ស្ទឹងត្រែង៖លោក កុល សំអុល អភិបាលខេត្តស្ទឹងត្រែងបានប្រមានដល់ក្រុមហ៊ុន វិនិយោគសប្បទានដីសេដ្ឋកិច្ច ដែលមិនបានគោរពតាមកិច្ចសន្យា គម្រោងផែនការក្នុងការអភិវឌ្ឍន៍ ដាំដំណាំកសិឧស្សាហ៍កម្ម អាជ្ញាធរខេត្តនិងរៀបចំរបាយការណ៍ ជាក់លាក់ ដើម្បីដាក់ជូនទៅក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលដើម្បីមានវិធានការ។
ក្នុងកិច្ចប្រជុំរវាងអាជ្ញាធរខេត្តស្ទឹងត្រែងជាមួយ ក្រុមហ៊ុនវិនិយោគសប្បទានដីសេដ្ឋកិច្ចចំនួន១២ ក្រុមហ៊ុននៅខេត្តស្ទឹងត្រែងលោក កុលសំអុល អភិបាលខេត្តមានប្រសាសន៍ថាៈ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន២បានពន្លឿនផែនការរបស់ខ្លួនបានល្អគឺទីមួយក្រុមហ៊ុនសលសុភាពាណិជ្ជ និងទី២ក្រុមហ៊ុន សុភក្តិនីកា។ដោយឡែកក្រុមហ៊ុនចំនួន៤ទៀត មានសកម្មភាពឈូសឆាយ ដាំដុះបង្គួរ រួមមានក្រុមហ៊ុន ភូម៉ាឌី ក្រុមហ៊ុន ហ្គ្រេនលែន ក្រុមហ៊ុន ស៊ីវហ្គេក និងក្រុមហ៊ុន ធីធីវើល៍ ។
លោក អភិបាលខេត្តមានប្រសាសន៍បន្ថែមថាៈ ចំពោះក្រុមហ៊ុនចំនួន៦ទៀត ធ្វើសកម្មភាព ដូចគ្មានឆន្ទះនិងធ្វើ មិនគោរពតាមកិច្ចសន្យា ខ្វះការសហការជាមួយអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ករណីនេះ ខេត្តនិងរៀបចំរបាយការណ៍ ជាក់លាក់ ដើម្បីដាក់ជូនទៅក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលដើម្បីមានវិធានការ។ ជាមួយនេះលោក អភិបាលខេត្ត បានជំរុញឲ្យក្រុមហ៊ុនសប្បទានដីសេដ្ឋកិច្ច ទាំងអស់ត្រូវគោរព តាមកិច្ចសន្យា និងអនុវត្តផែនការរបស់ខ្លួនទៅតាមទិសដៅ ព្រមទាំងបង់ប្រាក់កក់១០ដូល្លាក្នុង១ហិកតា នៃទំហំដីដែលបានផ្តល់ជូនតាមសេចក្តីជូនដំណឹង លេខ ៦៦០ សជណ ចុះថ្ងៃទី ២២ មិថុនាឆ្នាំ ២០១៤ របស់រាជរដ្ឋាភិបាលដើម្បីបង្កើនថវិការជាតិ ។
លោក ទូច ធា ប្រធានមន្ទីរកសិកម្មខេត្តមានប្រសាសន៍ថា ៖ ក្រុមហ៊ុនចំនួន៦ដែលយឺតយ៉ាវក្នុងការអនុវត្តការងាររបស់ខ្លួននោះរួមមានក្រុមហ៊ុន ហ្គ្រេនស៊ី ក្រុមហ៊ុនផលិតម្សៅដំឡូងមី ក្រុមហ៊ុន ខេមបូឌា ក្រុមហ៊ុនអ៊ុនអ៊ិនធើរ ក្រុមហ៊ុន សុខហេង និងជាពិសេសគឺក្រុមហ៊ុន បូណារីតា មិនអនុវត្តតាមកិច្ចសន្យា និងបង្កភាពលំបាកធ្វើឲ្យគ្រប់មន្ទីរជំនាញពាក់ព័ន្ធ ពិបាកក្នុងការសហការបំពេញការងារស្នូល ។
លោក ឈុម កុសល អគ្គនាយក្រុមហ៊ុន សលសុភាពាណិជ្ជ បានទទួលស្គាល់ថាៈ បច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួននេះ នូវមានភាពយឺតយ៉ាវក្នុងការពេញការងារពិតមែនដែលធ្វើឲ្យ ជះឥទ្ធិពលមិនល្អមកដល់ក្រុមហ៊ុនផ្សេងៗទៀត ដែលបានកំពុងនិងខិតខំប្រឹងប្រែងអនុវត្ត តាមផែនការប្លងមេរបស់ខ្លួននោះ ។ លោកអគ្គនាយក្រុមហ៊ុន សលសុភាពាណិជ្ជសន្យាថាៈ និងខិតខំអនុវត្តតាមគោលការណ៍របស់ អាជ្ញាធរខេត្ត និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ ។
សូមបញ្ជាក់ថាក្រុមហ៊ុន សលសុភាពាណិជ្ជ គិតត្រឹមឆ្នាំ ២០១៣ ឈូសឆាយបាន៤២២០ហិកតា លើផែនការ ៧៥០០ហិកតា និងដាំដុះបាន៤១៧០ហិកតា លើផែនការ៧៥០០ហិកតា ។ចំណែកក្រុមហ៊ុន សុភក្តិនីកា គិតត្រឹមឆ្នាំ ២០១៣ នេះដែរឈូសឆាយបាន៥០៨៥ហិកតា លើផែនការ ៧៥០០ហិកតា និងដាំដុះបាន ៤៤៩៧ហិកតា លើផែនការ ៧៦០០ហិកតា។ បច្ចុប្បន្ន ក្រុមហ៊ុនពីរនេះ មានដំណើរការល្អ និងកំពុងផលិតជៀជ័រកៅស៊ូផងនិងកំពុង ត្រូវការកម្មករជាច្រើនរយនាក់ទៀត មកបំរើការនៅក្នុងក្រុមហ៊ុននេះ ដោយមិនបាច់ឲ្យធ្វើចំណាក់ ស្រុកទៅធ្វើការនៅប្រទេសក្រៅ។ដោយឡែកក្រុមហ៊ុនដែលមិនបានគោរពតាមកិច្ចសន្យានោះ ប្រឈមទៅនិងរបាយការណ៍រ ដាក់ជូនទៅក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលដើម្បីមានវិធានការតានីតិវិធី៕