ខេត្តបាត់ដំបង ៖ ថ្មីៗនេះគេសង្គេតឃើញថា មានការលបប្រើគ្រឿងចក្រ ដើម្បីកាយរុករកឈើគ្រញូងនិងឈើផ្សេងៗទៀត ដែលលុបបាត់នៅក្នុងដី តាមបណ្តោយដងស្ទឹងដែលអតីតៈជាកន្លែងរករ៉ែត្បូង យ៉ាងក្តៅគគុកក្នុងអំឡុង ទស្សវត្សទី ៨០ បន្ទប់ពីបុគ្គលរូបនេះ បានប្រើប្រាស់វិធីបូមយករ៉ែពីបាតស្ទឹង ដើម្បីរែងរកត្បូងរួចមក ។
« បរឡាង »គឺជឈ្មោះតំបន់មួយ ក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង ហើយក៏ជាតំបន់មួយល្បីជាយូរយារណាស់មកហើយ អំពីរ៉ែធម្មជាតិ គឺត្បូងដ៏មានតម្លៃ ហើយក៏មានការលុកលុយចូលទៅរកពីសំណាក់ពលរដ្ឋដែលមកពីទីជិតទីឆ្ងាយផងដែរ ដោយកាលនោះក៏មានការលុកលុយពី និងប្រើប្រាស់គ្រឿងចក្រដើម្បីរែងយកត្បូងធម្មជាតិ ពីតំបន់នេះផងដែរ ។
យោងតាមប្រភពច្បាស់ការណ៍មួយបានអោយដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានបុគ្គលម្នាក់ឈ្មោះភារម្យ រស់នៅក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង បានចុះទៅបង្កើតជាទីតាំងមួយ ដោយបានអះអាងថា គេមានអាជ្ញាប័ណ្ណបូមខ្សាច់ ដែលមន្ទីរ និង ក្រសួងចេញអោយ ។ ឯទីតាំងដែលក្រុមគេឈរជើង គឹនៅត្រង់
ចំណុច អូរតាតឹង ខាងក្រោយវត្ត « ច័ន្ទមុនីសីហៈ » ក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្របាត់ដំបង គឺគេបានសាងសង់ជាផែ ដែលមានក្បាលសម្រាប់បូមយកខ្សាច់ នៅលើផ្ទៃទឹកនៃស្ទឹងបរឡាង នេះតែម្តង ។
ប្រភពដដែលបានបន្តថា មួយរយៈក្រោយមក បន្ទាប់ពីគេបានបូមយកខ្សាច់ និងដីរ៉ែនៅតាមបាតស្ទឹងបរឡាង
ដើម្បីដឹកទៅលក់អោយឈ្មួញនៅក្នុងខេត្តប៉ៃលិន អស់ចិត្តហើយ គេក៏ចាប់ផ្តើបបែកគំនិតប្រើប្រាស់គ្រឿងចក្រ ( អេស្ការ ) ចូលលុកលុយនៅក្នុងតំបន់ខាងលើ ដោយនៅក្នុងព្រៃម្ខាងស្ទឹង ដែលតំបន់នេះ
គឺស្ថិតក្រោមការគ្រប់គ្រងរបស់កម្លាំង MJP គឺគេបានកាយជារណ្តៅជ្រៅៗដើម្បីរុករកឈើល្អៗ ដូចជាឈើគ្រញូងជាដើម ដែលបានកប់ក្នុងដី នាទស្សវត្ស ទី ៨០ ។
ស្របពេលដែលបុគ្គលរូបនេះកំពុងធ្វើសកម្មភាព គឺគេមិនបានឃើញកម្លាំងជំនាញ ឬអង្គភាពពាក់ព័ន្ធណាមួយចុះត្រួតពិនិត្យ ឬហាមឃាត់ឡើយ ដែលហាក់បីដូចជាមានការត្រូវដង ត្រូវផ្លែ គ្រប់ស្ថាប័ន នៅក្នុងតំបន់នេះ
យ៉ាងដូច្នេះដែរ ដែលគេទុកអោយការរុករកឈើគ្រញូងនេះ កាន់តែមានទ្រង់ទ្រាយធំឡើងៗ ពេញក្នុងព្រៃ
តាមបណ្តោយដងស្ទឹងបរឡាង ។
ជុំវិញបញ្ហាខាងលើ ក៏មានប្រភពសំខាន់មួយបានទម្លាយមកថា ឈ្មោះ ភារម្យ នេះធ្លាប់និយាយប្រាប់គេថា
រកបានហើយគ្រញូង ប៉ុន្តែ នៅរកទីផ្សារលក់ចេញមិនទាន់បាន ដូច្នេះ សបញ្ជាក់អោយឃើញថា គេពិតជា
រុករកឈើគ្រញូងយ៉ាងពិតប្រាកដ ។ ដោយឡែកឈើផ្សេងៗទៀត ដូចជាគគីជាដើម គេគរទុកចោលនៅក្នុងព្រៃនោះតែម្តង ព្រោះវាមិនសូវមានតម្លៃដូចគ្រញូង ។
ជុំវិញបញ្ហានេះដែរ នៅរសៀលថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២០ នេះ លោក ប៊ូ សុីណា ប្រធានអង្គការ
បរិស្ថាន MJP ដែលឈរជើងនៅក្នុងភូមិសាស្ត្រស្រុកសំឡូត បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី ថា លោកធ្លាប់ឃើញ លិខិតមួយ ដែលមានការឯកភាពពីលោកអភិបាលរងខេត្ត សឿម ប៊ុនរិទ្ធ ជាមួយនឹងមន្ទីរបរិស្ថាន ជួលអោយ
គេកាយយកឈើគគីទាំងនេះ ទៅទុកកែច្នៃធ្វើជាសម្ភារៈផ្សេងៗ នៅក្នុងសាលាខេត្ត ពិសេសគឺទុកធ្វើទូក ង
ដូច្នេះប្រហែលជាមិនយូរទេ ឈើដែលនៅសល់នោះគេនិងដឹកចូលទៅខេត្តហើយ តែត្រង់ថា កាយយក
គ្រញូង និងរុករករ៉ែត្បូង គឺលោកមិនបានដឹងទេ ។ បច្ចុប្បន្នផ្ទៃដីក្នុងព្រៃដែលមានសភាពដើមរាបស្មើ បាន
ប្រែក្លាយទៅជារណ្តៅធំៗ ហើយជ្រៅៗ នៅពាសពេញព្រៃក្បែស្ទឹង បរឡាង តែម្តង ៕ សោ និយមរ័ត្ន