VIDEO ប្រជាពលរដ្ឋ៤ឃុំ១២ភូមិលើកគ្នាតវ៉ារារំាងមិនឲ្យក្រុមហ៊ុនចិនធ្វើផ្លូវលើដីរបស់ពួកគាត់បើគ្មានដំណោះស្រាយ  

0

កំពង់ធំៈ ពលរដ្ឋប្រមាណ៧០នាក់ តំណាងឲ្យប្រជាពលរដ្ឋ១៩៧គ្រួសារ ១២ភូមិស្មើរនឹង៤ឃុំដែលបានធ្វើស្រែប្រាំង ក្នុង​ស្រុកសន្ទុក ខេត្តកំពង់ធំ មានការព្រួយបារម្ភណ៍ ចំពោះការដឹកជញ្ជូនកសិផល ចរាចរណ៍ឆ្លងកាត់ផ្លូវរបស់ក្រុម ចិនបាវហ្វេង ដែលបានមកវិនិយោគធ្វើស្រែប្រាំង ក្នុងភូមិសាស្រ្តស្រុកសន្ទុក ដោយសារតែផ្លូវលំដែលចិនបានសាងសង់ ផ្លូវប្រវែង​ជាង៣០គីឡូម៉ែត្រ បានបិទ​ជិត​ប្រព័ន្ឋទឹកផ្សេងៗ មិនអាចធ្វើឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់បាន រួមទាំងមឆ្ឆាជាតិ ផងដែរ។

តំណាងប្រជាពលរដ្ឋបាន ឲ្យដឹងថា លោកមានក្តីព្រួយបារម្ភណ៍យ៉ាងខ្លាំង  ចំពោះការអនុវត្តសាងសង់ផ្លូវលំរបស់ក្រុមចិនបាវហ្វេង ហើយសង្ស័យថាមានភាពមិនប្រកតី ទី១ សាលាខេត្តកំពង់ធំអតីតអភិបាលខេត្តកំពង់ធំ បានចេញលិខិតមួយច្បាប់ឲ្យសាងសង់ផ្លូវត្រឹមតែ១២ គីឡូម៉ែត្រ តែក្រុមហ៊ុនបានសាងសង់ឆ្ពោះទៅដល់តំបន់៣ ខណៈនេះក្រុមចិនបាវហ្វេង បានសាងសង់លើសច្បាប់អនុញ្ញាតិ ដល់ទៅជាង៣០គីឡូម៉ែត្រហើយ  ទី២ ដីរបស់ប្រជាពលរដ្ឋមួយចំនួន ដែលមិនបានលក់ ឲ្យក្រុមហ៊ុនបែរជាក្រុមហ៊ុននាំយកបង្គោលទៅបោះលើដីរបស់ពួកគាត់ ដោយពុំបានរកដំណោះស្រាយសមរម្យ បែរជា គំរាមគំហែងថាបើមិនលក់ គឺនឹងដកយកទទេ ដូចបឹងកក់ ទី៣ ផ្លូវឡើងគោយន្តឡើងថ្នល់មានសភាពចោត ធ្វើឲ្យប្រជា ពលរដ្ឋដឹកស្រូវ ដឹកជី និងសម្ភារៈប្រើប្រាស់ពុំអាចឡើងរួច ហើយអាចនិងរអិលថយក្រោយអាចគ្រោះថ្នាក់ដល់ជីវិត ទី៤ ក្រុមចិនបាវហ្វេង បានបិទប្រព័ន្ឋទឹកទាំងស្រុង ដោយពុំមានលូ ឬស្ពាន បណ្តាលឲ្យមឆ្ឆាជាតិ ពុំអាចឆ្លងកាត់បាន រួមទាំងការ ធ្វើដំណើរតាមទូក កាណូរ បានធ្វើឲ្យពួកកាត់ខាតបង់ពេលវេលាក្នុងការធ្វើដំណើររាប់សិបគីឡូម៉ែត្រ ទី៥ សុំឲ្យអោយ ក្រុមហ៊ុនធ្វើការដោះស្រាយនូវបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ បើកាលណាមានផលប៉ះពាល់ដីធ្លីរបស់ពួកគាត់ជាមុនសិន មុននឹងធ្វើការឈូសឆាយ ។

សូមបញ្ជាក់ថា ដោយទុក្ខកង្វល់ប្រជាពលរដ្ឋ បានលើកគ្នាមក មករារាំង និងតវ៉ាបញ្ឈប់ការប្រើប្រាស់គ្រឿងចក្រធំៗ របស់ក្រុមហ៊ុនចិនបាវហ្វេង ដើម្បីបញ្ឈប់សកម្មភាពជីកដីលើកទំនប់ក្នុងបំណងព័ទ្ធយកដីស្រែ ចំនួន១ពាន់៥៦៦ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំជ្រាប់ ឃុំព្នៅ ឃុំតាំងក្រសាំង និងឃុំកកោះ ស្រុកសន្ទុក ខេត្ដកំពង់ធំ ។

លោកណាវ រ៉ា ប្រធានការិយាល័យកសិកម្មស្រុកសន្ទុក បានឆ្លើយបដិសេធថា លោកមិនដឹងទេរឿងជួសជុលផ្លូវ  ពីព្រោះលោកអភិបាលស្រុកមិនបានឲ្យដំណឹង និងផ្ដល់ឯកសារពាក់ព័ន្ធក្នុងការធ្វើផ្លូវនេះ មន្ត្រីភូមិបាលស្រុក រួមជាមួយនាយផ្នែករដ្ឋបាលជលផល សុទ្ធតែបដិសេធន៍យករួចខ្លួន ។

កន្លងមក រាជរដ្ឋាភិបាល បានចេញចំណារ១ច្បាប់ ចុះថ្ងៃ៤ធ្នូ២០១២ ដោយធ្វើការដកហូតដីពីឯកជន និងក្រុមហ៊ុន ដីនៅតំបន់១ តំបន់២ និងតំបន់៣ ប្រគល់ឲ្យអាជ្ញាធរខេត្តរក្សាទុកជាសម្បត្តិរដ្ឋ ហើយមិនត្រូវអនុញ្ញាតឲ្យមានការវិនិយោគអ្វីទាំងអស់ ត្រូវតែបឈ្ឈប់ ។ចំណែក ដីដែលបានឆ្វៀលឲ្យប្រជាពលរដ្ឋ គឺអនុញ្ញាតឲ្យបង្កបង្កើន តកូន តចៅ តែមិនអនុញ្ញាតឲ្យផ្ទេរ ឬលក់ឲ្យអ្នកផ្សេងជាដាច់ខាត ។

          ដោយ  ប៊ុន  រដ្ឋា