ខេត្តរតនគីរី ៖ មន្ត្រីតូចតាចជាច្រើននៅក្នុងមន្ទីរកសិកម្មខេត្តរតនគីរីបានទំលាយឲ្យដឹងថា ក្នុងមួយឆ្នាំៗប្រធានមន្ទីររបស់ខ្លួនបានសល់ប្រាក់ចូលហោប៉ៅរាប់សិបលានរៀលពីការកឹបកេងលើការចំណយថវិការជាតិ ជាពិសេសគឺទឹកប្រាក់ជួយជនរងគ្រោះដោយសារគ្រោះមហន្តរាយតែម្តង។ តាមមន្ត្រីខាងលើបានឲ្យដឹងថាមូលហេតុដែលលោកប្រធានមន្ទីរ សយ សូណា និងបក្ខពួកអាចឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយនិងកឹបកេងថវិការជាតិទៅបានគឺតាមរយៈការបំប៉ោងតួលេខនៃពលរដ្ឋដែលត្រូវទទួលការឧបត្ថម្ភពូជស្រូវ ពូជបន្លែ និងប៉ោតទឹកសំរាប់ស្រោចបន្លែជាដើម។
ក្រៅពីការកឹបកេងថវិការនេះក៍បានបំប៉ោងតួលេខនៃការចំណាយសាហ៊ុយទូទាត់ក្នុងប្រទេស(បេសកម្ម) ដោយពេលខ្លះលោកប្រធានមន្ទីរមកប្រជុំនៅភ្នំពេញតែម្នាក់ឯងគឺលោកប្រធានដាក់នៅក្នុងលិខិតបេសកម្មថាមានមន្ត្រីមកចូលរួមជាមួយ ៣-៤ នាក់ ដើម្បីយកថវិការបេសកម្មរបស់មន្ត្រីដែលមានឈ្មោះបេសកម្មខ្យល់នោះ ជាផលប្រយោជន៍របស់គាត់នឹងបក្ខពួក។ ចំពោះការចំណាយថវិការជាតិរបស់មន្ទីរកសិកម្មខេត្តរតនគីរី
លើការទិញស្បៀងគ្រាប់ពូជ និងសម្ភារៈផ្សេងៗត្រូវទិញដោយមានការដេញថ្លៃពិតមែន ប៉ុន្តែលោកប្រធានមន្ទីរ សយ សូណា នៅតែទទួលបានផលប្រយោជយ៉ាងច្រើនពីគម្រោងរបស់ខ្លួន ដោយលោកប្រធានមន្ទីរតម្រូវឲ្យអ្នកផ្គត់ផ្គង់ទុកចំណែកឲ្យរូបគាត់និងបក្ខពួក។ ដោយអ្នកផ្គត់ផ្គងត្រូវដកចេញនូវសម្ភារៈមួយចំនួនចេញពីការផ្គត់ផ្គង់ និងត្រូវទូទាត់ប្រាក់ជូនលោកប្រធានមន្ទីរ និងបក្ខពួក។ ចំណែកប្រាក់ទូទាត់ត្រង់សម្រាប់ការចាយលើការងារតូចៗនោះគឺលោកប្រធានមន្ទីរនិង បក្ខពួកតែងតែធ្វើរបាយការណ៍បំប៉ោងតួលេខនៃការចំណាយនានា និងធ្វើលិខិតសុំដកថវិការជាតិយកមកចូលហោប៉ៅរបស់ខ្លួនធ្វើប្រងើយ។
ហើយនៅក្រុមអធិការកិច្ច ឬក្រុមសវនកម្មចុះត្រួតពិនិត្យការចំណាយថវិការជាតិម្តងៗ លោកប្រធានមន្ទីរ សយ សូណា និងបក្ខពួកតែងតែអួតដាក់ក្រុមត្រួតពិនិត្យទាំងនោះថា មន្ទីររបស់គាត់ខិតខំសន្សំសំចៃការចំណាយផ្សេងៗ ធ្វើឲ្យសល់ទឹកប្រាក់នៅក្នុងជំពូកមួយចំនួនចាយមិនអស់ ត្រូវបង្វិលចូលថវិការជាតិវិញ។ ប៉ុន្តែការពិតក្នុងការចំណាយខ្លះគឺលោកប្រធានមន្ទីរបញ្ជាឲ្យគណនេយ្យរៀបចំការចំណាយឲ្យសល់ប្រាក់បន្តិចបន្តួចដើម្បីថាគាត់ជាមនុស្សល្អ និងស្មោះត្រង់។
ហើយចំពោះក្រុមអធិការកិច្ច ឬក្រុមសវនកម្មមួយចំនួនគឺពួកគាត់ទៅពិនិត្យលើឯកសារចំណាយ ដោយមិនបានចុះទៅពិនិត្យដល់មូលដ្ឋានជួបជាមួយប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីរាយនាមអ្នកដែលទទួលបានការឧបត្ថម្ភពូជស្រូវ បន្លែ និងសម្ភារៈរួមនឹងការបណ្តុះបណ្តាលជំនាញកសិកម្មពីមន្ទីរកសិកម្មនោះទេ។ ដោយមានភាពខ្វះចន្លោះរបស់ក្រុមអធិការកិច្ច ឬសវនកម្មទាំងនេះ បានធ្វើឲ្យលោកប្រធានមន្ទីរនិងបក្ខពួកជិះសេះលែងដៃហានប្រព្រឹត្តអំពើពុករលួយនិងកឹបកេងថវិការជាតិដោយគ្មានខ្លាចញញើតនឹងច្បាប់។