ខេត្តព្រះស៊ីហនុ៖ ចំណែកដីគោលនយោបាយដោះដូរមកពីតំបន់ក្បាលឆាយដែលបានផ្តល់ជូនដោយរដ្ឋបាលខេត្តព្រះសីហនុ កំពុងព្រួយបារម្ភខ្លាចបាត់បង់ដីខ្លួនគ្រាដែល លោកស្រី ឡឹក លក្ខិណា និងលោក គិត ប៊ុន ដែលគេស្គាល់ថា អ្នកមានទ្រព្យនៅខេត្តព្រះសីហនុ បានមកវាស់វែងបំពានយកគ្រាដែលទីផ្សារដីនៅក្រុងព្រះសីហនុ ឡើងថ្លៃខ្ពស់ ដោយសំអាងថាមានបណ្ណ័ស្លាបមាន់ តែបណ្ណ័នេះត្រូវបានរាជរដ្ឋាភិបាលសម្រេចនិរាករណ៍ោលតាំងពីឆ្នាំ១៩៩៧ មកម្លេះដើម្បីដាក់ទីនេះទៅជាតំបន់ការពារទឹកសាបក្បាលឆាយ។
ក្រុមប្រជាពលរដ្ឋថា៖ ធ្វើជាមនុស្សកុំចង់រស់តែឯង មនុស្សដូចគ្នា ពលរដ្ឋខ្មែរដូចតែគ្នា ពលរដ្ឋក្រក្រីគ្នាមានដីដែលទទួលបានពីរដ្ឋត្រឹមតែ៥ម៉ែត្រគុណនឹង២០ម៉ែត្រ គ្រាន់សាងសង់លំនៅដ្ឋានរស់នៅប៉ុណ្ណឹងសោះ ម្ដេចឆ្លៀតឱកាសមកបំពានយកពីពួកគាត់ទៀត!
ចំណែកដីគោលនយោបាយ ទំហំ ៥ម៉ែត្រ គុណនឹង ២០ម៉ែត្រ របស់ប្រជាជនមកពីតំបន់ក្បាលឆាយជាច្រើនគ្រួសារ ដែលរដ្ឋបាលខេត្តព្រះសីហនុបានបែងចែកជូនប្រជាពលរដ្ឋក្រក្រី ស្ថិតនៅសង្កាត់១ ក្រុងព្រះសីហនុ(តំបន់អូរអារ៉េវ) ពេលនេះត្រូវបានអ្នកមានទ្រព្យាមហាសាលនៅខេត្តព្រះសីហនុ លោកស្រី ឡឹក លក្ខិណា បានព្យាយាមប៉ុនប៉ង ជាលើកទីពីរ ហ៊ុមព័ទ្ធរបងថ្ម យកដីរបស់ប្រជាពលរដ្ឋក្រីក្រទាំងនោះ នៅព្រឹកថ្ងៃទី១១ ធ្នូ ២០១៨ ។ នេះបើយោងតាមទិដ្ឋភាពជាក់ស្ដែង និង សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ជាមួយអង្គការសង្គមស៊ីវិល ។
លោកស្រី ឡឹក លក្ខិណា ដែលគេស្គាល់ថាជាប្រពន្ធលោក គិត ប៊ុន ប្រធានសាខាក្រុមហ៊ុនស្រាបៀរ ថៃហ្គ័រ ប្រចាំខេត្តព្រះសីហនុ ។ លើកទីមួយ កាលពីព្រឹកថ្ងៃទី១៧ សីហា ២០១៨ ក្រុមគ្រួសារលោកស្រី បានមកអះអាងថា ទីតាំងដីខាងលើជាដីរបស់ខ្លួនដែលកាន់កាប់តាំងពីឆ្នាំ១៩៩៤ រួចគាត់បានឱ្យកូនចៅយកបង្គោលរបងថ្ម មកបោះព័ទ្ធលើដីប្រជាពលរដ្ឋ និងលើកទីពីរនៅព្រឹកថ្ងៃទី១១ ធ្នូ ២០១៨ ។ ហើយដីដែលលោកស្រីអះអាងថាជាដីរបស់ខ្លួន និងព្យាយាមធ្វើរបងថ្មហ៊ុមព័ទ្ធនោះ ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យនិរាករណ៍ចោលអស់តាំងពីឆ្នាំ១៩៩៧ ។
អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន មានប្រសាសន៍តាមប្រព័ន្ធ តេឡេក្រាម កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ២០១៨ ថា រដ្ឋបាលខេត្តព្រះសីហនុបានបែងចែកដីជូនបងប្អូនប្រជាពលរដ្ឋរួចរាល់អស់ហើយ តែរដ្ឋបាលខេត្តមិនអាចតាមការពារជូនបងប្អូនបានទេ សូមទៅធ្វើផ្ទះនៅការពារខ្លួនឯង ។ ក៏ប៉ុន្តែបើមានជម្លោះ ឬជនណាមកបំពាបំពាន រដ្ឋបាលខេត្តនឹងជួយតាមច្បាប់។
មន្រ្តីសាលាខេត្តព្រះសីហនុម្នាក់មានប្រសាសន៍ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការសម្រចចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការបែងចែកដីនេះជូនពលរដ្ឋធ្វើឡើងស្របទៅតាមសេចក្ដីសម្រេចចិត្តរបស់រាជរដ្ឋាភិបាល មានលិខិតបទដ្ឋាន និង ស្មារតីនេះអនុក្រឹត្យលេខ១១៦ ។ ដូច្នេះបើបុគ្គលរំលោភបំពានខាងលើ មិនទទួលស្គាល់ការសម្រេចចិត្តរបស់រដ្ឋបាលខេត្តនេះទេ វាស្មើនឹងមិនគោរពរាជរដ្ឋាភិបាល អីចឹងដែរ។
លោក សុខ សុខុម ប្រធានអង្គការ ស៊ីអិនរ៉ូ (CNRO) ប្រចាំខែត្រព្រះសីហនុ បានលើកឡើងថា ដីនៅសង្កាត់លេខ១តំបន់ក្បាលឆាយ ការពារដោយអនុក្រឹត្យលេខ៧០ និង ៧៦ ។ បន្ទាប់ពីរាជរដ្ឋាភិបាលឃើញមានប្រជាពលរដ្ឋអត់មានលំនៅឋានច្រើន ក៏សម្រេចចិត្តកាត់ឆ្វៀលជូនប្រជាពលតាមអនុក្រឹត្យ១១៦ ។ លោកបន្តថា បើទោះបីជនណាមានឯកសារកាន់កាប់ លិខិតបញ្ជាក់ផ្សេងៗ ឬប័ណ្ណកាន់កាប់ អ្វីក៏ដោយ ដីនេះត្រូវបានរាជរដ្ឋាភិបាលបាននិរាករណ៍រួចរាល់អស់ហើយ ។ ដូច្នេះគ្មានជនណាមានសិទ្ធិយកលិខិត ឯកសារ ប័ណ្ណកម្មសិទ្ធិមកគ្រប់គ្រងលើដីនេះបានទៀតឡើយ ។ បុគ្គលបំពាននឹងអនុក្រឹត្យលេខ១១៦ បំពាននឹងការសម្រេចរបស់រាជរដ្ឋាភិបាល បុគ្គលនោះ ត្រូវតែដកខ្លួនចេញ បើពុំដូច្នោះទេបុគ្គលនេះ នឹងប្រឈមចំពោះមុខច្បាប់ ។
លោកស្រី ឡឹក លក្ខិណា បុគ្គលដែលយកឯកសារកាន់កាប់ដីតាំងពីឆ្នាំ១៩៩៣ មកអះអាងថាជាដីរបស់ខ្លួននោះ លើកឡើង នៅរសៀលថ្ងៃទី១១ ធ្នូ ២០១៨ តាមទូរស័ព្ទថា លោកស្រីហ៊ានទៅបោះបង្គោល ដាក់ពាក្យស្នើសុំធ្វើរបងព័ទ្ធនេះ ព្រោះលោកស្រីបានទិញដីនោះតាំងពីឆ្នាំ១៩៩៣ និងបង់ពន្ធអស់រាប់លានរៀល ។ លោកស្រីលើកជាសំណួរថា តើរដ្ឋបាលខេត្តព្រះសីហនុ យកដីរបស់គាត់ទៅចែកជូនប្រជាពលរដ្ឋក្រក្រី សំអាងទៅលើអ្វី ? លោកស្រីបន្តថា «រដ្ឋបាលខេត្តត្រូវតែធ្វើសេចក្ដីជូនដំណឹងដល់រូបខ្ញុំជាម្ចាស់ដី ហើយគាត់យកដីខ្ញុំទៅចែកជូនប្រជាពលរដ្ឋប៉ុន្មានគ្រួសារ នៅម៉ោងណា ថ្ងៃណា ខែណា ឆ្នាំណា ខ្ញុំត្រូវការឯកសារទាំងនេះ» ។ «និងម្យ៉ាងទៀត នាងខ្ញុំគ្រាន់តែចង់ឱ្យប្រជាពលរដ្ឋដែលទទួលបានចំណែកដីរបស់ខ្ញុំពីរដ្ឋបាលខេត្តនោះ យកឯកសារមកបង្ហាញខ្ញុំ ដើម្បីខ្ញុំយកទៅជួបរដ្ឋបាលខេត្តនិយាយគ្នា» ។
ទោះជាបែបនេះក្តី មជ្ឈដ្ឋានប្រជាជន និងមន្ត្រីសង្គមស៊ីវិលជាច្រើន នឹកហួសចិត្ត ចំពោះលោកស្រី ឡឹក លក្ខិណា និងលោក គិត ប៊ុន ដែលយកបណ្ណ័ដីស្លាប់មាន់លើតំបន់ការពារទឹកសាបក្បាលឆាយដែលរាជរដ្ឋាភិបាលបានមោឃភាពចំនួន២១ឆ្នាំកន្លងទៅហើយមកទាមទាកាន់កាប់ដីនេះឡើងវិញនាពេលនេះ។
តែយ៉ាងណា មហាជនលោករងចាំងមើលជើងខ្លាំងដែលយកឯកសារកាន់កាប់ លិខិតបញ្ជាក់ផ្សេងៗ ឬប័ណ្ណកាន់កាប់ដី ដែលរាជរដ្ឋាភិបាលបាននិរាករណ៍រួចរាអស់ហើយត្រឹមត្រូវតាមច្បាប់ទាំងឡាយនោះ ហើយយកមកគ្រប់គ្រងដីឡើងវិញ បង្កភាពអនាធិបតេយ្យនេះមានលទ្ធផលបែបណា?