សៀមរាប៖ ប្រាសាទបុរាណខ្មែរនៅសៀមរាបអង្គរចំនួន៩១ប្រាសាទ ត្រូវបានចាត់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងចំណោមនោះ ប្រាសាទអង្គរវត្តដែលបានសាងសង់ឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២នាដើមសតវត្សទី១២ កំពុងទទួលបាននូវការចាប់អារម្មណ៍ជាងគេ ពី សំណាក់អ្នកទេសចរអន្តរជាតិ ដែលបានមកទស្សនាតាមរយ:ការឲ្យតម្លៃលើស្នាដៃសិល្បៈ ស្ថាបត្យកម្មនិងចម្លាក់នានាប្រកបដោយភាពរស់រវើក ស្រស់ស្អាត និងផ្ចិតផ្ចង់។ផ្អែកលើប្រវត្តិនៃកិច្ចការអភិរក្សប្រាសាទអង្គរវត្តបានបង្ហាញថា កំឡុងសតវត្សទី១៦ដល់ទី១៨ គឺក្នុងពេលរាជធានីត្រូវបានផ្លាស់ចេញពីអង្គរហើយ ព្រះបាទចន្ទរាជា បុត្រ និងចៅរបស់ព្រះអង្គបានធ្វើការជួសជុល និងបំពេញបង្គ្រប់លើរចនាសម្ព័ន្ធខ្លះៗដែលមិនទាន់បានបញ្ចប់នាព្រះរាជាមុនៗ។ ក្នុងសម័យក្រោយៗមកទៀតប្រាសាទអង្គរវត្តត្រូវបានស្ថាប័នអន្តរជាតិមួយចំនួន ពោលគឺពីសំណាក់សាលាបារាំងចុងបូព៌ា (EFEO) បានសង្គ្រោះនិងជួសជុលលើរចនាសម្ព័ន្ធគ្រោះថ្នាក់និងទ្រុឌទ្រោមមួយផ្នែកធំរបស់ប្រាសាទ។កិត្តិនាមលើតម្លៃនៃប្រាសាទអង្គរវត្តមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរមកទស្សនាប៉ុណ្ណោះទេ តែក៏បានទាក់ទាញស្ថាប័នអន្តរជាតិមួយចំនួនចូលរួមចំណែក ក្នុងកិច្ចការអភិរក្ស ជួសជុល តាមរយ:ការផ្តល់ជំនួយផ្នែកបច្ចេកទេស។ លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសអភិរក្សថ្មដែលកំពុងធ្វើការជួសជុលចម្រឹងបង្អួចប្រាសាទអង្គរវត្តបានបញ្ជាក់ថា បច្ចុប្បន្ន ការដ្ឋានជាតិ និងអន្តរជាតិដែលកំពុងដំណើរការអភិរក្ស និងជួសជុលថ្មនៅប្រាសាទអង្គរវត្តមានចំនួន៤ស្ថាប័នរួមមាន ៖-គម្រោងរបស់អាជ្ញាធរជាតិអប្សរាដែលកំពុងជួសជុលពង្រឹងចម្រឹងបង្អួចនិងច្រាំងកសិន្ធុខាងលិចផ្នែកខាងជើងប្រាសាទអង្គរវត្តប្រវែង៤០ម៉ែត្រ ដែលគ្រប់គ្រងលើផ្នែកបច្ចេកទេសផ្ទាល់ពីអ្នកជំនាញខ្មែរសុទ្ធ
សាធនៃអាជ្ញាធរជាតិអប្សរា។-គម្រោងរបស់ប្រទេសអ៊ីតាលី រួមសហការជាមួយអាជ្ញាធរជាតិអប្សរា (APSARA-I.Ge.S) ដែលទើបបញ្ចប់លើកិច្ចការជួសជុលបង្កាន់ដៃនាគនៅក្ការបែនខាងលិចនិងច្រាំងកសិន្ធុខាងលិចប្រាសាទអង្គរវត្តក្នុងដំណាក់កាលទី២ប្រវែង៤០ម៉ែត្រកាលពីចុងខែ ធ្នូ ឆ្នាំ ២០១៥កន្លងទៅ។-គម្រោងជួសជុលក្បាច់ចម្លាក់និងចម្លាក់ទេពអប្សររបស់ប្រទេសអាឡឺម៉ង់សហការជាមួយអាជ្ញាធរជាតិអប្សរា (APSARA-GACP)។ បច្ចុប្បន្នគម្រោងនេះកំពុងជួសជុលបន្ទាន់លើស្ថានភាពខូចខាតរបស់ក្បាច់ចម្លាក់លើផ្តែរ ហោជាង ចម្លាក់លើជញ្ជាំងនៅរួតខាងលើកំពូលនៃប៉មជ្រុងពាយ័ព្យរបស់តរោងទងទី២ប្រាសាទអង្គរវត្ត។
-គម្រោងរបស់អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន (APSARA-
SOPHIA) : គម្រោងនេះកំពុងរៀបចំនិងសិក្សាលើផែនការលម្អិតដើម្បីជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្តក្នុងដំណាក់ទី២ ដែលទើបតែបើកពិធីសម្ពោធការដ្ឋានកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ។ដោយឡែក នៅឆ្នាំ២០០៨ គម្រោងមូលនិធិប្រាសាទពិភពលោក (WMF) របស់សហរដ្ឋអាមេរិក បានជួសជុលដំបូលរោងទងកូរសមុទ្រទឹកដោះក្នុងបំណង គឺការពារជម្រាបទឹកដែលហូរស្រក់ពីដំបូលមកលើជញ្ជាំង ដែលនាំឲ្យមានការខូចខាតនិងពុកផុយដល់ផ្ទៃរឿងចម្លាក់លើជញ្ជាំង ហើយបានបញ្ចប់កិច្ចការជួសជុលនេះនៅឆ្នាំ២០១២៕