ខេត្តសៀមរាបៈ សកម្មភាពប្រកបរបរនេសាទល្មើសច្បាប់គ្រប់ប្រភេទនៅខេត្តសៀមរាប ហាក់កើតមានគគ្រឹកគគ្រេងដដែល បើទោះបីជាបច្ចុប្បន្ននេះជារដូវបិទនេសាទក្ដី ហើយសកម្មភាព ល្មើសច្បាប់ទាំងនេះគេនៅមិនទាន់ឃើញមានចំនាត់ការក្ដៅណាមួយឲ្យមានប្រសិទ្ធភាពនោះទេ ទំនង ជាសមត្ថកិច្ចមួយចំនួនត្រូវដងត្រូវផ្លែខ្លះហើយ ។
យោងតាមប្រភពពត៌មានពីតំបន់មាត់បឹងទន្លេសាបនៃខេត្តសៀមរាបបានឲ្យដឹងថា បទល្មើស នេសាទប្រភេទអ៊ុយ ប័រ និងអូសអ៊ួន ជាដើមកំពុងកើតមានយ៉ាងគំហុក នៅភូមិសាស្ដ្រឃុំ កំពុងឃ្លាំង កំពុងភ្លុក ចុងឃ្នៀស មេជ្រៃ ដែលតំបន់ទាំងនោះនៅក្រោមក្រសែភ្នែកគ្រប់គ្រងផ្ទាល់ដោយរដ្ឋបាល ជលផលពីថ្នាក់សង្កាត់ ផ្នែកនិងខ័ណ្ឌព្រមទាំងមានកំលាំងសហការចំរុះជាច្រើនស្ថាប័នទៀត ដើម្បី ចូលរួមទប់ស្កាត់បទល្មើសដែលកើតមាននៅលើផ្ទៃបឹងទន្លេសាប ធ្វើយ៉ាងណាឲ្យផលត្រីចេះតែកើន ឡើងនិងទៅតាមអ្វីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់បទបញ្ជា ។
ប្រភពបន្ដឲ្យដឹងទៀតថា មានក្រុមមន្ដ្រីមួយចំនួនបានយកតួនាទីរបស់ខ្លួនទៅអនុវត្តផ្ទុយពី ច្បាប់ដែលបានកំនត់ ពោលគឺទៅទទួលសំណូកពីក្រុមអ្នកប្រព្រឹត្តបទល្មើសជាថ្នូរនឹងការមិនចុះបង្ក្រាប បើទោះបីជានៅតំបន់ដែនឡូត៍អភិរក្សក្ដី ។ ប្រភពដាច់ដោយឡែកមួយបង្ហាញថា ពួកគាត់រកស៊ីរបរនេសាទរាយម៉ងលក្ខណៈគ្រួសារក៏ត្រូវ បង់លុយឲ្យសមត្ថកិច្ច្ដដែរ បើមិនបង់លុយទេនោះ គេនឹងចាប់ចងជាមិនខាន ។ប្រភពដដែលបានបន្ដ ឲ្យដឹងទៀតថា ចំណែកក្រុមអ្នករុញស៊ីប អូសអ៊ួន និងអូសស្បៃមុង រាប់រយម៉ែត្រមិនឃើញមាន សមត្ថ កិច្ចជំនាញចុះបង្ក្រាបនោះទេ ។
ទាក់ទិនទៅនឹងការលើកឡើងខាងលើនេះដែរលោកឌិន ដន អភិបាលស្រុកសូទ្រនិគមមិន អាចទំនាក់ទំនងសុំការពន្យល់ពីលោកបានទេនៅរសៀលថ្ងៃទី១៨ខែមិថុនានេះ ដោយទូរស័ព្ទរបស់ លោកហៅចូលតែគ្មានអ្នកទទួល ។ ទន្ទឹមគ្នានេះដែរ លោកស៊ូ ប្លាតុង អភិបាលក្រុងសៀមរាបស្ដីទី ក៏មិនអាចទំនាក់ទំនងសុំការពន្យល់បានដូចគ្នា ។
ចំនែកលោកភូ សំអាតអភិបាលស្រុកប្រសាទបាគង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៨ខែមិថុនានេះថា នារដូវបិទនេសាទឆ្នាំនេះ ខាងអជ្ញាធរស្រុកបានចុះទៅប្រជុំ ហើយធ្វើការអប់រំដល់ប្រជាពលរដ្ឋនៅឃុំកំពុងភ្លុក កាលពីពេល កន្លងទៅព្រមទាំងបិទផ្សាយសេចក្ដីប្រកាសរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទឲ្យពលរដ្ឋ បានយល់ផងដែរ ។
លោកអភិបាលស្រុកបន្ដទៀតថា កន្លងមកធ្លាប់ឮដំនឹងថា មានមន្ដ្រីមួយចំនួនបាន ទៅរួមគំនិតខុសច្បាប់ទទួលសំណូកពីអ្នកនេសាទល្មើសច្បាប់ខ្លះដែរ ប៉ុន្ដែបច្ចុប្បន្ននេះលោកបានមាន ប្រសាសន៍ថា មិនលើកលែងឲ្យអ្នកប្រកបរបរខុសច្បាប់ដែលមានទ្រង់ទ្រាយធំៗនារដូវហាមឃាត់នោះ ឡើយ ។លោកព្រិន្ទ សាវិន នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបមិនអាចស្វែងរកសុំការពន្យល់ពី លោកបានទេនៅរសៀលថ្ងៃទី១៨ខែមិថុនានេះដោយទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា ។
ជាមួយនឹងសកម្មភាពល្មើសច្បាប់នៅលើផ្ទៃបឹងទន្លេសាបយ៉ាងគគ្រឹកគគ្រេងនេះដែរត្រូវបានគេសំលឹងឃើញថា អជ្ញាធរខេត្តនៅមិនទាន់បញ្ចេញកណ្ដាប់ដៃក្ដៅណាមួយឲ្យមានប្រសិទ្ធភាពទៅលើ អ្នកប្រព្រឹត្តបទល្មើសនេសាទនោះទេ ហើយក៏ពុំទាន់មានវិធានការទៅលើការទប់ស្កាត់និងបង្ការនៅ ឡើយដែរ ។
ក្ដីសង្ឃឹមរបស់ពលរដ្ឋទូទៅ មិនថាអ្នកប្រកបរបរនេសាទនិងអ្នកនៅក្នុងទីប្រជុំជនពិតជាចង់ ឃើញផលត្រីអាចមានសន្ទុះកើនឡើង ប៉ុន្ដែប្រសិនបើអជ្ញាធរមិនដុតដៃដុតជើងជួយផង តើធ្វើម៉េច ផលត្រីអាចកើនឡើងបាន ជាងនេះទៅទៀត រដូវនេះជារដូវត្រីពងកូន ប្រសិនបើអជ្ញាធរខិតខំខ្នះខ្នែង បន្ថែមទៀតនោះ ឆ្នាំនេះពិតជាពលរដ្ឋសាទរយ៉ាងខ្លាំង ព្រោះកន្លងទៅនៅលើទីផ្សារមានលក់ភាគ ច្រើនតែត្រីចិញ្ចឹមតែប៉ុណ្ណោះ ៕