ខេត្តព្រះវិហារ៖ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការបង្ក្រាប ទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ខេត្តព្រះវិហារ លោក ស៊ូ សិរី បានដឹកនាំកិច្ចប្រជុំរួមមួយ កាលពីថ្ងៃទី២៨មេសាឆ្នាំ២០២០ នៅសាលាខេត្តព្រះវិហារ។កិច្ចប្រជុំនោះ មានការចូលរួមមកពីគ្រប់មន្ត្រី និងមន្ទីរជំនាញពាក់ព័ន្ធ ដែនដី ព្រៃឈើ បរិស្ថាន កសិកម្ម អាជ្ញាធរក្រុង ស្រុក អគ្គនាយកក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមេត្រីភាព រួមទាំងអង្គភាពកងកម្លាំងប្រដាប់អាវុធ ដែលជាមន្ត្រីនគរបាលយុត្តិធម៌ នៅក្នុងខេត្តព្រះវិហារ ជាច្រើនរូបផងដែរ។
កិច្ចប្រជុំនោះទៀត បានផ្តោតសំខាន់ទៅលើកិច្ចពិភាក្សារួមគ្នា រវាងអាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលជាក្រុមការងារដោះស្រាយវិវាទដីធ្លីខេត្ត ដើម្បីរិះរកគ្រប់មធ្យោបាយ លើដំណោះស្រាយ និងការចាត់វិធានការ រារាំងទៅលើប្រជាពលរដ្ឋមួយក្រុម ដែលអាជ្ញាធរដឹងថា គឺជាពលរដ្ឋចំណាកស្រុក មកពី២១រាជធានី-ខេត្តក្នុងប្រទេស ហើយក្រុមដែលធ្វើសកម្ម ភាព កាប់រុករានទន្ទ្រានយកដីព្រៃរដ្ឋ ផ្ទៃដីដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនឯកជន គឺមាន១៧ខេត្ត មានជាង៥០០គ្រួសារ។ រីឯ សកម្មភាពកាប់ទន្ទ្រានដីព្រៃរដ្ឋជាកម្មសិទ្ធនោះ ហាក់បីដូចជាមានអង្គការចាត់តាំងច្បាស់លាស់ ទើបក្រុមប្រជាពលរដ្ឋទាំងនោះ ហ៊ានប្រព្រឹត្តទង្វើល្មើសច្បាប់រដ្ឋបែបនេះ។នៅក្នុងកិច្ចពិភាក្សារួមគ្នានោះទៀត មន្ត្រី និងមន្ទីរជំនាញនីមួយៗ សុទ្ធតែបានអះអាង តែរៀងៗខ្លួនថា មន្ត្រី និងថ្នាក់ដឹកនាំមន្ទីរជំនាញ មិនដែលព្រងើយកន្តើយម្តងណាឡើយ ហើយតែងបានរួមគ្នា ចុះទប់ស្កាត់រាល់គ្រប់សកម្មភាពប្រព្រឹត្តល្មើស ទាំងការកាប់រុករានទន្ទ្រានដីព្រៃរដ្ឋជាកម្មសិទ្ធ និងការកាប់បំផ្លាញធនធានធម្មជាតិ ដឹកយកទៅធ្វើជំនួញ។ រីឯកម្លាំងសមត្ថកិច្ច បានចុះអនុវត្តច្បាប់ ចាប់ជនសង្ស័យបញ្ជូនទៅតុលាការជាបន្តបន្ទាប់ រួចមកហើយដែរ។
អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការបង្ក្រាប ទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ខេត្តព្រះវិហារ លោក ស៊ូ សិរី លោកបានកោតសរសើរដល់ក្រុមមន្ត្រី មកពីគ្រប់មន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រីនគរបាលយុត្តិធម៌ក្នុងខេត្ត ពិសេស ក្រុមការងារគណៈកម្មការដីធ្លីខេត្ត ដែលបានរួមគ្នាអនុវត្តការងារ តាមផែនការក្រសួង និងថ្នាក់ខេត្ត ដែលបានដាក់ចុះអោយអនុវត្ត បានយ៉ាងល្អប្រសើរ នាពេលកន្លងមក។ ប៉ុន្តែ ទន្ទឹមនឹងនោះ លោកក៏បានជម្រុញ ដល់ក្រុមការងារដីធ្លីខេត្ត បន្តចុះផ្សព្វផ្សាយ ពាក់ព័ន្ធដីសម្បទានសង្គមកិច្ច ដីសម្បទានសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាល បានកាត់ចេញមកធ្វើជាដីសម្បទានសង្គមកិច្ច សម្រាប់ទុកចែកជូនប្រជាពលរដ្ឋ អោយបានយល់ ដើម្បីទប់ស្កាត់ នូវការកាប់ទន្ទ្រាន ដោយខុសច្បាប់ ជាបន្តទៀត។ លោកបានជម្រុញបន្ថែម ដល់មន្ត្រីឧទ្យានុរក្ស នាយកដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងមន្ទីរបរិស្ថានខេត្ត បន្តចុះពិនិត្យ តាមដានរាល់បទល្មើសផ្សេងៗ នៅក្នុងតំបន់នោះ ដើម្បីការពារដីព្រៃរដ្ឋ និងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព អោយបានគង់វង្ស និងយូរអង្វែងតទៅទៀត។ ចំពោះកម្លាំងសមត្ថកិច្ច ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវសហការណ៍ជាមួយមន្ត្រី នៃស្ថាប័នអយ្យការខេត្ត ដើម្បីស្វែងរកចាប់មេក្លោងដែលនៅពីក្រោយខ្នង ក្នុងការកាប់រុកទន្ទ្រានដីព្រៃរដ្ឋជាកម្មសិទ្ធ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ។ រីឯ ក្រុមការងារ ត្រូវចុះផ្សព្វផ្សាយ និងសិក្សាគម្រោង ដែលបានឯកភាពនៅក្នុងពេលនេះ ចាប់ពីថ្ងៃទី១ឧសភាខាងមុខនេះតទៅ ដែលដឹកនាំដោយអាជ្ញាធរស្រុក ហើយស្រុកត្រូវរាយការណ៍មកខេត្ត ដើម្បីខេត្តរាយការណ៍ទៅក្រសួងសម្រេច។ លោក ស៊ូ សិរី បានប្រាប់ក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ធ្វើការត្រូវប្រកាន់យកគោលការណ៍ ដែលស្ថិតក្នុងភាពស្មោះត្រង់ ដើម្បីទទួលបានភាពជោគជ័យ លើការចុះអនុវត្តភារកិច្ច នៅចំពោះមុខ ជូនថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល៕