ខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ សាលាបឋមសិក្សាសម្តេច ជា ស៊ីម ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ចែករង្វាន់ដល់សិស្សពូកែ និងសិស្សក្រីក្រដំណាច់ឆ្នាំសិក្សា២០១៣ ២០១៤ ក្រោមអធិបតីភាពលោក ហេង សំអាន អភិបាលរងខេត្ត លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ និងលោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ។ 
លោក ហេង សំអាន អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ និងអណាព្យាបាលដែលបានខិតខំបង្រៀន និងអប់រំកូនចៅឲ្យព្យាយាមរៀនសូត្រ និងសាមគ្គីភាពគ្នាបានល្អ ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់វិស័យអប់រំ ជាវិស័យអាទិភាព ក្នុងវិស័យអាទិភាពផ្សេងទៀត ព្រោះវិស័យអប់រំគីជាវិស័យបណ្តុះបណ្តាលធនធានមនុស្សមានសមត្ថភាព សុខភាព ចំណេះដឹង និងសីលធម៌រស់នៅប្រកបដោយភាពថ្លៃថ្នូរ សម្រាប់ការអភិវឌ្ឍន៌ប្រទេសជាតិ ។ 
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ក្នុងការអភិវឌ្ឍវិស័យអប់រំ និងអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីធ្វើកំណែទម្រង់វិស័យអប់រំ ដោយឈរលើមូលដ្ឋាននៃយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រវិសយ័អប់រំ ២០១៤-២០១៨ ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក ពង្រឹងការប្រឡងគ្រប់ប្រភេទ ការបង្កើនធនាគារខួរក្បាលវិស័យអប់រំ ការបង្កើនគុណភាព និងប្រសិទ្ធិភាពនៃសេវាអប់រំនៅគ្រប់កម្រិតសិក្សា ការអភិវឌ្ឍសម្រាប់យុវជននូវជំនាញបច្ចេកទេស និងកែទម្រង់ការអប់រំកាយ និងកីឡា ដោយផ្តោតលើគោលនយោបាយគន្លឹះសំខាន់ៗរួមមាន១-ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ ២-លើកកម្ពស់គុណភាព និងភាពឆ្លើយតប ៣-ធានាភាពសក្ត័សិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ។
ឯកឧត្តមក៌បានផ្តាំផ្ញើដល់សិស្សានុសិស្ស ខិតខំព្យាយាមរៀនសូត្រឲ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ នាពេលបច្ចុប្បន្ន និងទៅអនាគត ព្រោះក្មួយៗជាធនធានមនុស្សប្រកបដោយសក្តានុពល ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ក្លាយជាប្រទេសអភិវឌ្ឍនាពេលអនាគត ។ លោកស្រី ឆេង ផាត នាយិការសាលាបឋមសិក្សាសម្តេច ជាស៊ីម បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៣-២០១៤ សាលាមាន ៤អាគារ ស្មើនឹង ២៣បន្ទប់ ទីចាត់ការ ០១បន្ទប់ បណ្ណាល័យ០១បន្ទប់ បន្ទប់សិល្បះ០១ និង២០បន្ទប់ជាថ្នាក់រៀន ក្នុងនោះថ្នាក់មត្តេយមាន០២ថ្នាក់ សិស្ស៥០នាក់ ស្រី៣០នាក់ ផ្នែកបឋមសិក្សាមាន ៦កំរិតថ្នាក់ ។ 
ថ្នាក់ទី១ មាន៧ថ្នាក់ សិស្សសរុប ២៣៨នាក់ ស្រី១១៥នាក់ ថ្នាក់ទី២ មាន ៧ថ្នាក់ សិស្ស ២០៨នាក់ ស្រី ១០៨នាក់ ថ្នាក់ទី៣ មាន ៦ថ្នាក់ សិស្ស ១៩៥នាក់ ស្រី ៩៥នាក់ ថ្នាក់ទី៤ មាន ៦ថ្នាក់ សិស្ស ១៦២នាក់ ស្រី ៧៨នាក់ ថ្នាក់ទី៥ មាន ៥ថ្នាក់ សិស្ស ១៥៣នាក់ ស្រី ៦៨នាក់ ថ្នាក់ទី៦ មាន ៦ថ្នាក់ សិស្ស ១៧៤នាក់ ស្រី ៨៥នាក់ ។ ក្នុងឆ្នាំសិក្សា២០១៣-២០១៤ សាលាមានសិស្សសរុបចំនួន ១.១៣០នាក់ ស្រី ៥៤៩នាក់ លោកគ្រូ អ្នកគ្រូចំនួនសរុប ៤៤នាក់ ស្រី ២៦នាក់ ។ ឆ្នាំសិក្សា២០១៣-២០១៤ លទ្ធផលសិស្សជាប់មធ្យមភាគ ៩៧.៦៣% សិស្សធ្លាក់មធ្យមភាគ ១.៣៥% សិស្សបោះបង់ការសិក្សា១.០២% សិស្សឆ្លងភូមិសិក្សា ១០០% សិស្សបញ្ចប់ការសិក្សា ១០០% ។
រង្វាន់ដែលបានចែកជូនសិស្សពូកែនាពេលនេះ គឺជាអំណោយរបស់លោក លូ គឹម ឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានគណះកម្មការទ្រទ្រង់សាលាបឋមសិក្សាសម្តេចជា ស៊ីម ផ្តល់រង្វាន់ដល់សិស្សមានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ចំនួន ១៣០នាក់ ក្នុងម្នាក់ទទួលបានសំភារះសិក្សា០១កញ្ចប់ និងលិខិតសរសើរមួយសន្លឹក ។ ដោយឡែកសិស្សក្រីក្រ ២៥នាក់ ទទួលបាននូវខោអាវសិស្សមួយសម្រាប់ សម្ភារះសិក្ខា ០១កញ្ចប់ និងថវិការ ៥.០០០រៀល ៕




































