កំពង់ឆ្នាំង៖ខាងលើនេះជាប្រសាសន៍លើកឡើងររបស់ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងឱកាសសន្និបាតបូកសរុបការងារទេសចរណ៍ខេត្តឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ឆ្នាំ ២០ ១៤ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ដែលមានការចូលរួម ពីលោក អ៊ុន សំអុល អភិបាលរងខេត្ត ព្រម ទាំងប្រធានអនុប្រធានមន្ទីរ អង្គភាព រជុំវិញខេត្តនិងមានសមាជឹក សមាជិកាប្រមាណជាង១០០នាក់ចូលរួម នៅសណ្ឋាគារសុខាញូយ៉ក ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ 

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ដែលទើបប្រកាសដំណែងថ្មីបានអោយដឹងថា៖ខេត្តកំពង់ឆ្នាំងជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍ វប្បធម៌ តំបន់ធម្មជាតិ តំបន់ប្រវត្តិសាស្ត្រ និងប្រាង្គប្រាសាទជាច្រើន ដែលមានភាពទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងខ្លាំង ដូចជាប្រាសាទកំពង់ព្រះ,ប្រាសាទស្លុតី,ប្រាសាទស្រី,ប្រាសាទប្រុស,វត្តត្រឡែងកែង,វត្តពោធិ៍រុក្ខារាម,តំបន់ព្រៃកោះជំរកសត្វស្លាបទឹក និងជីវចំរុះ,ទឹកធ្លាក់អន្លង់ស្វាយ,ទឹកធ្លាក់ស្រែអំពិល,ភ្នំតារាជ,ភ្នំនាងកង្រី។ល។ 
សក្តានុពលទាំងអស់នេះ បង្កលក្ខណៈជារមនីយដ្ឋានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រធម្មជាតិ និងអេកូទេសចរណ៍ ដែលបំរើអោយវិស័យទេសចរណ៍បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកកំសាន្ត សិក្សាស្រាវជ្រាវ និងលំហែរកាយ ដែលក្នុងនោះក៍មានកំណើនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិកើនឡើងពី១ឆ្នាំទៅ១ឆ្នាំផងដែរ។ 
ដោយឡែកលោក អ៊ុន សំអុល អភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ថ្វីត្បិតតែខេត្តកំពង់ឆ្នាំងជាខេត្តដែលមានសក្តានុពលខាងវិស័យទេសចរណ៍ក៍ពិតមែន តែសូមអោយមន្ត្រី រាជការនៃមន្ទីរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់សហការគ្នាក្នុងទិសស្លោក«ទីក្រុងស្អាត រមនីយដ្ឋានស្អាត សេវាល្អ»គឺមិនត្រូវអោយមានសំរាមហោះពាសពេញក្រុងពិសេសនៅតាមមាត់ទន្លេផ្សារក្រោមនោះទេ ព្រោះសំរាមគឺវាកើតចេញពីយើងទាំងអស់គ្នា ហើយមន្ត្រីរាជការ សមត្ថកិច្ច អាជ្ញាធរ គឺជាអ្នកធ្វើគំរូដ៍ល្អសំរាប់ប្រជាពលរដ្ឋ។
ការអភិវឌ្ឍន៍កន្លែងទស្សនាកំសាន្តរបស់ខេត្តកំពង់ឆ្នាំងយើងកន្លងមក និងទៅអនាគតគឺផ្តោតតំបន់ធំៗទាំង២ សមស្របតាមគោលនយោបាយ«ទេសចរណ៍កម្ពុជាគឺទេសចរណ៍វប្បធម៌ និងធម្មជាតិ» ដើម្បីរួមចំណែកស្រូបទាញភ្ញៀវទេសចរណ៍អោយកាន់តែកើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ទន្ទឹមនឹងចង់ការចង់បានអោយភ្ញៀវចូលច្រើន គឺភ្ញៀវត្រូវការសេវាកម្មទេសចរណ៍ដ៍សំបូរបែប និងមានគុណភាព សុវត្ថិភាព ដូចជាកន្លែងទស្សនាកំសាន្តប្លែកៗ ស្រស់ស្អាត សេវាកម្មដឹកជញ្ជូន សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ សេវាទស្សនាកំសាន្តកំដរអារម្មណ៍ វត្ថុអនុស្សាវរីយ៍ និងមគ្គុទេសដ៏ចំណាន។ 
ក្នុងកាសនោះដែរឯកឧត្តម ប៉ាក់ សុខុម បានមានប្រសាសន៍ផ្តាំផ្ញើរថា៖យើងមានមោទនភាពណាស់ ដោយកម្ពុជាបច្ចុប្បន្ន មានសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់កាន់តែល្អ និងហេដ្ឋារចនាសំព័ន្ធមានការរីកចំរើនគ្រប់ទីកន្លែង បាននាំអោយវិស័យទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា កំពុងបោះជំហ៊ានទៅមុខយ៉ាងរឹងមាំ សក្តិសមជា«មាសបៃតង»នៃខឿនសេដ្ឋកិច្ចជាតិ។ធ្វើអោយកំណើនភ្ញៀវទេសចរណ៍អន្តរជាតិមានការកើន ឡើង នាំមកនូវកំណើនសេដ្ឋកិច្ចជាតិយ៉ាងច្រើនគួរអោយកត់សម្គាល់ ហើយជាពិសេសចំណូលពីវិស័យ ទេសចរណ៍បានជ្រាបចូលទៅក្នុងសេដ្ឋកិច្ចសង្គមភ្លាមៗ ធ្វើអោយជីវភាពប្រជាពលរដ្ឋបានកើនឡើង កាត់បន្ថយបានភាពក្រីក្រជាបន្តបន្ទាប់។
ក្នុងពេលនេះប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចលនា«ភ្ញៀវមួយនាក់ដាំដើមឈើមួយដើម ឬដាំដើមឈើផ្តើមចេញពីអ្នក» សំរាប់ភ្ញៀវទេសចរណ៍ដែលបានចូលមកលេងខេត្តយើង ឬអ្នករៀបការថ្មីថ្មោង ដាំទុកជាអនុស្សាវរីយ៍ ធ្វើបាននូវចលនានេះនឹងរួមចំណែកអោយក្រុងទីរបស់យើង កាន់តែស្រស់ស្អាតនឹងក្លាយជាទីក្រុង«មាសបៃតង» ទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តពីគ្រប់ទីកន្លែង៕




































