ស្ទឹងត្រែង៖ប្រជាពលរដ្ឋជាងចំនួន៨០គ្រួសារ នៅភូមិឃុំស្រែគរស្រុកសេសានខេត្តស្ទឹងត្រែងសំណូម ពរឲ្យដំណោះស្រាយរកដីកសិកម្មឲ្យបានល្អបន្ទាប់ពីទទួលបានសៀវភៅគោលនយោបាយដោះស្រាយផលប៉ះពាល់របស់គំរោងវារីអគ្គីសនីសេសានក្រោមពី។ ការសំណូមពរនេះ ពួកគាត់ធ្វើឡើងក្រោយពីនាំគ្នាពិនិត្យមើលសំណងដែលពួកគាត់ត្រូវជម្លៀសចេញនិងបានអ្វីខ្លះសំរាប់ជីវភាពរស់នៅហើយផែនទីកន្លែងដី ធ្វើកសិ កម្មបង្ហាញពីទីតាំងមិនអំណោយផលនោះ។
ក្នុងពិធីចុះផ្សព្វផ្សាយចែកសៀវភៅគោលនយោបាយដោះស្រាយផលប៉ះពាល់របស់គំរោងវារីអគ្គីសនីសេសានក្រោមពី នៅភូមិ ឃុំ ស្រែគរនៅព្រឹកថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៤ លោក ពុធ ខឿន តំណាងប្រជាពល រដ្ឋ បានលើកឡើងថា ពួកគាត់មិនជំទាស់នឹងការអភិវឌ្ឍន៍ និងគម្រោងអភិវឌ្ឍន៍ទំនប់វ៉ារីអគ្គីសនីទេ តែសុំឲ្យ ថ្នាក់ដឹកនាំដែលចុះមកដោះស្រាយផលប៉ះពាល់ជួយពិនិត្យ ឲ្យបានត្រឹមត្រូវបានតាមពាក្យសេចក្តីសរសេរ ក្នុងសៀវភៅគោលនយោបាយ ។
លោកពុធ ខឿនលើកឡើងថា ប្រជាពលរដ្ឋភាគច្រើនចង់បានដីសំរាប់ធ្វើកសិកម្មដែលទទួលបានផល ដោះស្រាយយ៉ាងណាកុំឲ្យដីគ្រោះដីថ្មដល់ពួកគាត់ ព្រោះថាប្រជាពលរដ្ឋរស់នៅភូមិស្រែគរប្រកបបរ រស់នៅបានត្រឹមតែធ្វើស្រែធ្វើចំការ ហើយដីដាំហ្នឹងមិនតែគ្រួសទេថ្មធំៗទៀត តាមខ្ញុំសិក្សាមើល ក្រុមហ៊ុនគិតម៉េចឡូវ បើដីប្រជាពលរដ្ឋធ្វើស្រែមិនកើត ខ្ញុំចង់បានអាដីធ្វើស្រែមែនទែន ដែលខ្លះទៅបាន តំណាងក្រុមហ៊ុនចុះមក វាយតម្លៃថាទឹកដីណាដែលមានជីជាតិ ដែលត្រូវប្រកបមុខរបរបាន ប្រជាពលរដ្ឋចិញ្ចឹមជីវិតបានអានឹងល្អ តំបន់ទៅរស់នៅហ្នឹងវាអាចធ្វើស្រែកៀកៗគ្នាបាន ។
លោកអ៊ីវ វ៉ាន់កៅ តំណាងក្រុមហ៊ុន សាងសង់វ៉ារីអគ្គីសនីបានលើកឡើងថាចំពោះបញ្ហានេះ ក្រុមគណៈកម្មការចុះដោះស្រាយផលប៉ះពាល់ ធ្វើការត្រួតពិនិត្យទៅតាមស្ថានភាពជាក់ស្តែង បើរកឃើញថាដីដែលមានគ្រោះថ្មនោះ ក្រុមហ៊ុននិងពិភាក្សាជាមួយគណៈកម្មាធិការថ្នាក់ខេត្តដោះស្រាយជូនទៅតាមសំណូមពរ បញ្ហាហ្នឹងក្រុមហ៊ុនបានសិក្សា បានកំណត់មួយជំហ៊ានហើយ គឺថាកុំឱ្យអ្នកណាបាន៥ហិចតានៅជិតផ្ទះទាំងអស់គ្នា គឺមិនអាចដោះស្រាយបានទេ បញ្ហាវានៅត្រង់ហ្នឹង យើងអាចបែងចែកថាដីនៅម្តុំនឹងវាអាចធ្វើស្រែបានម្នាក់ជាងមួយហិចតា រួចទៅយើងរកកន្លែងផ្សេង ដីដាំដំណាំយើងចែកគ្នាម្នាក់ពីរហិចតា យើងដាំស្វាយចន្ទី ពោត សណ្តែកអី តាមតម្រូវការស្មើភាពគ្នា ឆ្ងាយៗទាំងអស់គ្នាជិតៗស្មើគ្នា នេះជាការពិចរនារបស់ខ្ញុំ។
លោកឈាងឡាក់អភិបាលរងខេត្តស្ទឹងត្រែងនិងជាប្រធានក្រុមទី១ចុះដោះស្រាយផលប៉ះពាលនេះមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលក៏ដូចជាក្រុមហ៊ុន និងអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់មិន បោះបង់ចោលបងប្អូនប្រជាពលរដ្ឋទេ ហើយការឲ្យជម្លៀសចេញទៅនៅទីលំនៅថ្មីនេះ ក្រុមហ៊ុនរៀបចំមូលដ្ឋានរស់នៅ ក្នុងរយៈពេល២ឆ្នាំ ធ្វើផ្ទះសំបែងរៀបចំកសាងហេដ្ឋានរចនាសម្ពន្ធ័រួចរាល់ ទើបឲ្យបងប្អូនប្រជាពលរដ្ឋទៅរស់នៅ ។ លោកអភិបាលរងសន្យាថា៖ រាល់សំណូមពរដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើង ដូចជា ការលើកសព្វដូនតា ការរៀបចំទីអារ៉ាម និងសុំបន្ថែមលើសំណងផ្សេងៗទៀត ទៅតាមលក្ខណៈជាក់ស្តែង នោះ លោកនឹងពាំនាំយកសំណូមពរនេះ ជូនទៅឯកឧត្តមអភិបាលខេត្ត និងគណៈកម្មាធិការដើម្បីរៀបចំគោលនយោបាយដោះស្រាយបន្ថែម ហើយទទួលបានលទ្ធយ៉ាងណានោះ និងជំរាបជូនបងប្អូនប្រជាពលរដ្ឋនៅពេលក្រោយ ។