លោករដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនអ៊ីតស៊ូណូរី អូណូដឺរ៉ា (Itsunori Onodera) បានប្រកាសឲ្យដឹង ថា ការដែលជប៉ុនត្រៀមខ្លួនធ្វើការសើរើឡើងវិញនូវច្បាប់ រដ្ឋធម្មនុញ្ញសន្តិភាពនិយមនឹងអនុញ្ញាតឲ្យទាហានជប៉ុនអាចចូលរួមជួយ ការពារនាវាចម្បាំងអាមេរិកដែលទទួលរង
ការវាយប្រហារ។ លោកប្រមុខការពារជាតិជប៉ុនបានថ្លែងយ៉ាងដូចនេះប្រាប់លោក រដ្ឋមន្ត្រីការពារជាតិអាមេរិកឆាក់ ហាហ្គែល (Chuck Hagel) ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ក្នុងតំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដែលលោក រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនអ៊ីតស៊ូណូរី អូណូដឺរ៉ា (Itsunori Onodera) បានឆ្លៀតរម្លឹកជាថ្មីពីសេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្ររបស់ រដ្ឋាភិបាលក្រុងតូក្យូក្នុងការពិនិត្យមើលឡើងវិញនូវច្បាប់ រដ្ឋធម្មនុញ្ញរបស់ប្រទេស។
គឺជាច្បាប់រដ្ឋធម្មនុញ្ញសន្តិភាពនិយមដែលជប៉ុនបានអនុវត្តតាំងពី ឆ្នាំ ១៩៤៧ ពោលតាំងពីក្រោយសម័យសង្គ្រាមលោកលើកទី២មកម្ល៉េះ។ សម្រាប់លោកប្រមុខការពារជាតិជប៉ុន នៅពេលដែលជប៉ុនបានធ្វើការកែប្រែច្បាប់រដ្ឋធមុ្មនុញ្ញរបស់ខ្លួនរួច ហើយ នោះកងទ័ពជប៉ុននឹងអាចចូលរួមនៅក្នុងប្រតិបត្តិការយោធាក្រៅប្រទេស ជាមួយនឹងសម្ព័ន្ធមិត្ត ឬមួយក៏អាចទៅជួយប្រទេសសម្ព័ន្ធមិត្តដែលទទួលរងការវាយប្រហារ។
ថ្លែងនៅឯមជ្ឈមណ្ឌលផ្នែកយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិក្នុងទីក្រុងវ៉ាស៊ីនតោន លោកប្រមុខការពារជាតិជប៉ុនអូណូដឺរ៉ាបានលើកឧទាហរណ៍មកពន្យល់ថា ប្រសិនបើមាននាវាចម្បាំងអាមេរិកាំងដែលកំពុងជួយការពារដែនដីជប៉ុន សព្វថ្ងៃបានទទួលរងការវាយប្រហារណាមួយនោះ រដ្ឋធម្មនុញ្ញជប៉ុនបច្ចុប្បន្នមិនបានអនុញ្ញាតឲ្យកងទ័ពជប៉ុនចូលរួម ជួយការពារនាវាចម្បាំងអាមេរិកនោះទេ។ ដូច្នេះសម្រាប់លោកអូណូដឺរ៉ា ការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សូ អាបេក្នុងការសើរើច្បាប់រដ្ឋធម្មនុញ្ញឡើងវិញដែលប្រកាសឲ្យដឹងកាល ពីថ្ងៃទី១ កក្កដា គឺជាការបើកផ្លូវថ្មីមួយនៅក្នុងទំនាក់ទំនងយោធារវាងជប៉ុន និងសហរដ្ឋអាមេរិក។
ជាការឆ្លើយតបវិញ លោកប្រមុខការពារជាតិអាមេរិកឆាក់ ហាហ្គែល (Chuck Hagel) បានបញ្ជាក់ថា ការសម្រេចចិត្តរបស់ជប៉ុន គឺការសម្រេចចិត្តជាប្រវត្តិសាស្ត្រ និងពោរពេញដោយក្តីក្លាហាន និងថា វានឹងអនុញ្ញាតឲ្យជប៉ុនអាចបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការ ចូលរួមជួយការពារសន្តិសុខ និងសុវត្ថិភាពនៅក្នុងតំបន់ និងនៅលើពិភពលោក ព្រមទាំងអនុញ្ញាតឲ្យជប៉ុនអាចពង្រីកតួនាទីរបស់ខ្លួននៅលើឆាក អន្តរជាតិទៀតផង។
តែសម្រាប់ប្រទេសចិនវិញ ទីក្រុងប៉េកាំងបានសម្លឹងមើលដោយកន្ទុយភ្នែកចំពោះការសម្រេចចិត្ត របស់ជប៉ុនពេលនេះ។ រីឯប្រជាជនជប៉ុនមួយភាគធំក៏មិនសូវជាត្រេតត្រអាលប៉ុន្មានទេ ដោយពួកគេចង់បន្តរក្សាទុករដ្ឋធម្មនុញ្ញសន្តិភាពនិយមដដែល។ គួររម្លឹកជូនថា ទន្ទឹមនឹងការប្រកាសធ្វើកំណែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញ លោកប្រមុខរដ្ឋាភិបាលជប៉ុនអាបេក៏បានប្រកាសដំឡើងថវិកាយោធាជា លើកទី១ ក្នុងគោលដៅពង្រឹងបន្ថែមប្រព័ន្ធការពារមីស៊ីលប្រឆាំងមីស៊ីល និងបំពាក់ឲ្យស្ថាប័នកងទ័ពនូវសម្ភារៈបរិក្ខារទំនើបៗ ពិសេសទ័ពជើងទឹកដើម្បីការពារទីប្រជុំកោះមួយចំនួនដែលជប៉ុនកំពុងមាន ជម្លោះជាមួយប្រទេសចិន៕