ខេត្តព្រះវិហារ ៖ ឈ្មោះ ស គិត ហៅ តាពែនត្រូវបានអ្នកស្រុកស្គាល់ថា ជាម្ចាស់សិប្បកម្មឈើដ៏ធំនៅខេត្ដសៀមរាប និងខេត្ដព្រះវិហារ ហើយក៏ជាអ្នករកស៊ីដឹកជញ្ជូនឈើខុសច្បាប់ជើងខ្លាំងម្នាក់ដែរ ប៉ុន្ដែបែរជាសមត្ថកិច្ចជំនាញពាក់ព័ន្ធមើលមិនឃើញទៅវិញ ។ បទល្មើសដឹកជញ្ជូនឈើនេះ កើតឡើងជារៀងរាល់យប់ថ្ងៃ ដោយឈ្មួញឈើរូបនេះដឹកចេញពីស្រុកគូលេន ខេត្ដព្រះវិហារ ឆ្លងកាត់មេព្រៃស្រុកស្វាយលើឈ្មោះ យ៉ាន់ ស៊ីវ៉ាត់ដើម្បីដឹកដាក់ដេប៉ូផ្សេងៗ និងសិប្បកម្មរបស់គាត់ នៅខេត្ដសៀមរាប។
ប្រភព ព័ត៌មានបានរាយការណ៍ឲ្យដឹងថា ជាក់ស្ដែង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោងជាង៦ព្រឹក ឈ្មួញឈើនិងជាម្ចាស់សិប្បកម្មឈើផង ឈ្មោះ ស គិត ហៅតាពែន រស់នៅភូមិម្លូព្រៃ ឃុំម្លូរព្រៃ ស្រុកឆែប ខេត្ដព្រះវិហារ បានដឹកឈើមួយរថយន្ដម៉ាកតាកូម៉ា ចេញពីស្រុកគូលេន ហើយកែច្នៃធ្វើជាឈើសិប្បកម្ម បំភ័ន្តភ្នែកសមត្ថកិច្ច ដើម្បីងាយស្រួលធ្វើអាជីវកម្មដឹកចូលក្រុងសៀមរាបតែប៉ុណ្ណោះ ។
ប្រភព ព័ត៌មានបានឲ្យដឹងទៀតថា មិនត្រឹមតែមឈ្មួញឈើ ឈ្មោះតាពែន ប៉ុណ្ណោះទេ ថែមទាំង មានក្រុមឈ្មួញឈើប្រណីតជាច្រើននាក់ទៀត ដែលបានដឹកចេញពីខេត្ដព្រះវិហារ ទៅកាន់ខេត្ដសៀមរាប ដើម្បីដាក់តាមដេប៉ូ សិប្បកម្មនានានៅក្រុងសៀមរាប និងនៅក្រុងភ្នំពេញ និងឆ្លងទៅលក់នៅខេត្តកំពង់ចាម ដោយឆ្លងតាត់ជំនាញរដ្ឋបាលព្រៃឈើជាច្រើនកន្លែងនៅតាមស្រុក នីមួយៗ ។
ប្រភពបានបញ្ជាក់ថា ឈ្មួញឈើទាំងនោះមានឈ្មោះ ១.អាស្នា ហៅអាយួន, ២.ឈ្មោះ អាក្អូន, ៣ឈ្មោះ យាលី និង៤ ឈ្មោះ វណ្ណា ដែលពួកគេជាក្រុមឈ្មួញឈើប្រណីត រកស៊ីដឹកឈើរាប់សិបឆ្នាំមកហើយ ។ ដោយឡែកឈ្មួញឈើ ឈ្មោះ វណ្ណា បានយករថយន្ដ ម៉ាកវីហ្គោ អត់មានពន្ធជាច្រើនគ្រឿង កែបាញ់ថ្នាំពណ៌ត្រអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ ដើម្បីបំភ័ន្តភ្នែកមហាជន និងមន្ដ្រីជំនាញ យកដឹកឈើប្រណីតទាំងយប់ថ្ងៃ ដោយមិនមានសមត្ថកិច្ចបង្ក្រាបឡើយ ។
មហាជនបានរិះគន់ ទៅលើលោក ឥត ភូម្រា នាយខណ្ទរដ្ឋបាលព្រៃឈើ ព្រះវិហារ អសមត្ថភាព ក្នុងការទប់ស្កាត់ បទល្មើស ការដឹកជញ្ជូនឈើគ្រញូង និងឈើលេខ២ ព្រមទាំងសិប្បកម្មកែច្នៃខុសច្បាប់ បង្ករអោយមានការដឹកដូចហែកឋិន ដោយមិន ខ្វល់ក្នុងការបង្រ្កាប ទង្វើទាំងនេះ លោក ឆេង គឹមស៊ុន ប្រធានរដ្ឋបាលព្រៃឈើ ហាក់ដូចជាគ្មានការអើពើ ចំពោះមន្រ្តីថ្នាក់ ក្រោម ដែលបានក្បត់តួរនាទី និងឆន្ទះ របស់ខ្លួន ។ដោយ ព្រះវិហារ