កំពង់ធំ៖ ថ្លែងក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការ« ការទិញលក់ផលិតផលស្វាយចន្ទី» រវាងក្រុមកសិករដាំដុះស្វាយចន្ទីជាមួយសិប្បកម្មកែច្នៃគ្រាប់ពូជស្វាយចន្ទី “ជ័យសំបូរ” ក្នុងខេត្ត កំពង់ធំ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០, លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម លើកឡើងថា ទិសដៅនៃការកែច្នៃផលិតក្នុងស្រុកឲ្យបានប្រមាណ១២% នៃផលិតផលនាំចេញ សរុបនៅឆ្នាំ២០២៥ ដែលមានក្រសួងកសិកម្មជាសេនាធិការ បានរៀបចំ និងដើរតាមជំហ៊ាន ដោយផ្តោតសំខាន់លើគុណភាព និងតម្លៃទីផ្សារក្នុងស្រុកជូនកសិករដែលជាអ្នកផលិត ដើម្បីឲ្យ ផលិតផលដែលផលិតរួចនាំចេញទៅកាន់ទៅផ្សារជាតិ និងអន្តរជាតិ មានការប្រកួតប្រជែងក្នុង ទីផ្សារ។ លោកបន្តថា ការចុះកិច្ចសន្យាផលិតកម្មកសិកម្ម គឺជាការធ្វើពាណិជ្ជកម្មស្មោះត្រង់មួយ ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្មបានដាក់ចេញ ក្នុងគោលបំណងបង្កើនទាំងបរិមាណ និងគុណភាពលើផលិតផលរបស់កសិករ។ ចំពោះការចុះ កិច្ចសន្យារវាងក្រុមកសិករដាំដុះស្វាយចន្ទីជាមួយសិប្បកម្មកែច្នៃគ្រាប់ពូជស្វាយចន្ទី “ជ័យសំបូរ” គឺបានជជែកវែកញែករួចជាស្រេចមុននឹងឈានមកដល់ការចុះហត្ថលេខានេះ ដែលអាចផ្តល់នូវផល ចំណេញទាំងប្រជាពលរដ្ឋនិងក្រុមហ៊ុន។
ជាមួយគ្នានេះដែរ លោកស្រី អ៊ិន ឡៃហួត តំណាងសិប្បកម្មកែច្នៃគ្រាប់ពូជស្វាយចន្ទី “ជ័យសំបូរ” លើកឡើងថា សិប្បកម្មរបស់លោកស្រីបង្កើតឡើងដោយមានការជួយជ្រោមជ្រែងពី ពីក្រុមហ៊ុនជប៉ុន។ ក្នុងនោះដែរការចុះសន្យារវាងសិប្បកម្មបានធ្វើលោកស្រី និងកសិករដទៃទៀត មានភាពកក់ក្តៅ ពង្រឹងការទទួលខុសត្រូវ និងភាពជឿទុកចិត្តរវាងភាគ្គីអ្នកផលិត និងភាពគ្គីអ្នកទិញ ដែលអាចនិយាយបានថា ឈរលើគោលការណ៍ស្មើរភាព ធានាឲ្យមានភាពច្បាស់លាស់អំពីតម្លៃ តាមបរិមាណ និងគុណភាព។ លោកស្រីបន្តថា ការចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពីការ«ការទិញលក់ផលិតផលស្វាយចន្ទី» រវាងក្រុមកសិករដាំដុះស្វាយចន្ទីជាមួយសិប្បកម្មកែច្នៃគ្រាប់ពូជស្វាយចន្ទី “ជ័យសំបូរ” មានចំនួន ៧រូប ដែលមានផ្ទៃដីដាំដុះស្វាយចន្ទីរចំនួន២០០ ហិចតា ជាប្រភេទM២៣។