍ខាងជើងនេះ បានរីងស្ងួតហួតហែងអស់រយៈពេលជាង៥០០ឆ្នាំមកហើយ ទើបតែនៅឆ្នាំ២០០៨បារាយណ៍នេះចាប់ផ្តើមមានទឹកសាជាថ្មីឡើងវិញ។
នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ក្រុមអ្នកស្រាវជ្រាវជំនាញខាងគ្រប់គ្រងទឹកមួយចំនួនមិនដែលគិតឃើញថា នឹងអាចធ្វើឲ្យបារាយណ៍នេះមានទឹកសាជាថ្មីឡើងវិញបានឡើយ។ ប៉ុន្តែ នៅឆ្នាំ២០០៧ ក្រុមអ្នកស្រាវជ្រាវជំនាញខ្មែរបានជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណដែលគេបានរកឃើញនៅឆ្នាំ២០០៥ ហើយនៅឆ្នាំ២០០៨ ទឹកក៏ចាប់ផ្តើមហូរចូលក្នុងបារាយណ៍នេះឡើងវិញបាន។
លោកបានបញ្ជាក់ថា ចាប់តាំងពីអ្នកជំនាញយើងរកឃើញប្រព័ន្ធបង្ហូរទឹកបុរាណ ហើយបានស្តារនិងជួសជុលរួចមក អាជ្ញាធរជាតិអប្សរាបានបង្ហូរទឹកចូលក្នុងបារាយណ៍ជារៀងរាល់ឆ្នាំមានដូចជានៅឆ្នាំ២០០៨ មានចំនួន៧០០ ០០០ម៉ែត្រគូប នៅឆ្នាំ២០០៩ បានចំនួន៣ ០០០ ០០០ម៉ែត្រគូប នៅឆ្នាំ២០១០ បានចំនួន៣ ៦៧៨ ០០០ម៉ែត្រគូប និងនៅឆ្នាំ២០១១មកដល់ឆ្នាំ២០១៦នេះ មានចំនួន៥ ០០០ ០០០ម៉ែត្រគូប។
លោកបានបន្តទៀតថា បច្ចុប្បន្ននេះអាជ្ញាធរជាតិអប្សរាបានដាំកូនឈើ ដាំស្មៅតាមជើងទេរទំនប់បារាយណ៍ ដើម្បីការពារជើងទេរនិងទ្រង់ទ្រាយតួទំនប់កុំឲ្យបាក់ដីនិងទឹកភ្លៀងហូរច្រោះ ដែលជាហេតុបណ្តាលឲ្យខូចទំនប់បារាយណ៍និងសំណង់ទា្វរទឹក។ ទន្ទឹមគ្នានោះដែរ អាជ្ញាធរជាតិអប្សរាក៏បានជួសជុលទំនប់ ដែលជ្រាបទឹកនៅតាមជើងបារាយណ៍ក៏ដូចចុះពិនិត្យមើលស្ថានភាពសំណង់ទ្វារទឹក បិទបើកទ្វារទឹកជូនប្រជាពលរដ្ឋប្រើប្រាស់និងចុះយាមល្បាតតាមជុំវិញបរិវេណបារាយណ៍ជាប្រចាំដើម្បីការពារការហូរច្រោះ ការលួចកាប់ព្រៃឈើ ការលួចបរបាញ់សត្វព្រៃនិងធ្វើនេសាទខុសច្បាប់។
សកម្មភាពទាំងអស់នេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងខ្នះខ្នែងរបស់អាជ្ញាធរជាតិអប្សរាក្នុងការលើកស្ទួយតម្លៃបរិស្ថាន ទេសភាពធម្មជាតិ សោភណភាពរបស់បារាយណ៍និងការថែរក្សាការពារអភិរក្សសំណង់បារាយណ៍កុំឲ្យមានការខូចខាត ជាពិសេសការខិតខំប្រឹងប្រែងស្តារឡើងវិញនូវតម្លៃដ៏អស្ចារ្យរបស់សំណង់ធារាសាស្ត្របុរាណរបស់បុព្វបុរស ដែលនៅតែមានតួនាទីយ៉ាងសំខាន់ក្នុងការបម្រើឲ្យកិច្ចការអភិរក្ស និងជំនឿដូនតាតាំងពីសម័យដើមរហូតមកដល់សម័យបច្ចុប្បន្ននេះ៕