ប្រជាពលរដ្ឋ ១៣គ្រួសារ នៅស្រុកដងទង់ ខេត្តកំពត សុំឲ្យអាជ្ញាធរពន្លឿនការដោះស្រាយរឿងដីធ្លីជាមួយលោក ប្រាក់ ប៊ុយ អតីតអភិបាលរងស្រុកនេះ

កំពត ៖ ​វិវាទដីធ្លីដ៏រ៉ាំរ៉ៃ អូសបន្លាយជាយូរឆ្នាំ ក្លាយជាជំងឺឈឺពើតពេញទ្រូងប្រជាជន រាប់សិបនាក់ ដែលកំពុងរស់នៅក្នុងភូមិត្រពាំងឈូក ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត។

ប្រជាពលរដ្ឋ បានថ្លែងទាំងទឹកភ្នែក​ និ​ងអួលដើមក អង្វរសម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យជួយគាត់ជាក្រុមជនរងគ្រោះ ព្រោះតែអតីតអភិបាលរង​ស្រុកដងទង់ កំពុ​​ងបន្តធ្វើទុកបុកម្នេញ​។​

​​តំណាងពលរដ្ឋខ្លះវ័យ​​ជិត ១០០ឆ្នាំ និងខ្លះ​ទៀតវ័យជាងកន្លះរ​យ បាននិយាយទាំងទឹក​ភ្នែក​ហូរកាត់ផែនថ្ពា​ល់ដ៏ជ្រៀ​វជ្រួញ​ថា ​កា​លពីអំឡុងឆ្នាំ១៩៩៣ គ្រាដែលកម្ពុជាមិនទាន់បញ្ចប់សង្គ្រាមស៊ីវិលផងនោះ ពួកគាត់មានគ្នា ១៣គ្រួសា​រ នាំគ្នាចូលតាំងទីលំនៅក្នុងព្រៃ (ទីតាំងជម្លោះ) ដើម្បី​កា​ប់ឆ្កាទន្ទ្រាន​រា​ន​​យកដីសង់ខ្ទ​ម​ ​និងធ្វើស្រែចំការចិញ្ចឹមជីវិត ព្រមទាំងបង្កើតជាផ្លូវរទេះតូចមួយគ្រាន់ធ្វើដំណើរចេញចូលក្នុងភូមិ។

រហូតដ​ល់ឆ្នាំ១៩៩៤ ប្រជាពលរដ្ឋទាំង ១៣គ្រួសារ បានកាប់រាន​ដីបាន ២២៤,១២​៥ម៉ែត្រការ៉េដើ​ម្បីរ​ស់នៅប​ង្កបង្កើនផល និងត្រូវអាជ្ញាធ​របង្កើតជាភូមិឈ្មោះ «ភូមិត្រពាំងឈូក»។

ពលរដ្ឋបន្តថា ក្នុងឆ្នាំ១៩៩៥ អាជ្ញាធរ និង​មន្ត្រីសុរិយោដីស្រុកដងទង់ បានចុះវាស់វែង និងចេញបង្កាន់ដៃ ឲ្យពួកគាត់កាន់កាប់ដីជូនពួកគាត់តាមទំហំដែលពួកគាត់កាប់គាស់បាន។

លុះដល់អំឡុងឆ្នាំ២០០១ និងឆ្នាំ២០០២ ក៏លេចមុខលោក ប្រាក់ ប៊ុយ អតីតអភិបាលរងស្រុកដងទង់ អះអាងថា ដីទំហំ ២២៤,១២៥ម៉ែត្រការ៉េ ដែលប្រជាពលរដ្ឋ ១៣គ្រួសារកាន់កាប់អាស្រ័យផលនោះ ជារបស់លោក។

នៅឆ្នាំ២០០២ លោក ខឹម ហម អតីតអភិបាលស្រុកដងទង់ ធ្លាប់ចេញសេចក្ដីសម្រេចប្រគល់ដីនោះឲ្យប្រជាជនធ្វើជាម្ចាស់។ ប៉ុន្តែរហូតមកដល់ពេលនេះ លោក ប្រាក់ ប៊ុយ អតីតអភិបាលស្រុកដងទង់ នៅតែបន្តប្ដឹងប្រជាពលរដ្ឋទាំង ១៣គ្រួសារទៅតុលាការ និងត្រូវតុលាការសម្រេចឲ្យប្រជាពលរដ្ឋចាញ់ក្ដី និងតម្រូវឲ្យប្រជាពលរដ្ឋចាកចេញពីដីរបស់ពួកគាត់ ដើម្បីយកដីនោះប្រគល់ជូនលោក ប្រាក់ ប៊ុយ។

សូមជម្រាបជូនថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីអំឡុងដើមឆ្នាំ២០១៨ ធ្លាប់បានចេញលិខិតមួយណែនាំឲ្យអភិបាលខេត្តកំពត ដោះស្រាយ និងចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋទាំង ១៣គ្រួសារ ដើម្បីកាន់កាប់ឲ្យស្របច្បាប់ផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅតែបន្តដេកចាំទាំងយប់ទាំងថ្ងៃ ដោយមិនឃើញអាជ្ញាធរខេត្តណាចុះទៅដោះស្រាយជូនពួកគាត់ឡើយ។

យោងតាមការបញ្ជាក់ ពីលោកមេភូមិត្រពាំងឈូក និងជំទប់ឃុំមានរិទ្ធ បានអះអាងដូចៗគ្នាថា ប្រជាពលរដ្ឋទាំង១៣គ្រួសារ ពិតជាបានកាប់គាស់ដីនោះ ដើម្បីរស់នៅអាស្រ័យផលតាំងពីឆ្នាំ១៩៩៣នោះមែន គឺចាប់តាំងពីតំបន់នោះនៅមានខ្មែរក្រហមនៅឡើយឯណោះ។

នៅពេលប្រជាជនចូលទៅរស់នៅក្នុងព្រៃនោះ គឺគ្មានដែលលឺឈ្មោះ ប្រាក់ ប៊ុយ ថាជាម្ចាស់ដីនោះទេ លុះដល់រាជរដ្ឋាភិបាល អភិវឌ្ឍធ្វើផ្លូវ និងដាក់ភ្លើងជូនប្រជាជនប្រើ ដីក៏ចាប់ផ្ដើមមានតម្លៃ ទើបអាជ្ញាធរមូលដ្ឋាន និងប្រជាជន ឃើញមុខលោក ប្រាក់ ប៊ុយ ទៅទាមទារដីទាំងអស់នោះពីប្រជាជន ថាដីនោះជាដីរបស់លោកទៅវិញ។

ក្រុមមន្ត្រីថ្នាក់មូលដ្ឋានភូមិ និងឃុំ បានសំណូមពរដល់ថ្នាក់លើ ជាពិសេសសម្ដេចប្រមុខរាជរដ្ឋភិបាល មេត្តាជួយប្រជាពលរដ្ឋរបស់ពួកគាត់ផង ព្រោះពួកគាត់មិនចង់ឃើញទឹកភ្នែកប្រជាជនរបស់ពួកគាត់ហូររហាមព្រោះតែ អ្នកមានអំណាចធ្វើបាបនោះទេ៕