កីឡាករ Mario Balotelli បានបញ្ជាក់សាជាថ្មីថា គាត់រីករាយនឹងលេងឲ្យ AC Milan ស្របពេលដែលមានមជ្ឈដ្ឋានខាងក្រៅជាច្រើនកំពុងរងចាំមើលពីការសម្រេចពីអនាគតរបស់ខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលីរូបនេះ ។ ការលើកឡើងបែបនេះគឺស្របពេលដែលក្លិប Chelsea និង Arsenal កំពុងតាមទាក់ទងចង់បានកីឡាករវ័យ ២៣ ឆ្នាំរូបនេះស្របពេលក្លិប AC Milan កំពុងស្ថិតក្នុងស្ថានភាពត្រដាបត្រដួសក្នុងក្របខណ្ឌ Serie A នៅរដូវកាលនេះ ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អតីតខ្សែប្រយុទ្ធរបស់ក្លិបមេឃខៀវ Manchester City រូបនេះបានបញ្ជាក់ថា គាត់សប្បាយចិត្តនឹងលេងក្រោមការដឹកនាំរបស់គ្រូបង្វឹក Clarence Seedorf ។ Balotelli បញ្ជាក់ប្រាប់គេហទំព័រ Marca ថា “Seedorf គឺជាមនុស្សដ៏អស្ចារ្យម្នាក់ហើយខ្ញុំរីករាយនឹងការលេងក្រោមការឲ្យដំបូន្មានរបស់គាត់” ។ គួរបញ្ជាក់ថា Balotelli ស៊ុតបញ្ចូលទីបានចំនួន ១៤ គ្រាប់ហើយនៅរដូវកាលនេះ ៕